Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

UNDP ស្នើឲ្យក្រសួងសាធារណការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទ្រទ្រង់រថយន្ត ដើរដោយថាមពលអគ្គិសនី

លោកស្រី Alissar Chaker នាយិកា កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)ប្រចាំនៅកម្ពុជា បានស្នើយោបល់ឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សហការឱ្យបានជិតស្និទ្ធ ជាមួយដៃគូអភិវឌ្ឍន៍ ក៏ដូចជា វិស័យឯកជន ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទ្រទ្រង់រថយន្ត ដើរដោយថាមពលអគ្គិសនី។

ថ្ងៃពុធ ទី០២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការ ក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)ប្រចាំនៅកម្ពុជា ដឹកនាំដោយលោកស្រីនាយិកា Alissar Chaker ដោយមានការចូលរួមពីថ្នាក់ ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។

ជាកិច្ចចាប់ផ្តើមនៃជំនួប ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការទៅលើបណ្តា គម្រោងនានាដែលបានអនុវត្តកន្លងមក ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងគោលនយោបាយដឹកជញ្ជូន ប្រកបដោយចីរភាពសំដៅកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹង ទំនាក់ទំនង និងកិច្ចសហការល្អបន្ថែមទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរអំពីការរៀបចំសេចក្តីព្រាងគោលនយោបាយដឹកជញ្ជូន ផ្លូវគោកដែលមានការគិតគូអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រាប់គាំទ្រដល់ការប្រើប្រាស់រថយន្តដើរ ដោយថាមពលអគ្គិសនី ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស គម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)ដើម្បីដំឡើងស្ថានីយសាកថ្មរថយន្តដើរដោយថាមពលអគ្គិសនី (EVs) គម្រោង សហការជាមួយអគ្គនាយកដ្ឋានគយនិងពន្ធដារ ដើម្បីរៀបចំជាផែនការសម្រាប់ការនាំចូលរថយន្តចាស់ៗ ដែលមានអាយុ១០ឆ្នាំ និងគម្រោងជួបពិភាក្សាជាមួយនឹងស្ថានីយ៍ប្រេងឥន្ធនៈទាក់ទងនឹងការដំឡើងស្ថានីយ៍សាកថ្មរថយន្ត EVs ដែលក្នុងនោះរួមមាន៖ ស្ថានីយសាំងតូតាល់ កាល់តិច សូគីមិច និងតេលាជាដើម។

ជាមួយគ្នានោះផងដែរ គណៈប្រតិភូ បានលើកឡើងអំពីនិន្នាការពិភពលោកឆ្ពោះទៅរកការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបម្រែបម្រួល អាកាសធាតុ គម្រោងកំពុងអនុវត្តទាក់ទង នឹងការដឹកជញ្ជូនប្រកបដោយចីរភាពដែលជាផ្នែកមួយនៃ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងការធានាបាននូវការរស់នៅប្រកបដោយបរិស្ថានល្អ និង បានស្នើយោបល់ឱ្យក្រសួង សហការឱ្យបានជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ក៏ដូចជាវិស័យឯកជន ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់រថយន្តដើរដោយថាមពលអគ្គិសនី និងជំរុញឱ្យមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធលើបញ្ហានេះផងដែរ។

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួង សាធារណការ និងដឹកជញ្ជូន រៀបចំផែនទីបង្ហាញផ្លូវគ្រប់ជ្រុងជ្រោយ ទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គាំទ្រការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី និងពិភាក្សាជាមួយសេវាដឹកជញ្ជូនម្ហូបអាហារដូចជា៖ Food Panda និង NHAM24 ដើម្បីពិនិត្យលទ្ធភាពលើការប្រើប្រាស់ម៉ូតូដើរដោយ ថាមពលអគ្គិសនី ជំនួសម៉ូតូដែលប្រើសាំងក្នុងការបម្រើសេវារបស់ខ្លួន សំដៅឆ្លើយតបទៅនឹងគម្រោង ផែនការ និងគោលនយោបាយដឹកជញ្ជូនផ្លូវគោកប្រកបដោយចីរភាព៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×