ភ្នំពេញ : បុរសម្នាក់រងរបួសបាក់ជើងខាងស្តាំ ខណៈកំពុងជិះម៉ូតូរងចាំភ្លើងស្តុប សុខៗត្រូវបានរថយន្តបូមលូមួយគ្រឿង បើកមកបុ.កកិនទាំងកម្រោល ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង២៥នាទី រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅចំណុចស្តុបផ្សារដើមថ្កូវ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខសៀមរាប 1M-0353 ធ្វើដំណើរពីទិសដៅពីត្បូងទៅជើង លុះដល់ចំណុចភ្លើងស្តុបក្រហម ជនរងគ្រោះរួមនិងអ្នកដំណើរជាច្រើននាក់ទៀត បានឈប់ម៉ូតូរងចាំស្តុប ពណ៌ខៀវ ខណ:កំពុងតែរងចាំស្តុប ស្រាប់មានរថយន្តបូមលូមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ 3E-0171 បើកបរស្របទិសដៅគ្នាមិនគោរពភ្លើងស្តុប ខណ:ស្តុបកំពុងលោតភ្លើងពណ៌ក្រហម រថយន្តខាងលើ មិនឈប់បែរជាបន្ថែមល្បឿន បុ.ករះម៉ូតូ២គ្រឿងនៅខាងមុខ កិនអូសម៉ូតូនិងជនរងគ្រោះប្រហែលជាង១០ម៉ែត្រ ទើបរថយន្តទៅមុខលែងរួច បណ្តាលឲ្យម្ចាស់ម៉ូតូម្នាក់ រងរបួសបា.ក់ជើងខាងស្តាំ ត្រូវបានបញ្ជូនតាមរថយន្តសាមុយ ទៅកាន់មន្ទីរពេទ្យព្រះកុសុមះ ដើម្បីធ្វើការសង្រ្គោះភ្លាមៗ ចំណែកអ្នកបើកបរបើកទ្វារថយន្ត បម្រុងរត់គេចខ្លួន តែត្រូវបានអ្នកដំណើរ ជួយស្ទាក់ចាប់ឃាត់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ដឹកយកទៅធ្វើការសាកសួរតាមនីតិវិធី។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ខណ្ឌចំការមន បានចុះមកធ្វើការវាស់វែង និងយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីដោះស្រាយគ្នា នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម








