ព្រំដែនកម្ពុជា-ថៃ ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក តុប សារ៉ន អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ បានជំរុញ និងណែនាំឱ្យកងកម្លាំងយោធាដែលការពារទឹកដីនៅតាមបន្ទាត់ព្រំដែន បង្កើនការយកចិត្តទុកដាក់ចញ្ចឹមសត្វ ដាំបន្លែរួមផ្សំដើម្បីបន្ថែមលើស្បៀង ដែលមានស្រាប់ក្នុងការហូបចុកសម្រាប់អង្គភាពរបស់ខ្លួននីមួយៗ និងណែនាំឱ្យអង្គភាព យកចិត្តទុកដាក់ក្នុងការងារអនាម័យ ការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស មេរោគបំប្លែងថ្មីអូមីក្រុង។

លោកជំទាវ ឧត្តមសេនីយ៍ឯក តុប សារ៉ន លើកឡើងបែបនេះ ក្នុងឱកាសលោកជំទាវដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងប្រគល់អំណោយ ស្បៀង និងសម្ភារៈកីឡា-វេជ្ជសាស្ត្រ ជូនដល់មូលដ្ឋានកងទ័ពជើងគោកនៅឯបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងចុះពិនិត្យមើលការងារបង្កបង្កើនផល និងការដាំដំណាំរួមផ្សំ របស់អង្គភាពនីមួយៗនៃកងពលលេខ៤ លេខ៥ និង លេខ៦ ដែលកំពុងឈជើងការពារនៅតាមបន្ទាត់ព្រំដែន កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវឧកញ៉ា ជីប យុទ្ធារី អគ្គនាយិកាមជ្ឈមណ្ឌលព័ត៌មាន CEN ព្រមទាំងក្រុមមន្ត្រីយោធា នៃក្រសួងការពារជាតិជាច្រើនរូបទៀត។

ពិធីប្រគល់អំណោយ ត្រូវបានធ្វើឡើងនៅទីបញ្ជាការកងពលលេខ៦ ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ហើយសម្ភារៈដែលត្រូវបាន ប្រគល់ជូនអង្គភាពកងពលនីមួយៗ បាល់ចំនួន ៥ , ប៊ូល១ឈុត , ម៉ាស់ការពារកូវីដ-១៩ ចំនួន ២៥០០ម៉ាស , សាប៊ូដុសខ្លួន៤០ដុំ , មី២កេសធំ , ប៊ីចេង៥គីឡូ , ក្រមា និងក្រណាត់ខោ៥០ដុំ ។ សូមបញ្ជាក់ថា នេះគឺជាអំណោយរបស់សប្បុរសជន និង អំណោយរបស់ លោកជំទាវ ឧត្តមសេនីយ៍ឯក តុប សារ៉ន ផ្ទាល់ ជូនដល់អង្គភាព ដែលជាអតីតអង្គភាពចាស់របស់លោកជំទាវ។

ទាក់ទងទៅនឹងការងារបង្កបង្កើនផល នៅតាមបណ្ដាអង្គភាពនីមួយៗ លោកជំទាវ ឧត្តមសេនីយ៍ឯក តុប សារ៉ន បានប្រាប់ដល់ក្រុមកងទ័ពថា ក្នុងបរិបទកូវីដ-១៩ ប្រសិនបើគ្មានការចូលរួមទប់ស្កាត់ ពីសំណាក់ប្រជាពលរដ្ឋទាំងអស់គ្នា ក្នុងនោះរួមមាន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សកម្មជនជួរមុខនោះទេ នឹងធ្វើប៉ះពាល់ដល់ស្ថានភាពប្រទេសជាតិយ៉ាងខ្លាំង ដូចជា ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ ភាពវឹកវរផ្សេងៗ ដូច្នេះ ក្រុមកងទ័ព មិនត្រឹមតែចូលរួមទប់ស្កាត់ ដោយអនុវត្តវិធានការសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ប៉ុណ្ណោះទេ គឺត្រូវបង្កើនការយកទុកដាក់ ទៅលើស្បៀងហូបចុកនៅក្នុងបន្ទាយ ដូចជា ការបង្កបង្កើនផល ការដាំដំណាំរួមផ្សំនេះ ជាដើម គឺជាភាពចាំបាច់។

លោកជំទាវបានលើកឡើងពីការព្រួយបារម្ភ របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល គឺសម្តេចតេជោ ហ៊ុន សែន ដោយសម្ដេចបានមានប្រសាសន៍ថា ប្រសិនបើយើងទាំងអស់គ្នា មិនបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩អូមីក្រុងនោះទេ សង្គមយើងនឹងជួបក្ដីអន្តរាយ ជាយថាហេតុ ដូច្នេះសូមពលទាហាន នាយទាហានរង នាយទាហានទាំងអស់ រួមគ្នាទប់ស្កាត់កុំឱ្យមាន ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងបង្កើនការប្រុងប្រយ័ត្នទប់ស្កាត់ បង្រ្កាបបទល្មើសផ្សេងៗនៅតាមតំបន់ព្រំដែន នៅតាមមូលដ្ឋាន ដល់សុវត្ថិភាពសេចក្ដីសុខជូនប្រជាពលរដ្ឋ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN















