ប្រទេសកម្ពុជា៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលសហគមន៍ព្រៃឈើប្រចាំតំបន់អាស៊ី និងប៉ាស៊ីភិច (RECOFTC) ដែលប្រតិបត្តិការនៅក្នុងខេត្តចំនួនបួន គឺខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង បានចាប់ផ្តើមគម្រោងភាពជាដៃគូក្នុងវិស័យព្រៃឈើ និងនេសាទ ដែលផ្តល់មូលនិធិដោយទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងទីភ្នាក់ងារអភិវឌ្ឍន៍របស់ប្រទេសស៊ុយអែត SIDA ក្រោមចំណងជើងថា ឥណទានសហគមន៍ព្រៃឈើ”។
គម្រោងថ្មីនេះ មានគោលបំណងគាំទ្រដល់សហគមន៍ព្រៃឈើ ដើម្បីធានាការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ហើយផ្តល់ប្រាក់កម្ចីដោយមានការប្រាក់ដល់ប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់ក្នុងសកម្មភាពកសិកម្ម ដូចជាការទិញជី និងការផ្តល់ចំណីដល់មាន់ និងទាដោយការប្រាក់ទាប ដោយមិនតម្រូវឱ្យបញ្ចាំទ្រព្យសម្បត្តិរបស់ពួកគេ ហើយប្រហែលមួយភាគបួននៃប្រាក់ចំនេញទាំងនោះត្រូវបានបែងចែកសម្រាប់គាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីការពារព្រៃឈើសហគមន៍។
លោក កៅ វុត្ថ អ្នកសម្របសម្រួលសហគមន៍ព្រៃឈើប្រចាំខេត្ត បានឱ្យដឹងថា ” ឥណទានសហគមន៍ព្រៃឈើគឺជាគម្រោងថ្មីដែលរៀបចំឡើងដោយអង្គការ RECOFTC អង្គការនេះមានគម្រោង ដៃគូរក្នុងវិស័យព្រៃឈើ និង ជលផល ក្រោមជំនួយថវិកាពី ទីភ្នាក់ងារសំរាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) និងទីភ្នាក់ងារស៊ុយអែតសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិ (Sida). គម្រោង RECOFTC ប្រតិបត្តិការនៅក្នុងខេត្តចំនួន៤ ដែលមានខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ និង ខេត្តស្ទឹងត្រែង។ “
លោក កៅ វុត្ថា បន្តថា “គោលដៅរបស់ RECOFTC គឺគាំទ្រដល់សហគមន៍ព្រៃឈើ ធ្វើយ៉ាងណាអោយការគ្រប់គ្រងព្រៃឈើរបស់ពួកគាត់មាននិរន្តរភាព ដោយ ROCOFTC បានលើកយកឥណទានព្រៃឈើនេះ ក្នុងគោលបំណងយកការប្រាក់ពីប្រជាជនដែលបានខ្ចីយកមកធ្វើជាដើមទុនក្នុងការអភិរក្សព្រៃឈើរបស់ពួកគាត់។”
លោក សៀង វិញ លេខាសហគមន៍ព្រៃឈើ បានលើកឡើងថា “សហគមន៍ព្រៃឈើយកលុយនោះទៅធ្វើឥណទាន ដោយអោយប្រជាជនខ្ចីយកទៅប្រកបរបរដូចជា ការចិញ្ចឹមជ្រូក ទិញជីដាក់ស្រែចម្ការ ចិញ្ចឹមមាន់ ទា។”
លោក កៅ វុត្ថា បានមានប្រសាសន៍ថា “នៅពេលដែលប្រជាជនខ្ចីប្រាក់ពីឥណទានសហគមន៍ព្រៃឈើ គាត់មានកាតព្វកិច្ចបង់ការប្រាក់ ចឹងឥណទានសហគមន៍ព្រៃឈើដកយកមួយផ្នែកក្នុងចំណោម៤ផ្នែកនៃការប្រាក់នោះទៅជាដើមទុនសម្រាប់យកទៅបម្រើកិច្ចការអភិរក្ស។”
