Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឃុំខ្លួន លោក ឌួង ងៀប ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ពីបទ ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន

ភ្នំពេញ៖ នៅរសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក អ៉ឹម វណ្ណៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួន លោក ឌួង ងៀប អគ្គលេខាធិការរង នៃក្រសួងមហាផ្ទៃ ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។

លោកឧត្តមសេនីយ៍ឯក ឌួង ងៀប ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចមុខសណ្ឋាគារដឹគ្រី ផ្លូវឌួងងៀប សង្កាត់អូរបែកក្អម រាជធានីភ្នំពេញ វេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈនេះ តាមដីកាបញ្ជាឱ្យនាំខ្លួនរបស់តុលាការ។

ការចាប់ខ្លួននេះ បានធ្វើឡើង បន្ទាប់ពី លោក ឌួង ងៀប បានបង្ហោះឃ្លីបវីដេអូមួយ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយចោទប្រកាន់សាលាដំបូងរាជធានីភ្នំពេញថា បានចាត់ការសំណុំរឿងរបស់គាត់ ប្រែពីសទៅខ្មៅ និងចោទប្រកាន់រូបគាត់ថា បានឆបោកជនជាតិតៃវ៉ាន់។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាក់ថា លោក ឌួង ងៀប ត្រូវបានប្តឹងដោយ ឈ្មោះ CHIH YU YEN និងឈ្មោះ YAO CHING KING កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការលក់អចលនវត្ថុមួយកន្លែង ដែលអ្នកទិញជាដើមបណ្តឹង បានប្រគល់ប្រាក់ថ្លៃដីគ្រប់ ចំនួន ៧.៣០៥.០០០$ ឲ្យទៅជនត្រូវចោទឈ្មោះ ឌួង ងៀប រួចរាល់ ប៉ុន្តែជនត្រូវចោទពុំមានដីនោះឡើយ។

អ្នកនាំពាក្យបានបន្តថា ក្នុងការសម្របសម្រួលដោះស្រាយទំនាស់នេះ លោក ឌួង ងៀប បានចេញមូលប្បទានប័ត្រចំនួន៣សន្លឹក ដែលមានលេខ១៤៥៥៧៧ មានតម្លៃ ១.៦៥០.០០០$ លេខ២១៣៩៩៧ មានតម្លៃ ៣.៦៥៥.០០០$ និងលេខ១៣២៧៨៨ មានតម្លៃ ២.០០០.០០០$ ទៅឲ្យដើមបណ្តឹងរដ្ឋប្បវេណី។ បន្ទាប់មកដើមបណ្តឹងរដ្ឋប្បវេណីបានយកមូលប្បទានប័ត្រទាំង៣សន្លឹកនោះ ទៅបើកប្រាក់នៅធនាគារ ប៉ុន្ដែខាងធនាគារបញ្ជាក់ថា មូលប្បទានប័ត្រទាំង៣សន្លឹកនោះគ្មានសាច់ប្រាក់ទេ។

សាលាដំបូងរាជធានីភ្នំពេញ បានបន្តថា ក្នុងដំណាក់កាលស៊ើបសួរ ចៅក្រមស៊ើបសួរបានពិនិត្យផ្ទៀងផ្ទាត់ភស្តុតាង និងសួរចម្លើយជនត្រូវចោទឈ្មោះ ឌួង ងៀប ហើយបានសម្រេចមិនឃុំខ្លួនជនត្រូវចោទ ដោយជំនួសមកវិញនូវការដាក់ជនត្រូវចោទឲ្យនៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ តាមរយៈដីកាសម្រេចលេខ៤២៩៣ “ម” ដ.ព.ស ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ដែលមានកាតព្វកិច្ចតម្រូវ ឲ្យជនត្រូវចោទដាក់ប្រាក់ធានាមិនឃុំខ្លួននេះ ចំនួន ៥.៣០៥,០០០$ មកតម្កល់នៅក្នុងគណនីរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងរយៈពេល ១ខែ តែជនត្រូវចោទពុំបានយកប្រាក់ធានាខ្លួននេះ មកតម្កល់តាមការកំណត់ក្នុងដីកាសម្រេចនោះឡើយ។ ដោយ ជនត្រូវចោទឈ្មោះ ឌួង ងៀប បានគេចវេះពីកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរ ក៏បានចាត់វិធានការបន្តតាមនីតិវិធី ស្របតាមបញ្ញត្តិមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

សាលាដំបូងរាជធានីភ្នំពេញ ក៏បានប្រកាសបន្តអនុវត្តតាមនីតិវិធីជាធរមាន ចំពោះករណីនេះ ដោយមិនអនុញ្ញាតឲ្យជនត្រូវចោទឈ្មោះ ឌួង ងៀប ប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមដើម្បីគេចវេះ ពីការទទួលខុសត្រូវរបស់ខ្លួនឡើយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×