ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកញ្ចប់ថវិកាចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់គាំទ្រការស្ដារកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សូមជម្រាបជូនថា កញ្ចប់ថវិកានេះជាផ្នែក មួយនៃការជំរុញការអនុវត្ត ក្របខណ្ឌយុទ្ធសាស្ត្រ និង កម្មវិធីស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ ២០២១-២០២៣ ដែលរាជរដ្ឋាភិបាលកម្ពុជា ទើបបានអនុម័ត និង ប្រកាសដាក់ឱ្យអនុវត្តនាពេលថ្មីៗនេះ ។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា “ខ្ញុំសូមយកឱកាសនេះគូសរំលេចជូន ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ដូចបណ្តាប្រទេស នានាក្នុងតំបន់ និង ពិភពលោកផងដែរ, ប្រទេសកម្ពុជាបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និង សុខភាព សាធារណៈមានភាពយឺតយ៉ាវ ។ ជាក់ស្ដែង, ក្នុងឆ្នាំ ២០២០ កន្លងទៅនេះ, សេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមានក្នុងអត្រា -៣,១% បណ្ដាលមកពីការធ្លាក់ចុះយ៉ាងគំហុកនៃវិស័យសំខាន់ៗ ដូចជា ទេសចរណ៍, សំណង់ និង អចលនទ្រព្យ ខណៈដែលវិស័យកសិកម្មនៅរក្សាបាននូវកំណើនវិជ្ជមាន ។ ទន្ទឹមនេះ, សហគ្រាសឯកជន ជាពិសេស សហគ្រាសធុនតូច និង មធ្យម ក្នុងវិស័យសេវាកម្មក៏ ទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងផងដែរ ។

យ៉ាងណាមិញ, សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២១ ត្រូវបានប៉ាន់ស្មានថា ងើបឡើងវិញបន្តិច ពោលគឺអាចសម្រេចបានកំណើនក្នុងរង្វង់ ៣,០% ដោយសារការបើកដំណើរការសកម្មភាពសេដ្ឋកិច្ច សង្គម ទាំងស្រុងឡើងវិញ ចាប់ពីត្រីមាសទី ៤ នៃឆ្នាំ ២០២១, ភាពប្រសើរឡើងនៃស្ថានភាពសេដ្ឋ កិច្ចសកល ព្រមទាំងការផ្ដល់កិច្ចអន្តរាគមនានារបស់រាជរដ្ឋាភិបាល។ ជាការពិតណាស់, សមិទ្ធកម្ម សេដ្ឋកិច្ចនេះ គឺជាលទ្ធផលនៃការអនុវត្តវិធានការប្រកបដោយបុរេសកម្ម និង ប្រសិទ្ធភាពខ្ពស់ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ និង ការគិតគូរគ្រប់ជ្រុងជ្រោយ ប្រកបដោយភាពឈ្លាសវ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ក្នុងការដាក់ចេញ នូវវិធានការសុខាភិបាល និង រដ្ឋបាលនានា រួមជាមួយនឹងការ កំណត់យកការចាក់វ៉ាក់សាំងកូវីដ-១៩ ជាយុទ្ធសាស្ត្រដ៏គន្លឹះ ដើម្បីបង្កើតឱ្យបាននូវភាពស៊ាំសហគមន៍ ដើម្បីផ្ដល់ជាមូលដ្ឋានសម្រាប់ស្តារ និង ជំរុញការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ។ បន្ថែមលើនេះ, ដើម្បីសម្រាលបន្ទុករបស់អាជីវកម្ម ក៏ដូចជារក្សាលំនឹងជីវភាពរបស់ប្រជាពលរដ្ឋ, រាជ រដ្ឋាភិបាលបានផ្តល់ការអនុគ្រោះផ្នែកសារពើពន្ធ ដល់សហគ្រាសឯកជន នៅក្នុងវិស័យដែលរងផល ប៉ះពាល់ធ្ងន់ធ្ងរ ដោយសារវិបត្តិជំងឺកូវីដ-១៩, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ទៅដល់កម្មករ-និយោជិត ដែល បានបាត់បង់ការងារ និង ប្រជាជនក្រីក្រ និងកម្មវិធីផ្សេងៗទៀតជាច្រើន ។
ទោះជាយ៉ាងនេះក្តី, ថ្មីៗនេះ, ការងើបឡើងវិញនៃការរីករាលរីករាលដាលនៃជំងឺកូរីដ-១៩ ក្នុង ប្រទេស ដែលឆ្លុះបញ្ចាំងតាមការកើនឡើងខ្ពស់ នៃករណីឆ្លងនៃវីរុសបំប្លែងខ្លួនថ្មីកូវីដ-១៩ អូមីក្រុង បានបង្កជាបញ្ហាប្រឈមមួយ ដែលអាចនឹងបន្ទច់បង្អក់ការងើបឡើងវិញ នូវសកម្មភាពពាណិជ្ជកម្ម ធុរកិច្ច និង បង្កឱ្យមានការភ័យខ្លាចដល់សាធារណជន ។ ក្នុងន័យនេះ, ខ្ញុំសូមលើកទឹកចិត្តដល់ ភាគីពាក់ព័ន្ធទាំងអស់, ទាំងផ្នែករដ្ឋ និង ឯកជន, បន្តចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល រួមមាន វិធានការសុខាភិបាល, វិធានការរដ្ឋបាល និង វិធានការអប់រំ ដើម្បីចូលរួមទប់ស្កាត់ និង កាត់បន្ថយ ការឆ្លង ព្រមទាំងការពារសុខុមាលភាព និង អាយុជីវិតរបស់ប្រជាជន ពិសេស ដើម្បីបញ្ចៀសផលប៉ះ ពាល់អវិជ្ជមានដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ។

“ក្របខណ្ឌយុទ្ធសាស្ត្រ និង កម្មវិធីស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅ ជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ ២០២១-២០២៣ មានគោលបំណងស្តារកំណើន សេដ្ឋកិច្ចកម្ពុជាក្នុងពេលចំពោះមុខ និង រយៈពេលមធ្យម ឱ្យត្រឡប់ទៅកំណើនសក្តានុពល និង ពង្រឹងភាពធន់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និង បរិយាប័ន្ន ក្នុងរយៈ ពេលវែង ។ ដើម្បីសម្រេចបាននូវគោលបំណងនេះ ក្របខណ្ឌយុទ្ធសាស្ត្រ និង កម្មវិធីស្តាកំណើន សេដ្ឋកិច្ចនេះបានដាក់ចេញនូវសកម្មភាពអនុវត្តជាក់ស្ដែងនៅក្នុងវិស័យជាច្រើន ។ សម្រាប់ថ្ងៃនេះ, ថវិកា ១០០ លានដុល្លារ នឹងត្រូវប្រើប្រាស់ ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និង វិស័យសហគ្រាស ធុនតូច និង មធ្យម ដែលជាវិស័យពីរដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ, ទាំងក្នុងការបង្កើតការងារ, ក លម្អជីវភាពរស់នៅរបស់ប្រជាជន និង កំណើនសេដ្ឋកិច្ចជាតិ ។
រដ្ឋាភិបាលកម្ពុជា ចាត់ទុកការលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ពិសេស សហគ្រាសដែលស្ថិតក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជា កសិកម្ម, កសិ-ឧស្សាហកម្ម, ការកែច្នៃម្ហូប អាហារ, កម្មន្តសាល, គ្រឿងបង្គុំ និង ទេសចរណ៍ ជាដើម ជាអាទិភាពគោលនយោបាយមួយដ៏ សំខាន់ ។ ជាការពិត, សហគ្រាសធុនតូច និង មធ្យម មិនត្រឹមតែចូលរួមដល់ការគាំទ្រកំណើនសេដ្ឋ កិច្ចកម្ពុជា និង ការបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែ ក៏ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនភាពធន់ របស់សេដ្ឋកិច្ចជាតិទៅនឹងវិបត្តិផងដែរ ។ ជាក់ស្ដែង, សហគ្រាសធុនតូច និងមធ្យមមានប្រមាណ ៩៨% នៃអាជីវកម្មទាំងអស់នៅកម្ពុជា និង បានចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ ៥៨% ព្រមទាំងផ្តល់ការងារប្រមាណ ៧៣% នៃចំនួនកម្លាំងពលកម្មសរុបនៅកម្ពុជា ។

ជារួម, ដើម្បីលើកស្ទួយសហគ្រាសធុនតូច និង មធ្យម ជាពិសេស សហគ្រាសក្នុងវិស័យ អាទិភាពដូចជម្រាបជូនខាងលើ, រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាច្រើន ដូចជា៖ (១)-ការដាក់ជាបន្ទុករបស់រដ្ឋនូវពន្ធនាំចូលឧបករណ៍, គ្រឿងម៉ាស៊ីន និង គ្រឿងចក្រ ជាដើម; (២)-ការបង្កើតឱ្យមានមូលនិធិអភិវឌ្ឍន៍ជំនាញ, មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និង សហគ្រិនខ្មែរ; (៣)-ការបង្កើតធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា (SME Bank); (៤)-ការអនុវត្តកម្មវិធី សហហិរញ្ញប្បទាន តាមរយៈធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា (SME Bank) និង កម្ម វិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ឥណទានក្នុងអត្រាការប្រាក់សម្បទាន សម្រាប់ វិស័យកសិកម្ម និង កសិ-ឧស្សាហកម្ម តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម (ARDB); និង (៥)-ការបង្កើតសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក្នុងការផ្តល់ការធានាឥណទានទៅ សហគ្រាសដែលជួបនូវកង្វះខាតទ្រព្យបញ្ចាំ ។
ក្នុងឱកាសនេះ, ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន សូមជម្រាបជូនអង្គប្រជុំឱ្យបានជ្រាបផងដែរថា ក្នុងអំឡុងឆ្នាំ ២០២០ កន្លង ទៅ, រាជរដ្ឋាភិបាលបានផ្តួចផ្តើម និង អនុវត្តកម្មវិធីសហហិរញ្ញប្បទាន ដំណាក់កាលទី ១ តាមរយៈយន្តការធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ដែលជាសេនាធិការ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ដើម្បីគាំទ្រ ដល់សហគ្រាសធុនតូច និងមធ្យម ក្នុងទំហំទឹកប្រាក់សរុបចំនួន ១០០ លានដុល្លារអាមេរិក ដែល ក្នុងនោះ រាជរដ្ឋាភិបាលចូលរួមបដិភាគចំនួន ៥០ លានដុល្លារអាមេរិក និង គ្រឹះស្ថានហិរញ្ញវត្ថុឯក ជនចូលរួមចំនួន ៥០ លានដុល្លារអាមេរិក ។ ដោយមើលឃើញពីការទទួលបានលទ្ធផលជាវិជ្ជមាន ចេញពីការអនុវត្តគម្រោងដំណាក់កាលទី ១ និង តម្រូវការចាំបាច់ក្នុងការបន្តគាំទ្រហិរញប្បទានដល់ សហគ្រាសធុនតូច និង មធ្យម នៅអំឡុងពេលវិបត្តិ, រាជរដ្ឋាភិបាលបានសម្រេចបន្តគម្រោងសហ ហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ដំណាក់កាលទី ២ និង ដាក់ឱ្យអនុវត្តនៅខ សីហា ឆ្នាំ ២០២១ ដែលមានទំហំទឹកប្រាក់សរុបចំនួន ១៤០ លានដុល្លារអាមេរិក ដែលក្នុងនោះ ៧០ លានដុល្លារអាមេរិកត្រូវបានចូលរួមបដិភាគដោយរាជរដ្ឋាភិបាល និង ៧០ លានដុល្លារអាមេរិក ទៀតត្រូវបានចូលរួមដោយគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ។ គិតត្រឹមថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២២, ការអនុវត្តគម្រោងដំណាក់កាលទី ២ នេះ សម្រេចបានប្រមាណ ៩០% ។

