ភ្នំពេញ ៖ សំណើសុំផ្អាកការរៀបចំនីតិវិធីដេញថ្លៃការនាំចូលជ្រូករស់មកកម្ពុជា របស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន ត្រូវបានច្រានចោលដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រោះថា បើបើកឱ្យមានការនាំជ្រូករស់ចូលកម្ពុជាដោយគ្មានការដេញថ្លៃតាមទម្រង់ការងាររបស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម នោះ គឺពុំមានតម្លាភាពនោះឡើយ ហើយដូចជាបណ្ដោយឲ្យក្រុមអ្នកនាំជ្រូកចូលដោយគ្មានការដេញថ្លៃទាំងនោះ នឹងអុកឡុកតម្លៃក្នុងទីផ្សារ ពោលគឺ គេឡើងថ្លៃសាច់ជ្រូកតាមតែអំពើចិត្ត។

កន្លងមកថ្មីៗនេះ រដ្ឋមន្ត្រីកសិកម្ម ឯកឧត្តម វេង សាខុន បានអនុវត្តទម្រង់ការងារពាណិជ្ជកម្មនាំជ្រូកចូលពីប្រទេសថៃមកកម្ពុជា និងពីវៀតណាមមកកម្ពុជា ដោយគ្មានការដាក់ឲ្យដេញថ្លៃ បើទោះបីក្រុមលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការសិក្សារកឃើញថា ការឡើងថ្លៃសាច់ជ្រូកក្នុងប្រទេសកម្ពុជា គឺកើតឡើងព្រោះភាពមិនប្រក្រតីលើក្រុមហ៊ុនដែលនាំចូលជ្រូករស់ពីប្រទេសថៃ ដោយពួកគេមិនត្រូវបានក្រសួងកសិកម្មដាក់ឱ្យដេញថ្លៃ ហើយមានសុទ្ធតែក្រុមហ៊ុនបក្ខពួកគ្នាគេប៉ុណ្ណោះ ដូច្នេះហើយបានជាពួកគេអុកឡុកតម្លៃ គឺឡើងថ្លៃសាច់ជ្រូកនៅលើទីផ្សារក្នុងប្រទេសកម្ពុជា។
លើកនេះទៀតសោត មានសំណើសុំឲ្យកែប្រែ គឺសុំដាក់ឲ្យដេញថ្លៃការនាំជ្រូករស់ចូលកម្ពុជា ប៉ុន្តែ ដំបូងៗឡើយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម មិនបានកែប្រែនោះទេ ហើយនៅតែមានៈមិនចង់ឱ្យមានការដេញថ្លៃនាំចូលជ្រូករស់មកក្នុងប្រទេសកម្ពុជាដដែល។
ក្នុងលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រូបនេះ ថា ការនាំចូលជ្រូករស់មកផ្គត់ផ្គង់នៅទីផ្សារប្រទេសកម្ពុជា ត្រូវតែរៀបចំដេញថ្លៃ ដើម្បីធានាឱ្យបានការនាំចូលជ្រូករស់ស្ថិតក្នុងតម្លៃមួយប្រកបដោយភាពប្រកួតប្រជែង រក្សាស្ថិរភាពថ្លៃជ្រូករស់ និងថ្លៃលក់សាច់ជ្រូកនៅលើទីផ្សារក្នុងកម្រិតមួយសមរម្យ, ហើយថា ការឡើងថ្លៃជ្រូករស់ និងសាច់ជ្រូកឡើងថ្លៃ គឺបង្កឡើងដោយកង្វះយន្តការប្រកួតប្រជែងប្រកបដោយតម្លាភាព រវាងក្រុមហ៊ុននាំចូលជ្រូករស់សម្រាប់ផ្គត់ផ្គង់មកប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ក្រុមលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការស្រាវជ្រាវ រកឃើញថា ក្រុមហ៊ុននាំចូលជ្រូករស់ដែលក្រសួងកសិកម្ម បានផ្តល់សិទ្ធិនោះ ទិញជ្រូករស់ពីប្រទេសថៃក្នុងតម្លៃចន្លោះពី ៦,៥០០រៀល ទៅ ៧,០០០រៀល ក្នុងមួយគីឡូក្រាមជាមធ្យម តែបានយកមកលក់បន្តក្នុងប្រទេសកម្ពុជារហូតដល់ទៅ ១១,០០០រៀលជាមធ្យម ក្នុងឆ្នាំ២០១៩ និង២០២០ ហើយឡើងរហូតដល់ ១៤,០០០រៀលជាមធ្យម នៅក្នុងឆ្នាំ២០២១។
ជាការឆ្លើយតបឲ្យកាន់តែច្បាស់ទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច បានសម្រេចឱ្យរៀបចំយន្តការដេញថ្លៃលើការនាំចូលជ្រូករស់មកផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា ព្រោះថា យន្តការនេះ នឹងជួយលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយតម្លាភាពក្នុងអាជីវកម្មនាំចូលជ្រូករស់ ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធានាឱ្យបាននូវស្ថិរភាពថ្លៃជ្រូករស់ និងថ្លៃសាច់ជ្រូកនៅលើទីផ្សារ។
ឆ្លងតាមការពន្យល់ និងការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ពីពេលនេះតទៅ គឺក្រុមហ៊ុនឯកជនទាំងឡាយមានសិទ្ធិអាចដាក់ពាក្យចូលរួមដេញថ្លៃនាំចូលជ្រូករស់មកកម្ពុជាបាន ដោយគ្រាន់តែក្រសួងតម្រូវឱ្យមានលក្ខណ:សម្បត្តិ គ្រប់គ្រាន់ទាំងទិដ្ឋភាពបច្ចេកទេស ហិរញ្ញវត្ថុ និងលក្ខខណ្ឌតម្រូវផ្សេងៗរបស់ក្រសួង ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN













