ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្រ្តីក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។
ឯកឧត្តម សាយ សំអាល់ បានថ្លែងថា ឯកឧត្តមពិតជាមានសេចក្តីសោមនស្សរីករាយដោយបានចូលរួមក្នុងការប្រកាសដាក់ឱ្យប្រើ «យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹត្យកាបូន» ហើយខ្ញុំសូមលើកយកចំណុចសំខាន់ចំនួនបីរួមមាន៖
ទីមួយ កម្ពុជាកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។

ក្នុងឆ្នំា ២០២០ យើងជាប្រទេសមួយក្នុងចំណោម ប្រទេស ៧២ ផ្សេងទៀតដែលបានដាក់ជូនរបាយការណ៍បច្ចុប្បន្នភាព ការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (Updated NDC) ទាន់ពេលវេលា។ សម្ព័ន្ធភាពសុខភាព និងអាកាសធាតុសកលបានដាក់ចំណាត់ថ្នាក់ Updated NDC របស់កម្ពុជា ក្នុងចំណោមប្រទេសដែលមានចំណាត់ថ្នាក់ល្អបំផុតដទៃទៀត សម្រាប់ការផ្សារភ្ជាប់យ៉ាងច្រើនរវាងការប្រែប្រួលអាកាសធាតុ និងសុខភាព រួមបញ្ចូលទំាងព័ត៌មានលម្អិតស្តីពី ការចំណាយផ្នែកហិរញ្ញវត្ថុ និងផលចំណេញត្រលប់មកវិញលើវិធានការបន្សុំា និងការកាត់បន្ថយ ជាមួយនឹងផលប៉ះពាល់លើសុខភាព។
នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នំា ២០២១ យើងបានបង្ហាញពីការប្តេជ្ញាចិត្តដែលបានប្រកាសដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលស្ដីពីមហិច្ឆតាអាកាសធាតុរបស់អង្គការសហប្រជាជាតិ ដោយបានដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹត្យកាបូនរបស់យើងមុនដំណាច់ឆ្នំា២០២១។
យើងជាប្រទេសអភិវឌ្ឍន៍តិចតួចទី២ ក្នុងពិភពលោក និង ជាប្រទេសទី២ ក្នុងតំបន់អាស៊ាន ដែលបានដាក់ចេញយុទ្ធសាស្រ្ត នេះជាមួយនឹងគោលដៅឆ្នំា២០៥០ សម្រាប់ការបញ្ចេញឧស្ម័នស្មើសូន្យ។
ទោះបីជាកម្ពុជាមានទំនួលខុសត្រូវតិចតួចសម្រាប់ការប្រែប្រួលអាកាសធាតុ យើងចង់ដឹកនំាតាមរយៈជាក់ស្ដែង ដែលនេះស្របទៅនឹងយុទ្ធសាស្រ្តរបស់កម្ពុជាក្នុងការគំាទ្រពហុភាគីនិយម។ យើងសង្ឃឹមយ៉ាងម៉ុតមំាថា ប្រទេសដែលបញ្ចេញឧស្ម័នច្រើននឹងបង្កើនកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុបន្តទៀតបន្ទាប់ពី COP26 ហើយបង្កើនមហិច្ឆតារបស់ពួកគេបន្ថែមទៀតដើម្បីនំាពួកយើងទៅកាន់ការកម្រិតការកើនឡើងសីតុណ្ហភាពត្រឹម ១.៥ អង្សាសេ។

ទីពីរ ការប្រកាសដាក់ឱ្យប្រើនេះជាពេលវេលាមួយដ៏មានមោទនភាពសម្រាប់យើង គឺដោយសារតែឯកសារនេះបាននំាមកនូវការប្តេជ្ញាចិត្តរយៈពេលវែងរួមគ្នាពីគ្រប់វិស័យសំខាន់ៗនៅក្នុងរដ្ឋាភិបាល។ យុទ្ធសាស្រ្តនេះ មានភាពស៊ីសង្វាក់គ្នា យ៉ាងទូលំទូលាយជាមួយនឹងគោលដៅ Updated NDC ឆ្នាំ២០៣០ បន្ថែមពីនេះ វាក៏រួមបញ្ចូលនូវគោលដៅដែលប្រកបដោយមហិច្ឆតាផងដែរនាពេលអនាគត។
ក្នុងវិស័យព្រៃឈើ យុទ្ធសាស្រ្តនេះបានបញ្ចូលផែនការប្រកបដោយមហិច្ឆតាក្នុងការកាត់បន្ថយការបាត់បង់ព្រៃឈើស្របជាមួយនឹងយុទ្ធសាស្រ្តរេដបូក ហើយរួមបញ្ចូលទំាងការអភិវឌ្ឍវិស័យព្រៃឈើប្រកបដោយនិរន្តរភាព។ ក្នុងវិស័យដឹកជញ្ជូន យុទ្ធសាស្រ្តនេះមានគោលដៅដើម្បីសម្រេចបានការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ ៣០% ក្នុងតំបន់ទីប្រជុំជនត្រឹមឆ្នំា ២០៥០ បូករួមទំាងគោលដៅ ៤០% នៃរថយន្ត និងរថយន្តក្រុង និង៧០% នៃម៉ូតូ ត្រូវបានរំពឹងថានឹងក្លាយជាយានយន្តអគ្គិសនីនៅឆ្នំា ២០៥០។ សម្រាប់ការផលិតថាមពល យុទ្ធសាស្រ្តនេះបានធ្វើការបញ្ចូលការប្តេជ្ញាចិត្តថ្មីៗ របស់កម្ពុជាក្នុងការមិនសាងសង់រោងចក្រថាមពលធ្យូងថ្មថ្មី និងគោលដៅថាមពលកកើតឡើងវិញ ៣៥% ក្នុងប្រភពថាមពលចម្រុះត្រឹមឆ្នំា ២០៥០។ យើងក៏បានដាក់គោលដៅកាត់បន្ថយការដុតសំណល់នៅទីវាល ឱ្យបាន ៨៥% ផងដែរ។
នេះជាលើកទី ១ សម្រាប់កម្ពុជាដែលបានធ្វើការរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងនេះ ហើយខ្ញុំសូមអរគុណជាថ្មីម្តងទៀតដល់ក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធដែលបានប្តេជ្ញាចិត្ត និងចូលរួមចំណែកផ្តល់ជាធាតុចូលសម្រាប់កិច្ចការនេះ។

សកម្មភាពស្នើឡើងត្រូវបានរំពឹងថានឹងផ្តល់អត្ថប្រយោជន៍បន្ថែមប្រមាណ ២,៨% ទៅក្នុងកំណើនផលិតផលក្នុងស្រុកសរុប(GDP)ប្រចំាឆ្នាំនៅឆ្នំា ២០៥០ និងបង្កើតការងារបៃតងបន្ថែមចំនួន ៤៤៩,០០០ កន្លែង។ សកម្មភាពទំាងនេះ នឹងផ្តល់ជាអត្ថប្រយោជន៍រួមផងដែរ រួមទំាងភាពប្រសើរឡើងនៃសុខភាពពីការកាត់បន្ថយការបំពុល។ ការគ្រប់គ្រងព្រៃឈើ ប្រកបដោយនិរន្តរភាពនឹងផ្តល់ជាអត្ថប្រយោជន៍ដូចជា ការទទួលបានទឹកប្រើប្រាស់ កាលានុវត្តភាពអេកូទេសចរណ៍ ការអភិរក្សជីវៈចម្រុះ និងការគ្រប់គ្រងគ្រោះមហន្តរាយ។ អត្ថប្រយោជន៍រួមទំាងនេះ មានតម្លៃប្រមាណ ៦,២% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នំា ២០៥០។
ទីបី យើងត្រូវមានភាពរីករាយសម្រាប់ព្រឹត្តិការណ៍នេះ ពីព្រោះវាជាពេលវេលាដ៏មានសារៈសំខាន់មួយសម្រាប់ដំណើរការអភិវឌ្ឍន៍របស់កម្ពុជា និងសម្រាប់ភាពជាដៃគូក្នុងតំបន់ និងសកលរបស់យើងលើការងារប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ចបៃតង។
ឯកឧត្តម សាយ សំអាល់ បានបន្តថា នៅពេលដែលយើងកំពុងចាកចេញពីវិបត្តិដែលមិនធ្លាប់មានពីមុនមករយៈពេល ២ឆ្នំា ដោយសារជំងឺរាតត្បាតសកល ប្រទេសភាគច្រើនបានធ្វើការវាយតម្លៃឡើងវិញពីគំរូអភិវឌ្ឍន៍របស់ពួកគេ ហើយធ្វើការជ្រើសយកកំណើនមិនប៉ះពាល់ដល់ធម្មជាតិ និងមានភាពធន់ទៅនឹងវិបត្តិដែលអាចកើតមាន។ ក្នុងប្រទេសកម្ពុជា ផែនទីបង្ហាញផ្លូវដំបូង ត្រូវបានកំណត់ក្នុងផែនការស្តារសេដ្ឋកិច្ចឡើងវិញ ដែលផ្តោតសំខាន់លើការកសាងភាពធន់ និងសេដ្ឋកិច្ចបៃតង។
នៅក្នុងកម្រិតតំបន់ ស្របពេលដែលកម្ពុជាជាប្រធានអាស៊ាន ការប្រែប្រួលអាកាសធាតុ ជាបញ្ហាសំខាន់មួយក្នុងចំណោមរបៀបវារៈ សម្រាប់សមាជិកអាស៊ាន និងប្រទេសជាដៃគូរបស់អាស៊ាន។ កម្ពុជាបានបង្កើនការយកចិត្តទុកដាក់លើការងារប្រែប្រួលអាកាសធាតុ ហើយយើងនឹងជំរុញការងារប្រែប្រួលអាកាសធាតុនៅកម្រិតអាស៊ានផងដែរ។
នៅកម្រិតសកល ទោះបីជាកិច្ចខិតខំប្រឹងប្រែងលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសកំពុងតែត្រូវបានធ្វើដោយប្រទេសនៅលើពិភពលោក ក្រោយCOP26 ខ្ញុំយល់ថាល្បឿននៃកិច្ចខិតខំប្រឹងប្រែងលើសកម្មភាពអាកាសធាតុកំពុងកើនឡើង។
រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបញ្ជាក់ថា ការផ្តល់ហិរញ្ញប្បទានពីប្រទេសអភិវឌ្ឍន៍មកប្រទេសកំពុងអភិវឌ្ឍនត្រូវបានមើលឃើញថានៅក្រោមគោលដៅ ហើយគោលដៅ ១០០ ប៊ីលានដុល្លារក្នុងមួយឆ្នំា នឹងមិនសម្រេចបានមុនឆ្នំា ២០២៣នោះទេ ប៉ុន្តែយើងបានឃើញសញ្ញាណល្អមួយចំនួន។ មូលនិធិបន្សុំា បានបំបែកកំណត់ត្រាការកៀរគរធនធានបានចំនួន ៣៥៦ លានដុល្លារ និងមូលនិធិសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ទទួលបានជាង ៦០០ លានដុល្លារ ក្នុងការសន្យាថ្មី។ ការចរចាលើហិរញ្ញប្បទាន កាបូនក្រោមមាត្រា ៦ ត្រូវបានបញ្ចប់ ហើយវាបានបង្កើតជាកាលានុវត្តភាពធំដើម្បីប្រមូលធនធានសម្រាប់សកម្មភាពកាត់បន្ថយក្នុងប្រទេសមួយចំនួនដូចជាកម្ពុជា។ COP26 ក៏មានការសន្យាសំខាន់ពីវិស័យឯកជន និងសាធារណៈ សម្រាប់វិស័យដឹកជញ្ជូន ថាមពល និរន្តរភាពព្រៃឈើ និងកសិកម្ម។ ខ្ញុំបានឃើញការគំាទ្រពីវិស័យឯកជន ដែលមិនធ្លាប់មានក្នុងការប្រជុំ COPs ពីមុន។
សម្រាប់ឯកឧត្តម នេះជាសញ្ញាបង្ហាញថាលក្ខខណ្ឌតម្រូវគឺមានរួចជាសម្រេចសម្រាប់ការផ្លាស់ប្តូរជាសកលទៅកាន់សេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍដែលមានភាពឆ្លាតវៃខាងអាកាសធាតុ។ ដូចច្នេះសាររបស់ឯកឧត្តមថ្ងៃនេះគឺ យើងត្រូវចាប់យកកាលានុវត្តភាពនេះ និងធ្វើឱ្យការផ្លាស់ប្តូរនេះកើតមាននៅកម្ពុជា។
រដ្ឋមន្ត្រីបរិស្ថានបានបន្តទៀតថា យើងត្រូវបន្តពង្រឹងភាពជាដៃគូរបស់យើងបន្ថែមទៀតដើម្បីសម្រេចបានការប្តេជ្ញាចិត្តដែលបានលើកឡើង។ យើងបើកចំហរសម្រាប់គំនិតថ្មី និងភាពជាដៃគូថ្មី ហើយយើងនឹងធ្វើការជាមួយដៃគូអភិវឌ្ឍន៍របស់យើងដើម្បីប្រែក្លាយការប្តេជ្ញាចិត្តទំាងនោះទៅជាសកម្មភាពជាក់លាក់។ ការអនុវត្តយុទ្ធសាស្រ្តនេះ នឹងត្រូវការហិរញ្ញប្បទានប្រមាណ ៥០០ លានដុល្លារ ក្នុងមួយឆ្នាំនៅពេលចាប់ផ្តើមដំបូងដោយមានការផ្តល់ហិរញ្ញប្បទានពីផ្នែកសាធារណៈ និងឯកជន ហើយនឹងបន្តបង្កើនបន្តិចម្តងដល់ ២,៥ ពាន់លានដុល្លារក្នុងមួយឆ្នំានៅឆ្នំា ២០៥០។ រដ្ឋាភិបាលនឹងចូលរួមមួយផ្នែក ហើយថវិការបស់យើងចំណាយសម្រាប់ការងារប្រែប្រួលអាកាសធាតុបានកើនឡើងលឿនជាងហិរញ្ញប្បទានអាកាសធាតុពីខាងក្រៅក្នុងរយៈពេល ១០ឆ្នំាចុងក្រោយ ហើយយើងមានផែនការដើម្បីគំាទ្របន្ថែមលើសេដ្ឋកិច្ចបៃតងតាមរយៈវិធានការសារពើពន្ធ និងបទប្បញ្ញត្តិនានា។ ច្បាប់វិនិយោគថ្មីរបស់យើងបានបញ្ចូលរួចជាស្រេចវិធានការជាក់លាក់ដើម្បីជំរុញការវិនិយោគបៃតង។ យើងមិនអាចដោះស្រាយបញ្ហាដ៏ធំនេះតែម្នាក់ឯងបានឡើយ។ មិនទាន់មានប្រទេសណាសម្រេចបានចំណូលខ្ពស់ និងអព្យាក្រឹតកាបូននោះទេ។ យើងត្រូវការបង្កើនការវិនិយោគទំាងផ្នែកឯកជន និងសាធារណៈ រួមទំាងការផ្ទេរបច្ចេកវិទ្យា និងគំាទ្រការអភិវឌ្ឍជំនាញដែលជាតម្រូវការសម្រាប់សេដ្ឋកិច្ចបែបថ្មីនេះ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