ភ្នំពេញ៖ ក្រុមហ៊ុន BilderBerg Investment Group ប្រកាសពីគម្រោងវិនិយោគក្រុងទំនើបឆ្លាតវៃ ដែលមានឈ្មោះថា “អនាគត” នៅលើទឹកដីនៃខេត្តកោះកុងលើផ្ទៃដី១២ម៉ឺនហិចតា ក្នុងទំហំទឹកប្រាក់ប្រមាណ600ពាន់លានដុល្លាអាមេរិក។
ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានមួយ នៅសណ្ឋាគារសូហ្វីតែលរាជធានីភ្នំពេញ លោក ដេននីស កូកូវីច ប្រធានក្រុមហ៊ុន BilderBerg Investment Group ប៊ីលឌ័រ ប៊ឺកអ៉ីនវេសមិន គ្រុប បានអោយដឹងថា កម្ពុជា ជាប្រទេសដែលមានស្ថិរភាពនយោបាយ និងសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានបើកទូលាយសម្រាប់ការវិនិយោគទាំងក្នុង និង ក្រៅស្រុក ដែលគឺជាកត្តាចម្បង ធ្វើអោយលោកសម្រេចចិត្តប្រកាសពីគម្រោងវិយោគមួយនេះ។
លោក បានបន្តថា ខេត្តកោះកុង គឺជាខេត្តឋានសួគ៌នៃធម្មជាតិ មានសក្តានុពលខ្ពស់ចំពោះវិស័យទេសចរណ៍ ឧស្សាហកម្ម និងកសិកម្មជាដើម។ ដូច្នេះហើយ ទើបគម្រោងទីក្រុងទំនើបឆ្លាតវៃនេះ លោកផ្តោតលើ វិស័យកសិកម្មបែបទំនើប កសិ-ទេសចរណ៍ អាគារខ្ពស់ៗ រោងចក្រ សហគ្រាស មជ្ឈមណ្ឌលសាសនាចម្រុះ ដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ វិយោគគិនមកពីគ្រប់ទិសទីទៅលេងរស់នៅ និងលេងកម្សាន្តចន្លោះពី ៥លានទៅ៦លាននាក់។
បើតាមលោក ដេននីស កូកូវីច បានគូសបញ្ចាក់ថា គម្រោង “អនាគត” នឹងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិកម្ពុជា កាត់បន្ថយការចំណាកស្រុក ជួយលើកស្ទួយកម្រិតជីវភាពរបស់ពលរដ្ឋនៅក្នុងខេត្តកោះកុងក៏ដូចជាទូទាំងប្រទេស ព្រោះនៅពេលគម្រោងនេះលេចជារូបរាងក្នុងរយៈពេល៥ទៅ៧ឆ្នាំទៀតនោះ នឹងត្រូវការកម្លាំងពលកម្ម បុគ្គលិកជំនាញ ទៅតាមវិស័យនីមួយៗ ដែលមាន នៅក្នុងគម្រោងមួយនេះ៕