ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់ លោក មូន ជេអ៉ីន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បង្កើនកូតា ក្នុងការទទួលយកពលករខ្មែរទៅធ្វើការនៅក្នុងប្រទេសនេះ ឱ្យបានច្រើនឡើងថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចបានជួបពិភាក្សាការងារជាមួយ លោក មូន ជេអ៉ីន អំឡុងបំពេញទស្សនកិច្ច នៅសាធារណរដ្ឋកូរ៉េ និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ»។

សម្ដេចតេជោ ក៏បានមានប្រសាសន៍ទាក់ទងទៅនិងពលករ ដែលមកបម្រើការងារនៅប្រទេសកូរ៉េ។ សម្ដេចតេជោបានស្នើសុំឲ្យកូរ៉េ បន្តបង្កើនកូតានាំពលករកម្ពុជា មកធ្វើការនៅប្រទេសកូរ៉េបន្ថែមទៀត នឹងបន្តយកចិត្តទុកដាក់ ចំពោះសុខុមាលភាពរបស់ពលករកម្ពុជា ហើយសម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះកូរ៉េ លើការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ពលករកម្ពុជា ដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េនេះ។
លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ឱ្យដឹងថា បន្ថែមលើការស្នើឱ្យកូរ៉េខាងត្បូង បង្កើនកូតាសម្រាប់ការទទួលយកពលករខ្មែរនេះ សម្តេចក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ពលករខ្មែរនៅក្នុងប្រទេសនេះផងដែរ។

កូរ៉េជាប្រទេសដែលមានពលករខ្មែរធ្វើការច្រើនជាងគេលំដាប់ទី២ បន្ទាប់ពីប្រទេសថៃ។ របាយការណ៍ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្ននេះ ពលករកម្ពុជាដែលកំពុងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ មានប្រមាណ ៤៥,០០០នាក់ ខណៈដែលឆ្នាំ២០២១ កន្លងទៅនេះ គ្រាដែលពិភពលោករងការរាតត្បាតជំងឺកូវីដ១៩ ប្រទេសកូរ៉េខាងត្បូង បានទទួលពលករកម្ពុជាចំនួន ២៥០០នាក់។
គិតត្រឹមឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសការងារនៅក្រៅប្រទេសជូនប្រជាពលរដ្ឋ បានចំនួនជាង ១ ៣០១ ៦០៩ នាក់ (ស្រី ៥២៨ ៧៩៩ នាក់) ក្នុងនោះ ប្រទេសថៃមានចំនួន ១ ២២០ ១៩៧នាក់ ប្រទេសកូរ៉េមានចំនួន ៤ ៥៨៦០ នាក់ ប្រទេសម៉ាឡេស៊ីមានចំនួន ២៣ ០២៧ នាក់ ប្រទេសជប៉ុនមានចំនួន ១១ ៤៥៣ នាក់ ប្រទេសសិង្ហបុរីមានចំនួន ៨២១ នាក់ ហុងកុងមានចំនួន ២០២ នាក់ និងអារ៉ាប់ប៊ីសាអូឌីតចំនួន ៤៣ នាក់។
នៅរសៀលថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជួបសន្ទនាដោយផ្ទាល់ជាមួយបងប្អូនជនរួមជាតិកម្ពុជា ដែលកំពុងស្នាក់នៅប្រកបរបរទទួលទាន និងបំពេញការងារ នៅសាធារណរដ្ឋកូរ៉េ។

ក្នុងជំនួបដ៏កម្រនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការសាកសួរសុខទុក្ខ ជូនចំពោះ បងប្អូនតំណាងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលស្នាក់នៅប្រកបរបរទទួលទាននៅសាធារណរដ្ឋកូរ៉េ ពីក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ដែលបងប្អូនខ្មែរជាច្រើន មិនបានធ្វើដំណើរមកដោយផ្ទាល់ និងមួយវិញទៀត ដោយសាតែកម្មវិធីរបស់សម្តេចមានភាពមមាញឹកខ្លាំងពេក និងដោយសាតែការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសកូរ៉េ ហើយដែលអាជ្ញាធរកូរ៉េ មិនអនុញ្ញាតឲ្យមានការជួបជុំជាលក្ខណៈទ្រង់ទ្រាយធំបាន។
នៅក្នុងជំនួនសន្ទនានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការសាកសួរដោយផ្ទាល់ ពីជីវភាពរស់នៅ ការប្រកបមុខរបរចិញ្ចឹមជីវិត ការបំពេញការងារផ្សេងៗ រួមទាំងជីវិតគូរស្រករ របស់ក្មួយៗ ចៅៗ ជាស្រ្តីមួយចំនួន ដែលបានចាកចេញពីមាតុប្រទេស មកស្នាក់នៅមានស្វាមី ភរិយា នៅ សាធារណរដ្ឋកូរ៉េ។ ក្មួយៗ ចៅៗ ទាំងអស់ដែលមានវត្តមាន បានជម្រាបជូនសម្តេចថា ក្មួយៗ ចៅៗ បើទោះបីចាកចេញពីមាតុប្រទេសក៏ពិតមែន ប៉ុន្តែក្មួយៗ ចៅៗ ពិតជាមានសេចក្តីសុខ សុភមង្គល ដោយទទួលបានស្វាមីប្រកបដោយព្រហ្មវិហាធម៌ និងបានក្លាយជាគ្រួសារសមល្មម នៅសាធារណរដ្ឋកូរ៉េ។ ជាមួយនឹងអ្វីដែលជាសេចក្តីរីករាយនេះ ក្មួយៗ ចៅៗ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានកសាងស្ពានមេត្រី ពិសេសផ្តល់កំណើតឲ្យក្មួយៗ ចៅៗ មានសុភមង្គល និងមាន សេចក្តីសុខរហូតមកដល់ថ្ងៃនេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី





