ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករកម្ឋបុជា ប្រចាំឆ្នាំ២០២១ ដែលរៀបចំឡើងនៅសាលាជាតិគយ នាថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២នេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានក្រើនរំឭកនូវការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ចំនួន ៥ចំណុច និងបានណែនាំបន្ត ៨ ចំណុចបន្ថែមទៀត ដើម្បីជួយបង្កើនប្រសិទ្ធភាពការងារគយសម្រាប់ឆ្នាំ២០២២។

ការណែនាំបន្ថែម ៨ចំណុចទៀតរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រួមមាន ៖
១- បន្តធ្វើសាមញ្ញកម្មនីតិវិធី ស្របតាមជំនួយបច្ចេកទេសដែល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកំពុងទទួលបានពីដៃគូអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះក្នុងស្មារតីទទួលខុសត្រូវ និងមានភាពជាម្ចាស់ ដើម្បីលើកកម្ពស់បន្ថែមទៀតនូវកិច្ចសម្រួលពាណិជ្ជកម្ម,
២- លើកកម្ពស់ប្រសិទ្ធភាពការងារបង្ការ និងបង្ក្រាបបទល្មើសឱ្យបានសកម្មដូចភ្លៀងរលឹម ទាំងនៅដើមទី កណ្តាលទី និងចុងទី ដោយរាប់បញ្ចូលទាំងការបង្ក្រាបទំនិញ ក្លែងក្លាយ, ទំនិញល្មើសសិទ្ធិចែកចាយផ្ដាច់មុខ, ទំនិញដែលអាចត្រូវបានប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ផលិតគ្រឿងញៀន, និងការសហការ ជាមួយ អង្គភាព ពាក់ព័ន្ធ ក្នុងការកំណត់មុខសញ្ញាករណីសង្ស័យបទល្មើស សម្អាតប្រាក់ជ្រកក្រោមរូបភាពពាណិជ្ជកម្ម,
៣- ត្រូវពន្លឿនការពិនិត្យលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងគយ ដើម្បីលើកសំណើវិសោធនកម្មនិងកែសម្រួល ឆ្លើយតបតាមការតម្រូវនាពេលបច្ចុប្បន្ន,
៤- ត្រូវពង្រឹងការងារបច្ចេកទេសគយ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពការងារ,

៥- បន្តជំរុញអនុវត្តឱ្យម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពការងារប្រមូលពន្ធអាកររថយន្តគ្មានពន្ធ ដែលមានស្រាប់ក្នុងស្រុក,
៦- បន្តសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនឹងការទប់ស្កាត់អំពើរត់គេចពន្ធ និងបន្តកិច្ចសហការល្អជាមួយផ្នែកឯកជន ពិសេស ក្រោមយន្តការក្រុម “ឃ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន,
៧- យកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្របច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានវិទ្យារបស់អគ្គនាយកគយ និងរដ្ឋាករកម្ពុជា ពិសេសការអនុវត្តប្រព័ន្ធបញ្ជរជាតិតែមួយ (National Single Window) ឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព,
៨- ត្រូវបន្តប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន និងជាប់ជាប្រចាំនូវវិធានការសុខាភិបាល ពិសេសវិធានការ ៣ ការពារ និង ៣ កុំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងគន្លងប្រក្រតីភាពថ្មី៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN











