ភ្នំពេញៈ លោកស្រី អ៊ុង សុវណ្ណា មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ បានដាក់ពាក្យទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំផ្តល់នីតិសម្បទានូវសិទ្ធិនយោបាយពញលេញឡើងវិញ មុនកាលកំណត់កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។ ប៉ុន្តែមកដល់ត្រឹមថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២២ នេះព្រះមហាក្សត្រនៅមិនទាន់ចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទាឡើងវិញនៅឡើយទេ។

លោកស្រី អ៊ុង សុវណ្ណា បានជម្រាបជូនសម្តេចក្រឡាហោម ស ខេង ថា លោកស្រីត្រូវបានតុលាការកំពូលហាមឃាត់នូវសិទ្ធិនយោបាយរយ:ពេល ៥ ឆ្នាំ តមអំណាចសាលដីកាលេខ ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលរហូតមកដល់ពេលនេះមានរយ:ពេលជាង ៤ឆ្នាំ កន្លងទៅហើយ។ ក្នុងរយ:ពេលជាង ៤ឆ្នាំ កន្លងទៅនេះលោកស្រីបានអនុវត្តយ៉ាងពេញលេញ តាមអំណាចសាលដីការបស់តុលាការកំពូល ដូច្នេះហើយលោកស្រីចង់ទទួលបាននីតិសម្បទានូវសិទ្ធិនយោបាយពញលេញឡើងវិញមុនកាលកំណត់ ដើម្បីបានចូលរួមបម្រើសង្គម និងប្រទេសជាតិដូចប្រជាពលរដ្ឋទូទៅដែរ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
សូមជម្រាបថា មកដល់ពេលនេះ មានមន្ត្រីជាន់ខ្ពស់នៃអតីត គណបក្សសង្គ្រោះជាតិ ចំនួន ២៧រូបហើយបានទទួលសិទ្ធិធ្វើនយោបាយឡើងវិញ។ ដោយក្នុងនោះមានអ្នកខ្លះបង្កើតគណបក្សយោបាយដោយខ្លួនឯង គឺលោកជីវ កត្តា បង្កើត គណបក្សខ្មែរស្រឡាញ់ជាតិ ។ លោករៀល ខេមរិន្ទ្រ បង្កើតគណបក្សខ្មែរអភិរក្ស ។ លោកអ៊ូ ច័ន្ទ រ័ត្ន បង្កើតគណបក្សកែទម្រង់កម្ពុជា ។ លោកយ៉ែម បុញ្ញឫទ្ធិ បង្កើតគណបក្សកម្ពុជានិយម៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ
