ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង បានណែនាំឲ្យមន្រ្តី ចុះទៅកាន់មូលដ្ឋានប្រជាពលរដ្ឋ ជាពិសេសចូលរួមផ្ដល់ការគាំទ្រដល់បេក្ខជន បេក្ខនារីក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្ស ឱ្យធ្វើសកម្មភាពនានា នៅមូលដ្ឋាន គឺជាអាទិភាព និងត្រូវរួមគ្នា ប្រមូលបញ្ហាប្រឈម នៅមូលដ្ឋាន មកដោះស្រាយ ដោយគ្មានការលាក់លៀម។

សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានថ្លែងនាព្រឹកថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតី កិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំឆ្នាំ២០២១ លើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សខេត្តព្រៃវែង ប្រារព្ធនៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កិច្ចប្រជុំនេះនឹងផ្ដោតលើខ្លឹមសារសង្ខេបអំពីលទ្ធផលការការងារនៅឆ្នាំ២០២១ ទិសដៅឆ្នាំ២០២២ ពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ តាមរយៈរបាយការណ៍សង្ខេបពីប្រធានគណបក្សខេត្ត និងរបាយការណ៍គណៈកម្មាធិការកណ្ដាលគណបក្ស ព្រមទាំងផ្ដល់ឱកាសឱ្យអង្គប្រជុំចូលរួមផ្ដល់យោបល់អំពីបញ្ហាប្រឈម ដើម្បីស្វែងរកដំណោះស្រាយនាឱកាសនេះ។

សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ទៅកាន់អង្គប្រជុំអំពីប្រធានបទសំខាន់ៗមួយចំនួន ដូចជាការប្រែប្រួលភូមិសាស្រ្តនយោបាយលើពិភពលោក ស្ថាភាពជំងឺកូវីដ-១៩ប្រភេទអូមីក្រុង ស្ថានភាពនៅមីយ៉ាន់ម៉ានិងកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោជាដើម។
សម្ដេចបន្តថា ទោះបីជានៅឆ្នាំ២០២១ មានការបន្តប្រឈមុខខ្ពស់នឹងជំងឺឆ្លងកូវីដ-១៩ ក៏កម្ពុជានៅតែអាចបន្តរក្សាបានសុខសន្តិភាព និងស្ថិរភាពជាតិ បង្កលក្ខណៈសម្រាប់ការរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន ក្នុងនោះក៏រួមទាំងការត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នាពេលខាងមុខផងដែរ។
សម្ដេចក៏បានសម្ដែងការកោតសរសើរ គណៈកម្មាធិការគណបក្សខេត្តព្រៃវែង ដែលបានបំពេញភារកិច្ចជាច្រើន សម្រាប់ការត្រៀមខ្លួន ចូលរួមប្រកួតប្រជែងការបោះឆ្នោតខាងមុខ រួមទាំងការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះ។
សម្ដេចក៏បានផ្ដាំផ្ញើទៀតថា កិច្ចការបន្តចាប់ពីពេលនេះទៅ ការប្រមូលផ្ដុំគ្នាចុះទៅកាន់មូលដ្ឋានប្រជាពលរដ្ឋ ជាពិសេសចូលរួមផ្ដល់ការគាំទ្រដល់បេក្ខជន បេក្ខនារីក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សឱ្យធ្វើសកម្មភាពនានានៅមូលដ្ឋានគឺជាអាទិភាព ហើយទន្ទឹមនឹងនេះត្រូវរួមគ្នាប្រមូលបញ្ហាប្រឈមនៅមូលដ្ឋានមកដោះស្រាយ ដោយគ្មានការលាក់លៀម ខិតខំផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋល្អដោយមិនប្រកាន់និន្នាការនយោបាយ ធ្វើអំពើល្អដោយការមិនរំលោភអំណាច មិនបំពានសិទ្ធិ សេរីភាពប្រជាពលរដ្ឋ និងត្រូវពង្រឹងគុណភាពសមាជិកមានស្រាប់ ព្រមទាំងពង្រីកសមាជិកថ្មីបន្ថែម។

នាឱកាសនោះដែរ សម្ដេចក្រឡាហោមក៏បានគូសបញ្ជាក់អំពីការបន្តប្រព្រឹត្តទៅនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សារៈសំខាន់នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គ្រោះថ្នាក់ចរចរណ៍ ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមទាំងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ សម្ដេចបានបន្តស្នើឱ្យអាជ្ញាធរ បង្កើនការយកចិត្តទុក បញ្ហាគ្រឿងញៀន ហើយឪពុកម្ដាយ អាណាព្យាបាលត្រូវជួយទប់ស្កាត់ ក្រុមគ្រួសារ កុំឱ្យជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។
សម្ដេចក្រឡាហោម ស ខេង បានផ្ដល់អនុសាសន៍ផ្ដាំផ្ញើឱ្យថ្នាក់ដឹកនាំ និងសមាជិកសមាជិការគណបក្សខេត្តព្រៃវែង បន្តខិតខំរួមគ្នាយកចិត្តទុកដាក់បំពេញភារកិច្ចទៅតាមផែនការ និងប្រតិទិននៃការបោះឆ្នោត រួមទាំងការរៀបចំភ្នាក់ងារគណបក្ស អ្នកសង្កេតការណ៍បោះឆ្នោត។ សម្ដេច ក៏បានណែនាំឱ្យបន្តចូលរួមផ្សព្វផ្សាយស្មារតី នៃកិច្ចប្រជុំនាថ្ងៃនេះ ដល់សមាជិកសមាជិការ នៅតាមមូលដ្ឋានផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី


