ភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជានៅព្រលប់ថ្ងៃទី៨ ខែកុម្ភៈ នេះ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ និងធ្វើជា សហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ» ជាមួយលោកជំទាវបណ្ឌិត ហាក់ ចាហាន់មូន សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសកល (UPF) និង ឯកឧត្តម បាន គី-មូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ពីថ្ងៃទី១០-១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។
កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២នេះ នឹងមានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពី១៥៧ប្រទេស ដើម្បីស្វែងរកក្តីសង្ឃឹមក្នុងការបង្រួបបង្រួមឧបទ្វីបកូរ៉េប្រកបដោយសន្តិវិធី។

អញ្ជើញអម សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងដំណើរទស្សនកិច្ច រួមមាន ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មាធិការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមទាំងមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល និងរដ្ឋសភាកម្ពុជាមួយចំនួនទៀតផងដែរ ។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងសេអ៊ូល សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងមានជំនួបជាមួយ ឯកឧត្តម មូន ចេ-អ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការទ្វេភាគី រួមមាន កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ និងធ្វើការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងចំណាប់អារម្មណ៍រួមគ្នា។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងទទួលជំនួបសម្តែងការគួរសមពីសំណាក់ឯកឧត្តម បាន គី-មូន អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិផងដែរ។
សម្តេចតេជោនាយករដ្ឋមន្រ្តី រំពឹងថានឹងមានជំនួបជាមួយប្រមុខរដ្ឋ/រដ្ឋាភិបាលនៃប្រទេសមួយចំនួន ក៏ដូចជា ទទួលសាវនាការពីសំណាក់ឥស្សរជននយោបាយ និងធុរជនផ្សេងទៀតផងដែរ។
នៅថ្ងៃទី១២ ខែកុម្ភៈ កិច្ចប្រជុំកំពូលនឹងប្រគល់ជាផ្លូវការនូវពានរង្វាន់សន្តិភាពស៊ុនហាក់លើកទី៥ ជូនដល់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រាប់ភាពជាអ្នកដឹកនាំដ៏ខ្ជាប់ខ្ជួនរបស់សម្តេចក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្នុងនាមជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកដល់ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ ទាំងមូល៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

