Sunday, May 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់សារជាថ្មី អំពីការប្តេជ្ញា និងការគាំទ្រ យ៉ាងពេញទំហឹងចំពោះសហរដ្ឋអាមេរិក ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋ អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន

spot_img

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើលិខិតមួយជូន លោក ចូ បៃដិន (Jo Biden) ប្រធានាធិបតីអាមេរិក ដែលបានផ្ញើលិខិតអញ្ជើញសម្តេចចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នាពេលខាងមុខនេះ។ នេះបើតាមលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន ដែលធ្វើងឡើងនៅថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០២២ បណ្តាញព័ត៌មានទទួលបាននៅថ្ងៃអាទិត្យទី៦ខែកុម្ភៈនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ ខ្ញុំសូមអរគុណ ឯកឧត្តមប្រធានាធិបតី ដែលបានផ្ញើលិខិតបញ្ជាក់អំពីគោលបំណងរបស់ឯកឧត្តម អញ្ជើញខ្ញុំ និងថ្នាក់ដឹកនាំអាស៊ាន ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលគ្រោងរៀបចំនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ និងបំណងប្រាថ្នា ក្នុងការពង្រឹងទំនាក់ទំនង អាស៊ាន-សហរដ្ឋអាមេរិក បន្ថែមទៀត ក្នុងពេលកម្ពុជា ធ្វើជាប្រធានអាស៊ាន ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា “ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ ខ្ញុំសូមបញ្ជាក់សារជាថ្មី អំពីការប្តេជ្ញា និងការគាំទ្រ យ៉ាងពេញទំហឹងចំពោះសហរដ្ឋអាមេរិក ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋ អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ។ ខ្ញុំមានជំនឿថា កិច្ចប្រជុំកំពូលនេះ នឹងផ្តល់នូវកាលានុវត្តភាព ល្អមួយសម្រាប់យើងផ្លាស់ប្តូយោបល់គ្នា ថាតើត្រូវធ្វើយ៉ាងណា ដើម្បីអោយកិច្ចសហប្រតិ បត្តិការអាស៊ាន-សហរដ្ឋអាមេរិក រីកចម្រើនទៅមុខបន្ថែមទៀត “។

សម្តេចក៏បានបញ្ជាក់ថា “ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធ ជាមួយឯកឧត្តម និងជួបជាមួយឯកឧត្តមដោយផ្ទាល់ នៅរដ្ឋធានី វ៉ាស៊ីនតោន”។

សូមបញ្ជាក់ថា ចូ បៃដិន ប្រធានាធិបតីអាម៉េរិក បានផ្ញើសារជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានប្រកាសធ្វើការជាមួយកម្ពុជា ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ ដោយអាម៉េរិកសង្ឃឹមថា ទំនាក់ទំនងអាស៊ាន-អាម៉េរិក នឹងកាន់តែរីកចម្រើន និងបន្តឆ្ពោះទៅសម្រេចគោលដៅរួមរបស់យើងនៅក្នុងតំបន់។

លោក ចូ បៃដិន (Jo Biden) ប្រធានាធិបតីអាមេរិក នាថ្មីៗនេះ បានផ្ញើលិខិតជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយបញ្ជាក់អំពីការទន្ទឹងរង់ចាំស្វាគមន៍ សម្តេចទៅចូលរួមកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ នេះបើតាមលិខិតលោក ចូ បៃដិន ដែលធ្វើឡើងនៅសេតវិមាន, វ៉ាស៊ីនតោន ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃអាទិត្យ ទី៦កុម្ភៈនេះ។

ក្នុងសារលិខិតនេះ លោក ចូ បៃដិន បានបញ្ជាក់ប្រាប់សម្តេចតេជោ ហ៊ុន សែន ដូច្នេះថា ខ្ញុំសង្ឃឹមថា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រកបដោយសុខភាពល្អ នៅពេលទទួលបានលិខិតនេះ។ រដ្ឋបាលរបស់ខ្ញុំ ទន្ទឹងរង់ចាំធ្វើការជាមួយកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២។ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា សហរដ្ឋអាមេរិកសង្ឃឹមថា ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក នឹងកាន់តែរីកចម្រើន និងបន្តឆ្ពោះទៅសម្រេចគោលដៅរួមរបស់យើងនៅក្នុងតំបន់។

លោក ចូ បៃដិន បានបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិកគាំទ្រមជ្ឈភាពអាស៊ាន ហើយគាំទ្រឥតងាករេ ចំពោះនិម្មាបនកម្មតំបន់ដែលមានអាស៊ានជាស្នូល និងដែលជាបេះដូងនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ខ្ញុំរំពឹងថា សម្តេចតេជោនាយករដ្ឋមន្តី បានជ្រាបរួចហើយតាមរយៈឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ក្នុងការពាំនាំការតាំងចិត្តរបស់ខ្ញុំអញ្ជើញថ្នាក់ដឹកនាំអាស៊ាន ចូលរួមកិច្ចប្រជុំកំពូលពិសេសជាមួយខ្ញុំ នៅរដ្ឋធានីវ៉ាស៊ីនតោន នៅប៉ុន្មានខែខាងមុខនេះទៀត។

បើតាមលិខិតអញ្ជើញរបស់ លោក ចូ បៃដិន «ខ្ញុំសរសេរលិខិតនេះគឺចង់ទាក់ទងទៅ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយផ្ទាល់ផងដែរដើម្បីគូសបញ្ជាក់ថា ខ្ញុំរង់ចាំស្វាគមន៍ សម្តេចអញ្ជើញមកកាន់រដ្ឋធានីវ៉ាស៊ីនតោន នៅឱកាសដ៏ឆាប់ខាងមុខ។ សូមមេត្តាទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ»៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×