លោក បន្តទៀតថា “ផ្នែកទីមួយនោះគឺយកទៅអភិរក្សព្រៃសហគមន៍នោះ មានសកម្មភាពដូចជា ចំណាយលើការល្បាតព្រៃ ដាក់ស្លាកសញ្ញា ការដាំកូនឈើ កសាងផ្លូវការពារភ្លើងឆេះព្រៃ និង សម្រាប់ដំណើរការកិច្ចប្រជុំនានាក្នុងសហគមន៍។”
លោក សៀង វិញ ដែលជាលេខាសហគមន៍ព្រៃឈើ បានមានប្រសាសន៍ថា ” ៣៥% នៃអត្រាការប្រាក់គឺយកទៅសម្រាប់ការអភិរក្សព្រៃសហគមន៍ ក្នុងគោលបំណងការពារកំុឱ្យជនល្មើសកាប់បំផ្លាញព្រៃឈើ។ ក្នុងការល្បាតព្រៃគឺមានគណកម្មា និងប្រជាពលរដ្ឋ រួមសហការគ្នា។ ហើយការចំណាយក្នុងការល្បាតគឺមិនទៀតទាន់ទេ ពេលខ្លះម្នាក់២.៥$ ពេលខ្លះ ២.៥$ ចែកគ្នាពីរនាក់សម្រាប់សាំង និងទិញអាហារសម្រាប់ដើរល្បាត។ “
ជាមួយគ្នានេះ លោក កៅ វុត្ថា អ្នកសម្របសម្រួលសហគមន៍ព្រៃឈើប្រចាំខេត្ត បានមានប្រសាសន៍ថា ” ផ្នែកទី២ គឺសម្រាប់បង្កើនទុន ដែលមានភាគរយដូចគ្នាទៅនឹងផ្នែកកិច្ចការអភិរក្ស។ ផ្នែកទី៣ គឺជាប្រាក់ខែរបស់គណកម្មាការឥណទានសហគមន៍ព្រៃឈើ។ និង ផ្នែកទី៤ គឺសម្រាប់កិច្ចការរដ្ឋាបាលរបស់ឥណទានព្រៃឈើ។”
ទន្ទឹមនិងនេះ លោក សៀង វិញ លេខាសហគមន៍ព្រៃឈើ បានបន្តថា ” ចាប់តាំងពីមានឥណទានសហគមន៍ព្រៃឈើមក ប្រជាជនហាក់ដូចជាមានការយល់ដឹងច្រើនអំពីការការពារព្រៃឈើ ហើយប្រជាជនមានភាពងាយស្រួលក្នុងការសម្រួលដល់ជីវភាពតាមរយៈការខ្ចីប្រាក់ពីឥណទានសហគមន៍ព្រៃឈើ ដោយមិនបាច់ដាក់បញ្ជាំប្លង់ដីចម្ការ។ គាត់ចាប់ផ្តើមចូលរួមការពារព្រៃសហគមន៍ព្រោះព្រៃសហគមន៍បានផ្តល់ប្រយោជន៍ដល់គាត់ច្រើន។ ហើយព្រៃសហគមន៍នេះហើយដែលបណ្តាលអោយមានឥណទានសហគមន៍ព្រៃឈើ។”
លើសពីនេះទៀត លោក កៅ វុត្ថា បានឱ្យដឹងទៀតថា ” ប្រជាជនគាត់សប្បាយចិត្តនៅពេលដែលការប្រាក់របស់គាត់នោះបានផ្តល់ប្រយោជន៍ដល់ព្រៃសហគមន៍របស់គាត់។ ក្រៅពីរបស់ដែលគាត់ធ្វើនៅផ្ទះ គាត់ក៏អាចទាញផលប្រយោជន៍ពីព្រៃឈើផងដែរ។ “
លោក សៀង វិញ បានអះអាងថា “គាត់ទាញផលពីព្រៃឈើមានដូចជា របររកផ្សិតព្រៃ របររកផ្លែឈើព្រៃ រកវលិ៍ របរធ្វើថ្នាំពីរុក្ខជាតិ។”
លោក កៅ វុត្ថា បានបញ្ជាក់ថា “ដូច្នេះរបរទាំងនោះហើយដែលគាត់បានមកពីការថែរក្សាព្រៃសហគមន៍។”លោកថា” RECOFTC បានចាប់ផ្តើមដំណើរការនៅខេត្តកំពង់ធំតាំងពីឆ្នាំ ២០១៥ ពេលនោះមានតែ៥សហគមន៍នោះទេដែលត្រូវបានជួយ ហើយការរីកចម្រើនរបស់៥សហគមន៍នេះហើយ ទើប រីកូស បានពង្រីងបន្ថែមនៅតាមសហគមន៍ផ្សេងទៀត”៕ ប្រភព៖ A24