ភ្នំពេញ ៖ ក្រសួងការពារជាតិ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ាន។
កាលពីថ្ងៃ០៧-០៨ ខែកុម្ភៈ ឆ្នាំ២០២២ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ បានរៀបចំនូវកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ាន (ADSOMWG) នៅទីស្តីការក្រសួងការពារជាតិ រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ឡៃ ចិន្តា អគ្គនាយករង អគ្គនាយក ដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ានរបស់កម្ពុជា ដើម្បីពិភាក្សាលើឯកសារសំខាន់ៗ សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ២០២២ ក្រោមមូលបទ “សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម”។

ក្នុងដំណើរការនៃកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ាន បានស្តាប់របាយការណ៍អំពីវឌ្ឍនភាព និងការវាយតម្លៃអំពីដំណើរការនៃកិច្ចសហប្រតិបត្តិការការពារជាតិ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន ដែលមានស្រាប់។
អង្គប្រជុំក៏បានពិភាក្សា និងឯកភាពលើឯកសារទស្សនទានចំនួនបីដែលផ្ដួចផ្ដើមដោយកម្ពុជា ក្នុងគោលដៅ ជម្រុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងបណ្តាប្រទេសជាសមាជិកអាស៊ាន ក្នុងវិស័យដូចជា ១) ការ លើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពបណ្តាប្រទេសអាស៊ានក្នុងការទប់ស្កាត់ជំងឺរាតត្បាតជំងឺឆ្លងដែន ២) ការលើកកម្ពស់យន្តការគាំទ្រសម្រាប់ស្ត្រីរក្សាសន្តិភាពអាស៊ាន ៣) ការបង្កើតកិច្ចសហការរវាងស្ថាប័នអប់រំ យោធាអាស៊ាន ដែលគំនិតផ្តួចផ្តើមទាំងនេះ នឹងត្រូវដាក់ជូនកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ានសម្រេច មុននឹងដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានអនុម័ត នៅក្នុងខែមិថុនា ឆ្នាំ២០២២។

ទន្ទឹមនេះ អង្គប្រជុំបានពិភាក្សាយ៉ាងល្អិតល្អន់ និងឯកភាពទៅលើខ្លឹមសារនៃ ១) សេចក្តីប្រកាសរួមរ៉នកិច្ច ប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និង ២) សេចក្តីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ដែលឯក សារទាំងពីរនេះនឹងត្រូវអនុម័តដោយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ផងដែរ។
អង្គប្រជុំបានពិភាក្សា និងឯកភាពលើ ចក្ខុវិស័យទីក្រុងភ្នំពេញ ស្ដីពីតួនាទីនៃស្ថាប័នការពារជាតិក្នុងការគាំទ ការស្តាឡើងវិញក្រោយកូវីដ១៩ ដែលបានសហការរៀបចំដោយកម្ពុជា និងសឹង្ហបូរី ក្នុងគោលដៅបញ្ជាក់ពី គោលជំហររួមរបស់អាស៊ាន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នការពារជាតិអាស៊ាន ដើម្បីលើក កម្ពស់សមត្ថភាពឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ១៩ ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាព ព្រមទាំងដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ក្នុងការស្ដារឡើងវិញបន្ទាប់ពីជំងឺរាតត្បាត។ ជាមួយគ្នា នេះ អង្គប្រជុំក៏បានពិភាក្សាផងដែរ លើលក្ខខ័ណ្ឌប្រតិបត្តិនៃមជ្ឈមណ្ឌលឧត្តមភាពសន្តិសុខបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងព័ត៌មាន ដែលរៀបចំឡើងដោយប្រទេសសឹង្ហបូរី។

ក្នុងនាមជាប្រធានក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ាន អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ នឹងរៀបចំកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ានមួយលើកទៀត ក្នុងទម្រង់ជា Videoconference នៅក្នុងខែមីនា ឆ្នាំ២០២២ ខាងមុខ ដើម្បីពិភាក្សាបញ្ចប់ទាំងស្រុងនូវឯកសារដែលនៅសេសសល់ ដោយក្នុងនោះរួមមានឯកសារពិភាក្សាចំនួនពីរដែលផ្តួចផ្តើមដោយកម្ពុជា។
កិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ាន បានបញ្ចប់ដោយទទួលបានលទ្ធផលល្អប្រសើរ ស្របតាម ទិសដៅនៃការជម្រុញសាមគ្គីភាពក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីលើកកម្ពស់សន្តិសុខ ប្រកបដោយភាពសុខដុម៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី
