ភ្នំពេញ : កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបក្រុមជាតិចិនមួយក្រុមឃាត់ខ្លួនបានជនសង្ស័យ៦នាក់ តាមបណ្តឹងជនរងគ្រោះ ដែលជាជនជាតិចិនដូចគ្នា នៅក្រុងបាវិតខេត្តស្វាយរៀង។
ប្រត្តិបត្តិការណ៍បង្រ្កាបក្រុមជម្រិតទារប្រាក់ ដែលជាជនជាតិចិនខាងលើនេះ ធ្វើឡើងនៅរសៀលថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០២២ ស្ថិតនៅក្នុងសណ្ឋាគារសឹងប៉ាវឡុង តាមបណ្តោយផ្លូវលេខ៣១០កែងនិងផ្លូវ៩៥ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងតាមព័ត៌មានពីកម្លាំងអាវុធ បានឲ្យដឹងថាការឃាត់ខ្លួនជនជាតិចិនទាំង៦នាក់ខាងលើនេះ គឺធ្វើឡើងតាមបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ ដែលជាជនជាតិចិនដូចគ្នា នៅក្រុងបាវិតខេត្តស្វាយរៀង ដែលបានប្តឹងកម្លាំងអាវុធហត្ថខេត្តស្វាយរៀងថា មានក្រុមជនជាតិចិនមួយក្រុម បានចាប់ជម្រិតទារប្រាក់ ដោយបានបង្ខាំងជនរងគ្រោះ ទុកនៅក្នុងសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកម្សាន្ត។

ក្រោយពេលដែលកម្លាំងកងរាជអាវុធហត្ថ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដោយមានការបញ្ជាផ្ទាល់ពីលោកឩត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជានិងដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការសម្របសម្រួល ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ និងសុំការសហការណ៍ជាមួយម្ចាស់សណ្ឋាគារសឹងប៉ាវឡុងនិងក្លឹបកម្សាន្តដើម្បីធ្វើការឡោមព័ទ្ធ និងឆែកឆេរ ក្នុងចំណុចសណ្ឋាគារខាងលើ ជាលទ្ធផលកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរំដោះជនរងគ្រោះ និងឃាត់ខ្លួនក្រុមសង្ស័យជនជាតិចិន៦នាក់បញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងអនុវត្តន៍បន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖សួង សាម


