ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិង សហប្រតិបត្តិ ការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តី ការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (ASEAN Foreign Ministers’ Retreat) នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៥ ដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត នឹងអញ្ជើញចូលថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេច ព្រះមរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ឯកឧត្តមរដ្ឋមន្រ្តីការបរទេស នឹងអញ្ជើញចូលជួបសម្តែងការ គួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងមានជំនួបទ្វេភាគីជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានា ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម និងក្តីបារម្ភរួម ។

ដំណើរទស្សនកិច្ចរបស់ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត មកកាន់កម្ពុជា នឹងបន្តជំរុញ និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ ចំណងមិត្តភាព ជាប្រពៃណី និងភាពជាបងប្អូន រវាងកម្ពុជានិងស.ប.ប.ឡាវ ឈានទៅរកការលើកកម្ពស់ថ្មីមួយដើម្បីផល ប្រយោជន៍ទៅវិញ ទៅមក នៃប្រទេសទាំងពីរ៕ រក្សាសិទ្ធិដោយ : ចេស្តារ
