Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងធម្មការ បង្ហាញកំណត់ហេតុនៃការដោះស្រាយករណីបុរសម្នាក់តាំងខ្លួនជាឥសី នៅជើងភ្នំត្បែង

ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានបង្ហាញកំណត់ហេតុមួយ ដែលបានដោះស្រាយកាលពីអំឡុងខែមីនា ឆ្នាំ២០២៥កន្លងទៅ ពាក់ព័ន្ធជាមួយបុគ្គលឈ្មោះ ហន ភា ដែលបានតាំងខ្លួនជាឥសី គ្រោងសាងសង់អាស្រម វង្ស ចក្រាយុត្តិ នៅជើងភ្នំត្រែង ស្ថិតក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

កំណត់ហេតុដែលបណ្តាញព័ត៌មាននៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោយផ្ទុះរឿងឡើងវិញនៅលើបណ្ដាញសង្គម Facebook ពាក់ព័ន្ធការញុះញង់ប្រជាពលរដ្ឋឲ្យជឿនូវជំនឿ ដែលមិនសមហេតុផលពីសំណាក់បុគ្គលឈ្មោះ ហន ភា ដើម្បីទទួលបាននូវលាភសក្ការៈអ្វីមួយ ពិសេសពាក់ព័ន្ធជាមួយតារាចម្រៀងល្បីឈ្មោះ អ្នកនាង មាស សុខសោភា។

ផ្អែកតាមកំណត់ហេតុដែលបានជជែកដោះស្រាយគ្នាក្រោមព្រះវត្តមាន សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សមាជិកថេរសភា នៃព្រះពុទ្ធសាសនាកម្ពុជា និងមានការចូលរួមពីលោក ចាយ បូរិន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា ព្រមទាំងថ្នាក់ដឹកនាំខេត្ត អាជ្ញាធរពាក់ព័ន្ធជាច្រើនទៀត បានសម្រេចឲ្យបុគ្គលឈ្មោះ ហន ភា លុបរាល់នូវវីដេអូដែលបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមនានា។

លោក ហួត គា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តព្រះវិហារ បានអះអាងថា ករណីបុគ្គលឈ្មោះ ហន ភា ដែលបានតាំងខ្លួនជាឥសី នៅជើងភ្នំត្រែង គឺក្រសួង និងស្ថាប័នពាក់ព័ន្ធធ្លាប់បានកោះហៅមកធ្វើកិច្ចសន្យារួចមកហើយ ពិសេសការធ្វើសកម្មភាពនានាដែលនាំឲ្យមានការយល់ច្រឡំ ពាក់ព័ន្ធជំនឿសាសនា ក្នុងចេតនាដើម្បីកេងចំណេញលើផលប្រយោជន៍អ្វីមួយ។

លោកបានគូសបញ្ជាក់ថា បុគ្គល ហន ភា មានគម្រោងបង្កើតអាស្រម វង្ស ចក្រាយុត្តិ ដើម្បីប្រែក្លាយទៅជាមជ្ឈមណ្ឌលវិបស្សនា តែមិនទាន់មានថវិកាគ្រប់គ្រាន់ ហើយពេលនេះគ្រាន់តែធ្វើតូបស្នាក់នៅបណ្ដោះអាសន្នប៉ុណ្ណោះ។ យោងតាមការសួរនាំ កន្លងទៅតារាចម្រៀង មាស សុខសោភា ធ្លាប់បានឧបត្ថម្ភថវិកាខ្ទង់ម៉ឺនដុល្លារ ទៅកាន់បុគ្គលនេះ ដើម្បីទិញដីប្រមាណ៥ហិកតា នៅជើងភ្នំត្រែង។

សូមជម្រាបថា ដើមហេតុដែលនាំឲ្យរឿងរ៉ាវនេះផ្ទុះឡើងវិញ ក្រោយតារាចម្រៀង មាស សុខសោភា រៀបរាប់នៅលើបណ្ដាញសង្គមចំពោះអ្វីដែលខ្លួនបានជឿជាក់លើបុគ្គលឈ្មោះ ហន ភា ដែលបានតាំងខ្លួនជាឥសី។ ការជឿលង់របស់តារាចម្រៀងល្បីឈ្មោះរូបនេះ ដោយសារតែនាងធ្លាប់មានវិបត្តិផ្លូវចិត្ត ហើយបុគ្គលតាំងខ្លួនជាឥសី ជាអ្នកជួយផ្សះផ្សាព្យាបាលជំងឺផ្លូវរបស់នាង។

តាមការរៀបរាប់នៅលើបណ្ដាញសង្គម តារាចម្រៀង មាស សុខសោភា បានឧបត្ថម្ភថវិការហូតដល់២០ម៉ឺនដុល្លារឯណោះ ទៅកាន់តាឥសីវ័យកណ្ដាលរូបនេះ។ ជំនឿរបស់តារាចម្រៀងល្បីឈ្មោះរូបនេះ បានធ្វើឲ្យនាងមានបញ្ហាជាមួយក្រុមគ្រួសារ ពិសេសស្វាមីរហូតចង់លែងលះ ក្រោមហេតុផលថា ស្វាមីមិនយល់ចិត្តនាង ហើយមិនអាចជួយដោះស្រាយបញ្ហាអ្វីបាន ខុសពីឥសី ហន ភា ដែលតែងជួយដោះស្រាយបញ្ហា៕រក្សាសិទ្ធដោយ៖សុទ្ធលី

×