Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅកូរ៉េ និងធ្វើជាសហប្រធាន កិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសកូរ៉េខាងត្បូង និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ»។

បើតាមក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ នឹងទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងរហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ទើបត្រឡប់មកកម្ពុជាវិញ។ ក្រសួងការបរទេសបានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាព នៅឧបទ្វីបកូរ៉េ» នៅទីក្រុងសេអ៊ូល សម្តេចតេជោ ហ៊ុន សែន នឹងធ្វើជាសហប្រធាន ជាមួយលោកស្រីបណ្ឌិត ហាក់ ចាហាន់មូន សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសកល (UPF) និង លោក បាន គី-មូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ។

ក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២នេះ នឹងមានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពី ១៥៧ប្រទេស ដើម្បីស្វែងរកក្តីសង្ឃឹមក្នុងការបង្រួបបង្រួមឧបទ្វីបកូរ៉េប្រកបដោយសន្តិវិធី។

អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសកូរ៉េខាងត្បូងនាពេលនេះ រួមមាន៖ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មាធិការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងរដ្ឋសភាកម្ពុជាមួយចំនួនទៀតផងដែរ ។

ក្រសួងការបរទេស បានឱ្យដឹងផងដែរថា ក្នុងអំឡុងពេលស្នាក់នៅទីក្រុងសេអ៊ូល សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបជាមួយ លោក មូន ចេ-អ៉ីន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន៖ កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ និងធ្វើការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងចំណាប់អារម្មណ៍រួមគ្នា។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងទទួលជំនួបសម្តែងការគួរសមពីសំណាក់ លោក បាន គី-មូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ។ សម្តេចតេជោរំពឹងថា នឹងមានជំនួបជាមួយប្រមុខរដ្ឋ/រដ្ឋាភិបាល នៃប្រទេសមួយចំនួន ក៏ដូចជាទទួលសាវនាការពីសំណាក់ឥស្សរជននយោបាយ និងធុរជនផ្សេងទៀតផងដែរ។

នៅថ្ងៃទី១២ ខែកុម្ភៈ ក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក នឹងមានការប្រគល់ជាផ្លូវការនូវពានរង្វាន់សន្តិភាពស៊ុនហាក់លើកទី៥ ជូនដល់សម្តេចតេជោ ហ៊ុន សែន សម្រាប់ភាពជាអ្នកដឹកនាំដ៏ខ្ជាប់ខ្ជួនរបស់សម្តេចក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា ដែលបានរួមចំណែកដល់ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

ពាក់ព័ន្ធនឹងពានរង្វាន់សន្តិភាពស៊ុនហាក់នេះ លោកបណ្ឌិត Thomas G. Walsh ប្រធានមូលនិធិសន្តិភាពស៊ុនហាក់ បានបញ្ជាក់ថា ការផ្តល់ពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាសក្ខីភាពនៃការទទួលស្គាល់លើការរួមចំណែករបស់ សម្តេចតេជោ ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍមនុស្សជាតិ។ ពានរង្វាន់នេះត្រូវបានបង្កើតឡើងដើម្បីទទួលស្គាល់ឥស្សរជន និងស្ថាប័ននានា ដែលបានបម្រើមនុស្សជាតិដែលអាចជាគំរូមួយ ធ្វើឱ្យពិភពលោកកាន់តែមានភាពប្រសើរឡើងសម្រាប់មនុស្សជំនាន់ក្រោយ។

បើតាមលោក Thomas G. Walsh ពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាពានរង្វាន់សន្តិភាពអន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដើម្បីរំលឹកដល់ទស្សនវិស័យសន្តិភាពរបស់ស្ថាបនិក គឺលោក ស៊ុន យ៉ុនមូន និងលោកស្រីបណ្ឌិត ហាក់ ចា ហាន់ មូន៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×