Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យ ក្រុមនិស្សិត ប្រឹងប្រែងសិក្សាឱ្យបានចប់ ដើម្បីរួមចំណែកដល់តម្រូវការ នៃការអភិវឌ្ឍន៍កម្ពុជា នាពេលអនាគត

spot_img

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឲ្យ ក្រុមនិស្សិត ជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី ប្រឹងប្រែងសិក្សាឱ្យបានចប់ចុងចប់ដើម តាមកម្មវិធីសិក្សា ព្រោះថាអាហារូបករណ៍នេះ ជាឱកាសឱ្យក្រុមនិស្សិត បានពង្រឹងចំណេះដឹង និងបទពិសោធន៍ ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងបែបនេះ នៅរសៀលថ្ងៃពុធ ទី២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងឱកាសអនុញ្ញាតឱ្យក្រុមនិស្សិត ជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។

តំណាងក្រុមនិស្សិតបានរាយការណ៍ជូន សម្ដេចក្រឡាហោមថាអារូបករណ៍ទទួលបាននេះ ជាអាហារូបករណ៍ដ៏មានសក្ដានុពលមួយ ដែលទទួលបានគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី ក្នុងគោលបំណងដើម្បីរួមចំណែកដល់តម្រូវការអភិវឌ្ឍន៍រយៈពេលវែង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងកម្ពុជា។

តំណាងក្រុមនិស្សិតបន្តថា អាហរូបករណ៍នេះ នឹងផ្ដល់ឱកាសស្រាវជ្រាវ ព្រមទាំងអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈ ដល់និស្សិតកម្ពុជា ដែលមានទេពកោសល្យ និងជាអ្នកដឹកនាំជំនាន់ក្រោយ ដែលមានបំណងនាំមកនូវភាពវិជ្ជមាន សម្រាប់ប្រទេសជាតិ ដើម្បីរួមចំណែកដល់តម្រូវការ នៃការអភិវឌ្ឍន៍កម្ពុជានាពេលអនាគត។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានសម្ដែងការកោតសរើស ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមនិស្សិត ដែលបើទោះបីជាជាប់បំពេញការងារ ក្នុងវិស័យសាធារណៈ ឬឯកជន ប៉ុន្តែខិតខំរៀនសូត្ររហូតប្រឡងជាប់អាហារូបករណ៍ដោយជោគជ័យ។

សម្ដេចឧបនាយករដ្ឋមន្រ្តី សង្ឃឹមជឿជាក់ថា ក្រុមនិស្សិតនឹងបន្តប្រឹងប្រែង ធ្វើឱ្យទទួលបានជោគជ័យថ្មីបន្ថែមទៀត ដោយបន្តការសិក្សាឱ្យបានចប់ចុងចប់ដើម តាមកម្មវិធីសិក្សា។ សម្ដេចបន្តថា អាហារូបករណ៍នេះ ជាឱកាសឱ្យក្រុមនិស្សិតបានពង្រឹងចំណេះដឹង និងបទពិសោធន៍ ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានបន្តមានប្រសាសន៍ អំពីប្រវត្តិនៃការសិក្សារៀនសូត្ររបស់សម្ដេចផ្ទាល់ និងក៏បានគូសបញ្ជាក់អំពីទិដ្ឋភាពទូទៅ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី ក្នុងនោះក៏មានកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងភាគីក្រសួងអូស្ត្រាលីផងដែរ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៥មក កម្មវិធីអាហារូបករណ៍ Australia Award គាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី បានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានជាង៨០០នាក់ ឱ្យទៅសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសអូស្ត្រាលី ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×