ទន្ទឹមនេះ, រាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម (ARDB) ក៏បាន អនុវត្តកម្មវិធីហិរញ្ញប្បទានពិសេស (១)-ក្នុងទំហំមូលនិធិសរុបចំនួន ៧៣ លានដុល្លារអាមេរិក គាំទ្រ ដល់វិស័យស្រូវ-អង្ករ ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ និង ជំរុញការនាំចេញ និង (២)-ក្នុងទំហំមូលនិធិ ចំនួន ៥០ លានដុល្លារអាមេរិក គាំទ្រសិប្បកម្ម, សហគ្រាសធុនតូច និង មធ្យម ក្នុងវិស័យកសិកម្ម ដែលរួមមាន៖ ការចិញ្ចឹមសត្វ, ការដាំដុះបន្លែ-ផ្លែឈើ, វារីវប្បកម្ម និង ការកែច្នៃផលិតផលកសិកម្ម ។ តាមរយៈកម្មវិធីហិរញ្ញប្បទានពិសេសនេះ, សហគ្រាសក្នុងវិស័យកសិកម្ម និង កសិ-ឧស្សាហកម្ម មានលទ្ធភាពពង្រឹងអាជីវកម្ម និង ធ្វើឱ្យប្រសើរឡើង នូវខ្សែច្រវាក់ផលិតកម្ម ក្នុងគោលដៅពង្រឹងភាព ប្រកួតប្រជែង, រក្សាសន្តិសុខស្បៀងអាហារ និង ជំរុញការនាំចេញនៅក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩ ។
ក្នុងន័យនេះ ដើម្បីបន្តជួយគាំទ្រផ្តល់ឥណទានក្នុងអត្រាការប្រាក់សម្បទា ទៅសហគ្រាសធុន តូច និង មធ្យម និង វិស័យកសិកម្ម, រាជរដ្ឋាភិបាលបានសម្រេចបន្ថែមថវិកាចំនួន ៥០ លានដុល្លារ អាមេរិក ដល់ធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា (SME Bank) សម្រាប់បន្តគម្រោង សហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និង មធ្យម ដំណាក់កាលទី ២ ដែលធ្វើឱ្យបដិភាគរបស់រាជរដ្ឋាភិបាល មានចំនួនដល់ ១២០ លានដុល្លារអាមេរិក ។ ដោយឡែក, ថវិកាបន្ថែមចំនួន ៥០ លានដុល្លារអាមេរិកផ្សេងទៀត បានផ្តល់ជូនទៅធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម (ARDB) សម្រាប់ កម្មវិធីហិរញ្ញប្បទានពិសេស ដែលក្នុងនោះ ថវិកា ១០ លានដុល្លារអាមេរិកនឹងប្រើប្រាស់ក្នុងវិស័យ ស្រូវ-អង្ករ និង ៤០ លានដុល្លារអាមេរិកទៀត នឹងប្រើប្រាស់សម្រាប់ការផ្តល់ហិរញ្ញប្បទានផ្ទាល់ (Direct Lending) ៥០% និង សម្រាប់កម្មវិធីសហហិរញ្ញប្បទានចែករំលែកហានិភ័យជាមួយគ្រឹះ ស្ថានហិរញ្ញវត្ថុ (Risk Sharing Syndicated Facilities) ៥០% សំដៅគាំទ្រដល់អនុវិស័យផ្លែឈើ, ការចិញ្ចឹមសត្វ, វារីវប្បកម្ម, និង ការកែច្នៃផលិតផលកសិកម្ម ជាដើម ។

ឆ្លៀតឱកាសនេះដែរ ឯកឧត្តមសូមធ្វើការវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ឯកជនជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចការដ៏មានសារៈសំខាន់នេះនាពេលកន្លងមក ។ ខ្ញុំសង្ឃឹមយ៉ាង មុតមាំថា ឯកឧត្តម, លោកជំទាវ, អ្នកឧកញ៉ា, លោកឧកញ៉ា, លោក, លោកស្រី ដែលជាតំណាង គ្រឹះស្ថានហិរញ្ញវត្ថុឯកជនទាំងអស់ នឹងបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយការអភិវឌ្ឍ និង គាំទ្រការរក្សាលំនឹងអាជីវកម្មរបស់សហគ្រាសធុនតូច និង មធ្យម ក្នុងគ្រាដ៏លំបាកនេះ និង ត្រៀម ខ្លួនងើបឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ តាមរយៈកម្មវិធីហិរញ្ញប្បទាននានា នាពេលខាងមុខ ។
ឯកឧត្តម សូមគូសបញ្ជាក់ផងដែរថា អន្តរាគមន៍នាពេលនេះគ្រាន់តែជាចំណែកតូចមួយ ក្នុងការចូល រួមបំពេញតម្រូវការហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់ ដោយសហគ្រាសធុនតូច និង មធ្យម, សហគមន៍កសិកម្ម, និង កសិករតប៉ុណ្ណោះ ។ ដូច្នេះ, ការចូលរួមរបស់គ្រឹះស្ថានហិរញ្ញវត្ថុឯកជនទាំងអស់ ក្នុងការពិនិត្យលទ្ធភាពផ្តល់ឥណទានទៅសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាពដូច ដែលខ្ញុំបានជម្រាបជូនខាងលើ ដោយប្រើប្រាស់ដើមទុនផ្ទាល់របស់គ្រឹះស្ថានខ្លួន ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយសម្រាលសម្ពាធអាជីវកម្ម ក៏ដូចជាការជួយគាំទ្រសហគ្រាសទាំងនោះ ឱ្យរៀបចំខ្លួនក្នុងការពង្រីកអាជីវកម្ម និង ផលិតកម្ម ដែលនឹងរួមចំណែកក្នុងការបង្កើតការងារ ក៏ដូចជា ចូលរួមគាំទ្រដល់ការស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និង បរិយាប័ន្ន ក្នុងរយៈពេលមធ្យម និង វែង ។
មុននឹងបញ្ចប់, ឯកឧត្តមសូមអំពាវនាវដល់ក្រសួង-ស្ថាប័ន និង ភាគីពាក់ព័ន្ធទាំងអស់ ផ្ដល់កិច្ចសហប្រតិបត្តិការ ប្រកបដោយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមអនុវត្ត ក្របខណ្ឌ យុទ្ធសាស្ត្រ និង កម្មវិធីស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ ២០២១-២០២៣ ឱ្យមានប្រសិទ្ធភាពខ្ពស់ និង សម្រេចឱ្យបាន តាមក្របខណ្ឌពេលវេលាជាក់លាក់ដែលបានកំណត់ ។ ក្នុងករណីដែលក្រសួង-ស្ថាប័ន មានតម្រូវការជំនួយ ក្នុងការអនុវត្តវិធានការណាមួយ ដែលបានដាក់ចេញ ដូចជាការរៀបចំផែនការសកម្មភាព ជាដើម, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងផ្ដល់ការគាំទ្រ, សម្របសម្រួល និង អន្តរាគមន៍ជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធទៅតាមការជាក់ស្ដែង ។
ក្នុងនាមជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃរាជរដ្ឋាភិបាល កម្ពុជា, អគ្គបណ្ឌិតសភាចារ្យ សូមប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “កញ្ចប់ថវិកាចំនួន ១០០ លានដុល្លារអាមេរិក” តាមរយៈធនាគាររដ្ឋទាំងពីរ សម្រាប់គាំទ្រ និង ជំរុញដល់ការស្ដារសេដ្ឋកិច្ចឡើងវិញ ចាប់ពីពេលនេះតទៅ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី