ភ្នំពេញ ៖ កម្លាំងនគរបាល បានចាប់ខ្លួន លោកឧត្ដមសេនីយ៍ឯក ឌួង ងៀប អគ្គលេខាធិការរង ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ហើយត្រូវបានចាត់បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ភ្លាមៗដើម្បីបន្តនីតិវិធីច្បាប់។
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ CEN ថា ពិតជាមានការចាប់ខ្លួនលោកឧកញ៉ា ឌួង ងៀប ប្រាកដមែន គឺចាប់តាមដីការបស់តុលាការ និងបានរៀបចំបញ្ជូនទៅតុលាការហើយដើម្បីអនុវត្តនីតិវិធី។

សូមបញ្ជាក់ថា តុលាការក្រុងភ្នំពេញកាលពីពេលថ្មីៗនេះ បានប្រកាសថា នឹងបន្តអនុវត្តតាមនីតិវិធីជាធរមាន ចំពោះជនត្រូវចោទ ឈ្មោះ ឌួង ងៀប ដោយមិនអនុញ្ញតឲ្យជនត្រូវចោទប្រើប្រាស់បណ្តាញសង្គមដើម្បីគេចវេះពីការទទួលខុសត្រូវរបស់ខ្លួនឡើយ។
គួររំលឹកថាថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើលិខិតគោរពជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពីការចោទប្រកាន់ ជាផ្លូវការចំពោះ លោកឧត្ដមសេនីយ៍ឯក ឌួង ងៀប អគ្គលេខាធិការរង ក្រសួងមហាផ្ទៃ ពីបទឆបោក និងក្លែងបន្លំឯកសារសាធារណៈ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យសាធារណជនដឹងថា ករណី លោក ឌួង ងៀប ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៧២១៧ ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ មិនត្រូវបានតុលាការបើកការស៊ើបអង្កេត លើឈ្មោះឌួង ងៀប តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ១៨៣៤ អ.យ.ជ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ពីបទ ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន លើអង្គហេតុពាក់ព័ន្ធនឹងការលក់អចលនវត្ថុមួយកន្លែង ដែលអ្នកទិញជាដើមបណ្ដឹងរដ្ឋប្បវេណីឈ្មោះ ឈី យូ យិន និងឈ្មោះ យ៉ៅ ឈីងគីង បានប្រគល់ថ្លៃដីគ្រប់ចំនួន ៧.៣០៥.០០០ដុល្លារ ឱ្យទៅជនត្រូវចោទឈ្មោះ ឌួង ងៀប រួចរាល់ ប៉ុន្តែជនត្រូវចោទពុំមានដីនោះឡើយ។
ក្នុងការសម្របសម្រួលដោះស្រាយទំនាស់នេះ ឈ្មោះ ឌួង ងៀប បានចេញមូលប្បទានបត្រចំនួន ៣សន្លឹក ដែលមានលេខ ១៤៥៥៧៧ មានតម្លៃ ១.៦៥០.០០០ដុល្លារ , លេខ ២១៣៨៩៧ មានតម្លៃ ៣.៦៥៥.០០០ដុល្លារ , និងលេខ ១៣២៧៨៨ មានតម្លៃ ២.០០០.០០០ដុល្លារ ទៅឲ្យដើមបណ្ដឹងរដ្ឋប្បវេណី។ បន្ទាប់មក ដើមបណ្ដឹងរដ្ឋប្បវេណី បានយកមូលប្បទានបត្រទាំង៣សន្លឹកនោះ ទៅបើកប្រាក់នៅធនាគារ ប៉ុន្តែខាងធនាគារបញ្ជាក់ថា មូលប្បទានបត្រទាំង៣សន្លឹកនោះ គ្មានសាច់ប្រាក់ទេ។

ក្នុងដំណាក់កាលស៊ើបសួរ ចៅក្រមស៊ើបសួរបានពិនិត្យ ផ្ទៀងផ្ទាត់ភស្តុតាង និងសួរចម្លើយជនត្រូវចោទ ឈ្មោះ ឌួង ងៀប ហើយបានសម្រេចមិនឃុំខ្លួនជនត្រូវចោទដោយជំនួសមកវិញនូវការដាក់ជនត្រូវចោទឲ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ តាមរយៈដីកាសម្រេចលេខ ៤២៩៣ “ម” ដ.ព.ស ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ដែលមានកាតព្វកិច្ចតម្រូវឲ្យជនត្រូវចោទដាក់ប្រាក់ធានាមិនឃុំខ្លួននេះ ចំនួន ៥.៣០៥.០០០ដុល្ការ មកតម្កល់នៅក្នុងគណនីរបស់សាលាដំបូងរាជធានីភ្នំពេញក្នុងរយៈពេលមួយខែ តែជនត្រូវចោទពុំបានយកប្រាក់ធានាខ្លួននេះ មកតម្កល់តាមការកំណត់ក្នុងដីកាសម្រេចនោះឡើយ, ដោយជនត្រូវចោទ ឈ្មោះ ឌួង ងៀប បានគេចវេះពីកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ, ដូច្នេះ ចៅក្រមស៊ើបសួរក៏បានចាត់វិធានការបន្តតាមនីតិវិធីស្របតាមបញ្ញត្តិមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ហើយត្រូវបានឈានដល់ការចាប់ខ្លួន លោកឧត្តមសេនីយ៍ឯក ឌួង ងៀប តែម្ដង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN



