ភ្នំពេញ៖ រហូតមកដល់ម៉ោង១២ថ្ងៃត្រង់នេះក៏ដោយ រដ្ឋបាលរាជធានីភ្នំពេញនៅតែទទួលអំណោយពីសប្បុរសជននានាដដែល។នេះបញ្ជាក់ពីខឿនការពារជាតិប្រជាជនក្រោមការដឹកនាំរបស់សម្ដេចតេជោធិបតី។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ពោលគឺក្រោយពីផ្ទុះសង្គ្រាមជាថ្មីពីក្រុមទាហានថៃឈ្លានពានចូលបូរណៈភាពទឹកដីកម្ពុជា មានសប្បុរសជន,ក្រុមហ៊ុនឯកជននិងស្ថាប័នរដ្ឋជាង១០០ហើយ បានសម្រុកយកអំណោយជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ជាច្រើនមុខទៀត មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំបែងចែក ជូនបងប្អូនកងទ័ពជួរមុខកម្ពុជា និងបងប្អូនប្រជាពលរដ្ឋជម្លៀសខ្លួនទៅតាម មណ្ឌលសុវត្ថិភាពនានា។
សំរាប់ថ្ងៃអាទិត្យទី១៤ធ្នូ២០២៥នេះ ក៏មិនខុសពីថ្ងៃម្សិលម៉ិញដែរ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវអមដោយអភិបាលរងជាច្រើនរូប
បានអញ្ជើញទទួលអំណោយពីសប្បុរសជន នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ ដែលមានសប្បុរសជននានា,ក្រុមហ៊ុនឯកជននិងស្ថាប័នរដ្ឋជាច្រើនបានសម្រុកយកអំណោយមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដែលមានដូចជា៖ អំណោយអាជ្ញាធរខណ្ឌព្រែព្នៅថវិកាចំនួន៣០លានរៀលសំភារនិងស្បៀងអាហារផ្សេងចំនួន៧ឡាន គណកម្មការគ្រប់គ្រងផ្សារធំថ្មី, គណកម្មការផ្សារទួលទំពូង, បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងសប្បុរសជនជាច្រើនទៀត។សម្រាប់នៅល្ងាចថ្ងៃទី១៣ធ្នូម្សិលម៉ិញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ,គណកម្មការផ្សារ,អាជ្ញាធរខណ្ឌចំការមន,ខណ្ឌ៧មករា និងសប្បុរសជនជាច្រើនទៀតក៏បានយកអំណោយមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញរហូតដល់ពេលយប់ផងដែរ។
អំណោយដែលទទួលបាននាព្រឹកថ្ងៃអាទិត្យទី១៤ធ្នូនេះ ក៏មិនខុសពីថ្ងៃមុនៗដែរ គឺមានដូចជា៖ថវិកា ត្រីខ មី ពងទាប្រៃ ទឹកបរិសុទ្ធ អង្ក អំបុក ត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវ ស្ពៃក្តោប ប្រែងឆា ខ្សែចង មួក កន្ទេល នំក្រៀម ឆ្នាំង ភួយ,ទឹកផ្លែឈើនិងទឹកក្រូច ក្រម៉ា ខោ អាវនិង ថ្នាំពេទ្យជាដើម។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋជាសប្បុរសជនទាំងអស់ដែលបានចំណាយធនធានចូលរួមឧបត្ថម្ភ តាមរយៈ រដ្ឋបាលរាជធានីភ្នំពេញ ដេីម្បីត្រៀមរៀបចំ បែងចែកជូនបងប្អូនកងទ័ពជួរមុខកម្ពុជានិងបងប្អូនប្រជាពលរដ្ឋជម្លៀសខ្លួន ទៅតាមមណ្ឌលសុវត្ថិភាពនានា ។រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ។ ទឹកចិត្តបងប្អូនប្រជាពលរដ្ឋកំពុងផុសផុល មកចូលរួមឧបត្ថម្ភដល់វីរកងទ័ពជួរមុខនិង ក្រុមគ្រួសារប្រជាពលរដ្ឋ ដែលកំពុងជម្លៀសចេញមកទីកន្លែង សុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរ ស្រលាញ់ ខ្មែរ ។
លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ គិត ត្រឹម ម៉ោង ១៨:០០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាល រាជធានី ភ្នំពេញ បានទទួល អំណោយសរុបចំនួន៣៦៨.៤៧០.៣២៥ រៀលប្រាក់ដុល្លារចំនួន៧៥. ៤៦៤ ដុល្លារ អាមេរិកនិងសម្ភារគ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារ ផ្សេងៗ ជាច្រេីនមុខ ទៀត។សូម គោរព ថ្លែងអំណរគុណនូវ ទឹកចិត្តសប្បុរសធម៌របស់បងប្អូន ប្រជាពលរដ្ឋ ក្នុង ស្មារតី ខ្មែរ ជួយ ជាតិខ្មែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី
































