ភ្នំពេញ ៖ សមត្ថកិច្ចបានចាប់ខ្លួនលោកឧត្ដមសេនីយ៍ឯក ឌួង ងៀប អគ្គលេខាធិការរង ក្រសួង មហាផ្ទៃ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។ បន្ទាប់ពីចាប់ខ្លួន លោកឧត្ដមសេនីយ៍ឯក ឌួង ងៀប ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ។
លោកសាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ CEN ថា ពិតជាមានការចាប់ខ្លួនលោកឧកញ៉ា ឌួង ងៀប ប្រាកដមែន គឺតាមដីការបស់តុលាការ និងបានបញ្ជូនទៅតុលាការហើយ។

តុលាការក្រុងភ្នំពេញកាលពីពេលថ្មីៗនេះ បានប្រកាសថា នឹងបន្តអនុវត្តតាមនីតិវិធីជាធរមាន ចំពោះជនត្រូវចោទឈ្មោះ ឌួង ងៀប ដោយមិនអនុញ្ញតឲ្យជនត្រូវចោទ ប្រើប្រាស់បណ្តាញសង្គម ដើម្បីគេចវេសពីការទទួលខុសត្រូវរបស់ខ្លួនឡើយ។
សូមអានសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។ សូមជម្រាបថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ធ្វើលិខិតគោរពជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពីការចោទប្រកាន់ ជាផ្លូវការចំពោះលោកឧត្ដមសេនីយ៍ឯក ឌួង ងៀប អគ្គលេខាធិការរង ក្រសួងមហាផ្ទៃ ពីបទឆបោក និងក្លែងបន្លំឯកសារសាធារណៈ ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ


