ភ្នំពេញ ៖ ការដាក់ឲ្យដំណើរការគោលនយោបាយឌីជីថលកម្ពុជារបស់រាជរដ្ឋាភិបាល គឺជាការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ក៏ដូចជាការអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅ ដែលនឹងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈមានការផ្លាស់ប្ដូរកាន់តែល្អប្រសើរ និងសមិទ្ធផលជាច្រើនបន្ថែមទៀត នឹងត្រូវសម្រេចបាននៅពេលខាងមុខ។

អ្វីទៅដែលហៅថា រដ្ឋាភិបាលឌីជីថល និងសង្គមឌីជីថល ? ឆ្លើយតបនឹងសំណួរនេះ គឺរាជរដ្ឋាភិបាលបានចាប់ផ្ដើម កសាងរដ្ឋាភិបាលអេឡិចត្រូនិច ប្រើប្រាស់បច្ចេកវិជ្ជាឌីជីថល តម្រូវឲ្យរៀបចំលំហូរការងារឡើងវិញ និងសម្រួលការងារគ្រប់គ្រង បែងចែក ដំណើរការ និងការតាមដានលើការងារប្រកបដោយតម្លាភាព គណនេយ្យភាពនិងសមធម៌។ បរិវត្តកម្មឌីជីថល ជាមូលដ្ឋានចម្បងរបស់រាជរដ្ឋាភិបាល ឈានទៅសម្រេចគោលបំណងចុងក្រោយ គឺបម្រើសេវាសាធារណៈតាមតម្រូវការប្រជាពលរដ្ឋ នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ការកសាងរដ្ឋាភិបាលឌីជីថល គឺជាសសរស្ដម្ភសម្រាប់ជំរុញឲ្យធុរជន និងប្រជាពលរដ្ឋឱ្យចាប់យកបច្ចេកវិទ្យាឌីជីថល ប្រកបដោយភាពជឿទុកចិត្ត។ កិច្ចការនេះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងមធ្យ័តក្នុងឆ្នាំ២០០០មកម៉្លេះ ដោយបង្កើតអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា (NiDa) នៅទីស្ដីការគណៈរដ្ឋមន្ត្រី។
សូចនាករនៃរាជរដ្ឋាភិបាលអេឡិចត្រូនិច ឬឌីជីថល ប្រទេសកម្ពុជាត្រូវបានផ្លាស់ប្ដូរពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥ ហើយត្រូវបានចាត់ទុកជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ីក្នុងឆ្នាំ២០១៦។ ក្នុងដំណើរការរបស់រដ្ឋាភិបាលឌីជីថលកម្ពុជា ជាជំហានៗ គឺរដ្ឋាភិបាលបានដាក់ចេញនូវកំណែទម្រង់ជាស្នូល ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព មានគណៈកម្មាធិការកំណែទម្រង់សំខាន់ៗ ៤ រួមមាន ÷ ១- គណៈកម្មាធិការកែទម្រង់អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, ២- គណៈកម្មាធិការដឹកនាំការងារកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ៣- គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ, និង ៤- គណៈកម្មាធិការដឹកនាំការងារកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌សំដៅលើកកម្ពស់អភិបាលកិច្ចល្អ និងសេវាសាធារណៈប្រកបដោយតម្លាភាពជូនប្រជាពលរដ្ឋ។ វឌ្ឍនភាពទាំងនេះ ជាសមិទ្ធផលគួរឲ្យកត់សម្គាល់ ដោយបានប្រែក្លាយមុខមាត់ និងតួនាទីរបស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ ក្នុងតំបន់ និងពិភពលោក។

ចរន្តនៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ កំពុងជះឥទ្ធិពលយ៉ាងខ្លាំងលើសេដ្ឋកិច្ច និងសង្គម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ការវិភាគទិន្នន័យ និងអ៊ីនធើណេតនៃវត្ថុ។ល។ បច្ចេកវិទ្យាឌីជីថលទាំងនេះ បានធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងលឿនដែលមិនធ្លាប់មានពីមុនមក ក្នុងវិស័យអប់រំ សុខាភិបាល ទីផ្សារការងារ ធុរកិច្ច រដ្ឋបាលសាធារណៈជាដើម។
ដូច្នេះ រដ្ឋាភិបាលឌីជីថល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន គឺជាការបន្តធ្វើទំនើបកម្ម និងពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីដែលគាំទ្រដល់ការស្រាវជ្រាវ និងនវានុវត្ត និងការកសាងសមត្ថភាពមន្ត្រីរាជការតាមបច្ចេកវិទ្យាឌីជីថលជាយុទ្ធសាស្ត្រចាំបាច់ដែលរាជរដ្ឋាភិបាលត្រូវអនុវត្តនាពេលអនាគត។
គោលនយោបាយឌីជីថលកម្ពុជានេះទៀតសោត គឺជាសមិទ្ធិផលនៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលថ្មីមួយទៀត សម្រាប់សង្គមឌីជីថល ឆ្នាំ២០២២-២០៣៥ ដោយផ្ដោតលើចក្ខុវិស័យការកសាងរដ្ឋាភិបាលឌីជីថលដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ។
ក្នុងបរិការណ៍នេះ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ក្នុងដំណើរការរដ្ឋាភិបាលឌីជីថល ខ្ញុំមានជំនឿយ៉ាងមុតមាំ ដោយយើងមានយន្តការថ្នាក់ជាតិដឹកនាំសម្របសម្រួល និងអនុវត្តដោយមានការរៀបចំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល អង្គភាពទទួលបន្ទុកបរិវត្តកម្មឌីជីថលនៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ការរៀបចំកញ្ចប់ថវិកាជាតិអាទិភាព និងការជ្រើសរើសមន្ត្រីជំនាញ អនុវត្តគោលនយោបាយសង្គមឌីជីថល។
ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជា ចង់បញ្ជាក់ថា គ្រប់ក្រសួងស្ថាប័នត្រូវសហការគ្នាក្នុងស្មារតីបុរេសកម្ម និងអន្តរសកម្មបំផុត ដើម្បីធានាបាននូវភាពជោគជ័យនៃការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល និងសង្គមឌីជីថល៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN










