ភ្នំពេញ ៖ កម្ពុជាជាប្រធានអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ពីថ្ងៃទី១៥ ដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា តាមទម្រង់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។
ក្រសួងការបរទេសកម្ពុជាបានបន្តថា កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងពិនិត្យមើលឡើងវិញ នូវការសម្រេចនានា របស់ថ្នាក់ដឹកនាំ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ ធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតទំនាក់ទំនងខាងក្រៅ ជាមួយដៃគូសន្ទនានានា ខណៈពេល ថែរក្សា និងលើកកម្ពស់មជ្ឈភាព សាមគ្គីភាព និងឯកភាពអាស៊ាន ព្រមទាំងពិភាក្សាគ្នាអំពីរបៀប និងវិធីសាស្រ្ត ដើម្បីកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាងសហគមន៍អាស៊ានមួយដែលកាន់ តែធន់រឹងមាំឡើង ប្រកបដោយថាមពល ពោរពេញដោយសន្តិភាព និងវិបុលភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងជម្រាបជូនអង្គប្រជុំអំពីសមិទ្ធផលសំខាន់ៗ ដែលនឹងត្រូវសម្រេចបាន ក្នុងអំឡុងពេលភាពជាប្រធានអាស៊ានរបស់កម្ពុជា ក្រោមមូលបទ «អាស៊ាន រួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាយុទ្ធសាស្រ្ត ដែលកំពុងកើតឡើងនៅក្នុងតំបន់ រួមមាន ការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងដំណើរការស្តារឡើងវិញប្រកបដោយបរិយាប័ន្ន ការប្រកួតប្រជែងភូមិសាស្រ្ត-នយោបាយ បញ្ហាជាប្រពៃណី និងមិនប្រពៃណីដែលមានស្រាប់ និងការពង្រឹងភាពស្អិតរមួត មជ្ឈភាព និងភាពធន់រឹងមាំ របស់អាស៊ាន៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ
