Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យោធាថៃបង្កើនការវាយប្រហារដោយអាវុធគ្រប់ធុន និងគ្រប់ទម្រង់មកលើតំបន់ស៊ីវិល បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល ខណៈសេវាជាមូលដ្ឋាន ដូចជា សេវារដ្ឋបាល សុខាភិបាល និងអប់រំនៅតាមក្រុង ស្រុក ឃុំ-សង្កាត់ ត្រូវបានផ្អាកស្ទើរទាំងស្រុង

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានប្រដាប់អាវុធ ជាមុនពីសំណាក់ភាគីថៃ ចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី១៣ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនថា គិតចាប់ពី ម៉ោង៦ល្ងាច ថ្ងៃទី១៣ ខែធ្នូ រហូតដល់ ម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ អំពើឈ្លានពានរំលោភច្បាប់អន្តរជាតិ និងក្បត់បទឈប់បាញ់ ជាមុនមកលើដែនអធិបតេយ្យកម្ពុជារបស់ភាគីថៃ ដែលផ្តើមឡើងជាថ្មីកាលពីថ្ងៃទី៧ ខែធ្នូ បានបណ្តាលឱ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសុវត្ថិភាពប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដូចខាងក្រោម៖

១-ករណីពលរដ្ឋស្លាប់ និងរបួស៖ ពុំមានករណីស្លាប់ និងរបួសថ្មីទេ។ ដូច្នេះ គិតមកដល់ពេលនេះ ករណីពលរដ្ឋស្លាប់មានចំនួន១១នាក់ និងរបួសចំនួន៥៩នាក់។

២-ករណីពលរដ្ឋនៅជំរំសុវត្ថិភាព៖ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្តសៀមរាប មានជនភៀសសឹកសរុប ១១៤.១០៦ គ្រួសារ (កើន១.១៤០គ្រួសារ) ស្មើនឹងមនុស្ស ៣៨៤.១០១នាក់ (កើន៣.៨១៧នាក់) ក្នុងនោះស្ត្រីមានប្រមាណ២សែននាក់ និងកុមារ ប្រមាណ ១សែននាក់។

៣-ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ មានផ្ទះសំបែង និងសម្ភារប្រើប្រាស់របស់ ប្រជាពលរដ្ឋ អគារក្រុមហ៊ុន អគាររដ្ឋបាល សាលារៀន វត្តអារាម ប្រាសាទបុរាណ ផ្លូវថ្នល់ ស្ពាន និងអង្គភាព សាធារណៈជាច្រើនកន្លែង បានកំពុងរងការខូចខាតជាបន្តបន្ទាប់ ខណៈសេវាជាមូលដ្ឋាន ដូចជា សេវារដ្ឋបាល សុខាភិបាល និងអប់រំនៅតាមក្រុង ស្រុក ឃុំ-សង្កាត់ ត្រូវបានផ្អាកស្ទើរទាំងស្រុង ដោយសារតែភាគីថៃបង្កើនការ វាយប្រហារដោយអាវុធគ្រប់ធុន និងគ្រប់ទម្រង់មកលើតំបន់ស៊ីវិល។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រកាសគាំទ្រ និងជឿជាក់យ៉ាងមុតមាំលើយុទ្ធសាស្ត្រការពារ ជាតិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គភស្តុភារជាន់ខ្ពស់ នៃ កងកម្លាំងប្រដាប់អាវុធកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដ៏អង់អាចស្វាហាប់ ដែលក្រោមការដឹកនាំបញ្ជាប្រកបដោយយុទ្ធសាស្ត្រ របស់ សម្តេច ទាំងទ្វេ កម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែននៃក្រសួងមហាផ្ទៃ បានកំពុងប្រកៀកស្មារួមគ្នាការពារបូរណភាពទឹកដី និង អធិបតេយ្យភាពជាតិ ដោយម្ចាស់ការ អង់អាចក្លាហាន ឈរជើងយ៉ាងរឹងមាំ និងមានប្រៀបឈ្នះគ្រប់គោលដៅ នៃសមរភូមិប្រយុទ្ធ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×