ភ្នំពេញ ៖ ជំងឺដ៏កាចសាហាវកូវីដ-១៩ ជាពិសេស វីរុសបំប្លែងថ្មី អូមីក្រុង មិនទាន់ទៅណាឆ្ងាយនោះទេ ជាការបន្ថែមក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋទូទៅ, អាជ្ញាធររាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងថ្មីមួយទៀត ចុះថ្ងៃទី០២ ខែកុម្ភ ឆ្នាំ២០២២ ចុះហត្ថលេខាដោយ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំដល់អ្នកជំងឺ ប្រជាពលរដ្ឋសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ខណ: លោកជំទាវ ឱ វណ្ណឌីន អំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះមេរោគបូរមីក្រុង។

សេចក្ដីណែនាំបង្ហាញថា ក្នុងករណីការប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយបុគ្គលឯកជន ហើយទទួលលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ សមីខ្លួនត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីសមាជិកគ្រួសារ និងត្រូវមានកាតព្វកិច្ចតាមផ្លូវច្បាប់ ត្រូវជូនដំណឹងជាបន្ទាន់ទៅមន្ត្រីសុខាភិបាល ឬអាជ្ញាធរមូលដ្ឋាន តាមរយៈទីបញ្ជាការស្រាលនៃមូលដ្ឋានខណ្ឌ ដែលខ្លួនកំពុងរស់នៅ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យ ចុះវាយតម្លៃពីស្ថានភាពអ្នកជំងឺ និងពិនិត្យទីតាំងផ្ទះ។
អាជ្ញាធររាជធានីភ្នំពេញ បានសង្កត់ធ្ងន់ទៀតថា ក្នុងករណីរដ្ឋបាលរាជធានីភ្នំពេញ ឬអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ទទួលបានព័ត៌មាន ឬរកឃើញថា មានបុគ្គលណាមួយដែលបានប្រើប្រាស់តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ទទួលបានលទ្ធផលតេស្តវិជ្ជមាន ហើយបែរជាគេចវេះ មិនព្រមរាយការណ៍ជូនសមត្ថកិច្ច មន្ត្រីសុខាភិបាល ក្រុមគ្រូពេទ្យ ឬអាជ្ញាធរមូលដ្ឋាន បុគ្គលនោះនឹងត្រូវប្រឈមនឹងការអនុវត្តនូវការផាកពិន័យជាប្រាក់ស្របតាមប្រការ ២ នៃប្រកាសអន្តរក្រសួង លេខ ១៧៨ សហវ ប្រ.ក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ និងឈានទៅដាក់ទោសជាប់ពន្ធនាគារតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា មុននេះបន្តិច លោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទូទាំងប្រទេស សង្កេតឃើញថា មានប្រជាជនខ្លះហាក់ធ្វេសប្រហែស មិនសូវប្រុងប្រយ័ត្នចំពោះការការពារខ្លួនពីជំងឺកូវីដ១៩ នាដំណាក់កាលដែលកម្ពុជាកំពុងបើកដំណើរសេដ្ឋកិច្ចឡើងវិញ ដែលនេះអាចនឹងនាំមកនូវហានិភ័យចំពោះពួកគេ និងសហគមន៍។
លោកជំទាវ បានលើកឡើងថា ការជួបជុំបច្ចុប្បន្ន កន្លែងខ្លះ ក៏មានការអនុវត្តបានល្អ ប៉ុន្តែកន្លែងខ្លះទៀត មិនទាន់អនុវត្តបានល្អប្រសើរនៅឡើយទេ។ តាមរយៈរបាយការណ៍របស់ក្រសួងសុខាភិបាលដែលចេញផ្សាយរៀងរាល់ថ្ងៃនោះ បានបង្ហាញឱ្យឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ពិសេស ប្រភេទបំប្លែងថ្មីអូមីក្រុង នៅតែមានករណីឆ្លងរាល់ថ្ងៃនៅឡើយ, ដូច្នេះទេ
សូមអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តវិធានការ «៣កុំ និង ៣ការពារ» និងវិធានការសុខាភិបាលផ្សេងៗទៀត ក្នុងឱកាសមានពិធីជួបជុំ ជប់លៀងផ្សេងៗ និងបន្តចូលរួមចាក់វ៉ាក់សាំងដូសជំរុញ ចំពោះអ្នកដែលដល់វេនត្រូវចាក់ដូសទី៣ និងដូសទី៤៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN










