Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធសាស្ត្រសន្តិភាពរបស់ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានអង្គប្រជុំកំពូលសម្រេចដាក់ឲ្យអនុវត្តដើម្បីសន្តិភាពនៅឧបទ្វីបកូរ៉េ

spot_img

ភ្នំពេញ ៖ក្នុងដំណើរទស្សនកិច្ច និងអញ្ជើញធ្វើជាសហប្រធានក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ស្តីពី សន្តិភាពនៅឧបទ្វីបកូរ៉េ កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កន្លងទៅនេះ កិច្ចប្រជុំកំពូលបានអនុម័តជាឯកច្ឆ័ន្ទលើឯកសារជាលទ្ធផល ចំនួនពីរ គឺ ១- សេចក្តីសម្រេចទីក្រុងសេអ៊ូលឆ្នាំ ២០២២ ឆ្ពោះទៅរកសន្តិភាព និងវិបុលភាពប្រកបដោយចីរភាពនៅឧបទ្វីបកូរ៉េ, និងទី២- គំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្តីពី រដ្ឋពីរឆ្ពោះទៅកាន់ប្រជាជាតិមួយ ឧបទ្វីបមួយ ប្រជាជនមួយ វប្បធម៌មួយ។

កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ស្តីពី សន្តិភាពនៅឧបទ្វីបកូរ៉េនេះ រៀបចំដោយអង្គការ សហព័ន្ធសន្តិភាពសាកលលោក (UPF), ឥស្សរជនដែលមានកិត្តិយសជាអធិបតី រួមមាន សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា ជាសហប្រធាននៃកិច្ចប្រជុំ, លោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ជាសហប្រធាននៃកិច្ចប្រជុំ និងលោកស្រីបណ្ឌិត ហាក់ចា ហាន់មូន សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសាកលលោក (UPF)។

នៅក្នុងពិធីលំដាប់ពិភពលោកដែលមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងមន្ត្រីជំនាញជាន់ខ្ពស់ជាង១០០ប្រទេសចូលរួមនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថា ទៅកាន់អង្គប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ថា មុននេះ សម្ដេចបានចូលរួមជួយជាផែនការ និងយុទ្ធសាស្ត្រជំរុញឱ្យមានសន្ធិសញ្ញាសន្តិភាព អចិន្ត្រៃយ៍នៅឧបទ្វីបកូរ៉េ និងបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់បន្តជំរុញកិច្ចសហប្រតិបត្តិការផ្អែកលើទំនុកចិត្ត និងការកសាងភាពជាដៃគូផ្តោតលើប្រជាជន ដើម្បីឆ្ពោះទៅរកការបង្រួបបង្រួមកូរ៉េទាំងពីរប្រកបដោយដោយសន្តិភាព។

ដោយសារមើលឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងមួយជីវិតលះបង់គ្រប់យ៉ាងសូម្បីតែជីវិតខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍ និងសុខដុមនីយកម្មរបស់ប្រជាជន និងបន្សល់ទុកសមិទ្ធផលល្អជាច្រើនក្នុងការបញ្ចប់សង្គ្រាមស៊ីវិល ដែលអូសបន្លាយអស់ជាច្រើនទសវត្សរ៍ និងការបង្កើតសន្តិភាពពេញលេញនៅកម្ពុជា ទើបគណៈកម្មាធិការពានរង្វាន់សន្តិភាពស៊ុនហាក់ និងអង្គការសហព័ន្ធសន្តិភាពសាកលលោក (UPF) រួមជាមួយបណ្ដាប្រទេសជាច្រើនក្នុងពិភពលោក សម្រេចផ្ដល់ពានរង្វាន់ សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ ជូនដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ពានរង្វាន់សន្តិភាព ស៊ុនហាក់ ឆ្នាំ២០២២ មិនមែនបានមកដោយសារតែការលះបង់របស់សម្តេចតែម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារអ្នកគាំទ្រសម្តេចតេជោក្នុងកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជាផងដែរ, សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ , ព្រះវររាជមាតាជាតិខ្មែរ សម្ដេចព្រះមហាក្សត្រី មុនិនាថ សីហនុ , សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបំពេញព្រះរាជតួនាទីលើកកម្ពស់ស្មារតីឯកភាពជាតិដល់ប្រជាជនកម្ពុជាទាំងអស់ឱ្យក្លាយជាមហាគ្រួសារ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ជនរួមជាតិ ក្នុងការគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះ «នយោបាយឈ្នះ-ឈ្នះ» ដែលបានបង្កើតបរិយាកាសអំណោយផលសម្រាប់សន្តិភាពជានិច្ចនិរន្តនៅកម្ពុជា។

ងាកមកមើលសុន្ទរកថាសម្ដេច ក្នុងកិច្ចប្រជុំកំពូលពិភពលោកនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនថា សង្រ្គាមសុីវិល ឬសង្គ្រាមនៅប្រទេសណានោះទេ កម្ពុជាក្ដី , ឧបទ្វីបកូរ៉េក្ដី ឬប្រទេសណាមួយក្ដី គឺ គ្មានសន្តិភាព គ្មានក្តីសង្ឃឹម , គ្មានសន្តិភាព គ្មានការអភិវឌ្ឍ , គ្មានសន្តិភាព គ្មានការគោរពសិទ្ធិមនុស្ស និងគ្មានលទ្ធិប្រជាធិបតេយ្យ។

អានសុន្ទរកថាបណ្ដើរ ក្ដុកក្ដួលស្រក់ទឹកភ្នែកបណ្ដើរ ត្រង់ចំណុច សម្តេចតេជោ ហ៊ុន សែន រំលឹកដល់ដំណើរជីវិតដ៏ជូរចត់ ព្រាត់ប្រពន្ធ ព្រាត់កូន ជូបកូន កូនមិនស្គាល់ឪពុក ក្នុងបុព្វហេតុជាតិមាតុភូមិដែលជួបវិបត្តិសង្គ្រាមស៊ីវិល, ហើយវាបានបញ្ជ្រាបទៅរំជួលអារម្មណ៍ ធ្វើឱ្យអ្នកចូលរួមក្នុងកម្មវិធីនោះរំជើបរំជួលចិត្ត រលីងរលោងទឹកភ្នែកផងដែរ។

ងាកមកមើលលទ្ធផលសម្រេចដ៏ធំនៃកិច្ចប្រជុំកំពូលពិភពលោកសន្តិភាពនេះ គឺការអនុម័តជាឯកច្ឆន្ទ ÷ ១- សេចក្តីសម្រេចទីក្រុងសេអ៊ូលឆ្នាំ ២០២២ ឆ្ពោះទៅរកសន្តិភាព និងវិបុលភាពប្រកបដោយចីរភាពនៅឧបទ្វីបកូរ៉េ, និងទី២- គំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្តីពី រដ្ឋពីរឆ្ពោះទៅកាន់ប្រជាជាតិមួយ ឧបទ្វីបមួយ ប្រជាជនមួយ វប្បធម៌មួយ, គឺសុទ្ធតែត្រូវបាន សម្ដេចតេជោ ហ៊ុនសែន ចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការស្វែងរកសន្តិភាព ការកសាងសន្តិភាព និងការផ្សះផ្សាជាតិ ដោយសង្កត់ធ្ងន់ថា គេមិនអាចយកសង្រ្គាមទៅបញ្ចប់សង្រ្គាមបានទេ, ដូច្នេះ មានតែកិច្ចសន្ទនាដោយសន្តិវិធី និងការចរចាឈ្នះ-ឈ្នះ នោះទេ ដែលជាឧបករណ៍ឈានទៅបញ្ចប់សង្រ្គាម។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចេញពីប្រទេសកម្ពុជា ដើម្បីធ្វើទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១០ ដល់ ១៣ ខែកុម្ភៈ និងបានត្រឡប់មកដល់មាតុប្រទេសវិញនៅព្រលប់ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២២ នាំមកនូវមោទនភាពដ៏អស្ចារ្យសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×