ខេត្តកំពង់ធំ ៖ ដោយសារអ្នកបើកម៉ូតូបត់ឆ្វេងខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើករថយន្ត មានល្បឿនលឿន បណ្តាលឲ្យបុកគ្នា ធ្វើឲ្យបុរស២នាក់រងរបួសធ្ងន់ធ្ងរ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរកើតឡើងនៅ ថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១រសៀល លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៧៦-១៧៧ ស្ថិតក្នុងភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
នគរបាលមូលដ្ឋាន នៃអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ បានឱ្យដឹងថា រថយន្តម៉ាកសាំងយ៉ុង ពណ៌បៃតង ផ្លាកលេខភ្នំពេញ2W-1454 ដោយឈ្មោះ អៀម សានី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទួលអំពីល ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ចំណែកម៉ូតូ ម៉ាកហុងដាC125 ពណ៌ខ្មៅ ស្លាកលេខសៀមរាប1L-3960 បើកដោយឈ្មោះ ផុន កុសល ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិជ័យមង្គល ឃុំជ័យមង្គល ស្រុកបារាយណ៍ ខេត្តកំពង់ធំ មិនពាក់មួកសុវត្ថិភាព និង អ្នករួមដំណើរឈ្មោះ សៀន តាំងជី ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំមិនពាក់មួកសុវត្ថិភាព រងរបួសធ្ងន់ធ្ងរទាំងពីរនាក់ ។
ករណីគ្រោះថ្នាក់ចរាចរនេះ រថយន្តបុកនឹងម៉ូតូ បើកបរក្នុងទិសដៅស្របគ្នា។ ជាដំបូងមានរថយន្តមួយគ្រឿង បើកបរលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានបុកពេញទំហឹងជាមួយម៉ូតូ ដែលបើកបរពីលិចទៅកើត ហើយបត់ឆ្វេង បណ្តាលឱ្យអ្នកជិះម៉ូតូទាំង២នាក់រងរបួសធ្ងន់ធ្ងរ ។ ក្រោយកើតហេតុ នគរបាល បាននាំខ្លួនអ្នកបើករថយន្ត ទៅកាន់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ រីឯវត្ថុតាង ត្រូវយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីរង់ចាំដោះស្រាយ។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច នគរបាលអធិការដ្ឋាន នគរបាលស្រុកកំពង់ស្វាយ មូលហេតុជាបឋម នៃគ្រោះថ្នាក់ចរាចរនេះ គឺបង្កដោយអ្នកបើកបរម៉ូតូ ដែលបើកបត់ឆ្វេងខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបររថយន្ត មានល្បឿនលឿនផង ទើបបង្កឲ្យមានគ្រោះថ្នាក់នេះកើតឡើង៕ ដោយ ៖ បញ្ញាស័ក្តិ