ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលបានទិញផ្ទះល្វែងរបស់ក្រុមហ៊ុន បុរីវីអាយភី (VIP) ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានផ្ទុះការតវ៉ាទាមទារឲ្យទាមទារឲ្យលោក ហម រ៉ន និងលោក វន វណ្ណៈ ដែលជាម្ចាស់ក្រុមហ៊ុនចេញមុខមកដោះស្រាយដោយផ្ទាល់ជាមួយពួកគាត់ ពីព្រោះពួកគាត់បានបង់លុយគ្រប់ចំនួនអស់ហើយ ប៉ុន្តែក្រុមហ៊ុនមិនព្រមសាងសង់ផ្ទះតាមកិច្ចសន្យានោះទេ ដោយគេចវេសមិនព្រមចូលមកដោះស្រាយ។

បើតាមប្រជាពលរដ្ឋបានរៀបរាប់ឱ្យដឹងថា ពួកគាត់បានទិញផ្ទះល្វែងរបស់ក្រុមហ៊ុន បុរីវីអាយភី អ្នកខ្លះបង់រំលោះ និងមួយចំនួនទៀតគេមានលុយបង់ផ្តាច់ ដោយមានធ្វើកិច្ចសន្យាត្រឹមត្រូជាមួយភាគីខាងក្រុមហ៊ុន។ ហើយរហូតមកដល់បច្ចុប្បន្ននេះជាង ២ឆ្នាំហើយ ពួកគាត់ដែលបានទិញផ្ទះប្រមាណ ៩០ភាគរយ នៅមិនទាន់ទទួលបានផ្ទះនៅឡើយទេ។
ពីព្រោះនៅទីតាំងដីឃើញមានសសរបង្គោលបុកគ្រឹះក្នុងមួយទីតាំង មានចំនួន៥ ទៅ ៦ដើម និងកន្លែងខ្លះអត់ទាន់មានបុកគ្រឹះនៅឡើយទេ។
ជាមួយគ្នានេះ ដោយសារតែលែងជឿទុកចិត្តលើក្រុមហ៊ុន បុរីវីអាយភី ប្រជាពលរដ្ឋបានស្នើសូមដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ជួយអន្តរាគមន៍ដល់យុត្តិធម៌ និងការរកដំណោះស្រាយឲ្យពួកគាត់ផង។

ប្រជាពលរដ្ឋបានសង្កត់ធ្ងន់ថា បើសិនជាមិនមានដំណោះស្រាយទេនោះ គឺពួកគាត់មានតែនាំគ្នាឡើងមកសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីឲ្យសម្តេចទាំងពីរជួយរកយុត្តិធម៌ឲ្យពួកគាត់។
ទាក់ទងករណីនេះ ឲ្យលោក ហម រ៉ន និងលោក វន វណ្ណៈ ដែលជាម្ចាស់ក្រុមហ៊ុន បុរីវីអាយភី (VIP) មិនអាចសុំការអត្ថាធិប្បាយបានទេ៕ រក្សាសិទ្ទិដោយ ៖ ចេស្តារ
