ភ្នំពេញ ៖ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) ទទួលបន្ទុកការងារបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ អ្នកតំណាងធនាគារធំៗចំនួន ៦ស្ថាប័ន ពាក់ព័ន្ធនឹងការសហការតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់រួម (ប្រព័ន្ធ cdcOSP) របស់ ក.អ.ក. សំដៅជំរុញការធ្វើឌីជីលូបនីយកម្មក្នុងការផ្តល់សេវាសាធារណៈឱ្យបានកាន់តែប្រសើរ និងចំណាយពេលវេលាកាន់តែតិចជូនដល់អ្នកស្នើសុំសេវាសាធារណៈរបស់ ក.អ.ក. ព្រមទាំងពង្រឹងកិច្ចសហការរវាងផ្នែករដ្ឋ និងវិស័យឯកជន ក្នងការធានានូវភាពធន់ និងលទ្ធភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង។កិច្ចពិភាក្សានេះបានធ្វើឡើងនាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ ។
កិច្ចប្រជុំពិភាក្សានារសៀលនេះ មានការចូលរួមពី ឯកឧត្តម សួន សុផល អគ្គលេខាធិការរង នៃគណៈកម្មាធិការវិនិយោគកម្ពុជា ទទួលបន្ទុកការងារទំនាក់ទំនងសាធារណៈ និងការជំរុញគម្រោងវិនិយោគឯកជន ព្រមទាំងមន្ត្រីបច្ចេកទេសពាក់ព័ន្ធពី គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា, នាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយ, នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងការជំរុញគម្រោងវិនិយោគឯកជន, និង នាយកដ្ឋានហិរញ្ញវត្ថុ។ ជាមួយគ្នានោះ ធនាគារធំៗទាំង ៦ ដែលបានចូលរួម មានដូចជា៖ (១)ធនាគារអេស៊ីលីដា ភីអិលស៊ី, (២)ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា, (៣)ធនាគារ វីង, (៤)ធនាគារ កាណាឌីយ៉ា, (៥)ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់, និង (៦)ធនាគារ ជីបម៉ុង។
កិច្ចពិភាក្សាពាក់ព័ន្ធនឹងការសហការតភ្ជាប់ប្រព័ន្ធ cdcOSP នេះ មិនត្រឹមតែជាការងារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែគឺជាការត្រៀមលក្ខណៈយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់បរិយាកាសវិនិយោគក្នុងយុគសម័យឌីជីថល បើទោះបីជាប្រទេសជាតិកំពុងស្ថិតក្នុងបរិបទដ៏តានតឹង ដោយសារស្ថានការណ៍ការឈ្លានពានពីបរទេសកំពុងតែក្តៅគគុកក៏ដោយ។ ការរៀបចំប្រព័ន្ធទូទាត់ឌីជីថលប្រកបដោយប្រសិទ្ធភាព នឹងចូលរួមជួយជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ឱ្យបានលឿនរហ័សឡើងវិញ តាមរយៈការទាក់ទាញ និងសម្រួលលំហូរវិនិយោគប្រកបដោយទំនុកចិត្ត។
បន្ថែមពីនោះ ក.អ.ក. រួមជាមួយធនាគារដៃគូទាំង ៦ស្ថាប័នដែលបានចូលរួម បានបង្ហាញពីទំនុកចិត្តយ៉ាងមុតមាំ និងគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចទាំងពីរ ក្នុងកាលៈទេសៈជាតិដ៏សំខាន់នេះ។ កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការរួមចំណែកតាមវិស័យរៀងៗខ្លួន ដើម្បីធានានូវស្ថិរភាព និងភាពរឹងមាំរបស់សង្គម-សេដ្ឋកិច្ចជាតិ ក្នុងការបង្កើនកម្លាំងតតាំងជាមួយសត្រូវឈ្លានពាន។
សូមជម្រាបដែរថា៖ ក.អ.ក. បានដាក់ចេញឱ្យប្រើប្រាស់នូវប្រព័ន្ធទូទាត់ប្រាក់រួម (CDC One Stop Service Payment – cdcOSP) ដែលជាថ្នាលកណ្តាលតភ្ជាប់រវាងប្រព័ន្ធផ្តល់សេវា និងប្រព័ន្ធទូទាត់ប្រាក់របស់ធនាគារដៃគូ។ ប្រព័ន្ធ cdcOSP នេះគឺជាចំណុចគន្លឹះដ៏សំខាន់ នៃប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ ដែលបាននិងកំពុងសម្រួលដល់ការបង់កម្រៃសេវាឱ្យមានលក្ខណៈសម្បូរបែប និងស្វ័យប្រវត្តិ ដោយអាចទូទាត់បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា៕ រក្សាសិទ្ធដោយ៖សុទ្ធលី











