Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម អគ្គលេខាធិការអាស៊ាន បានពិភាក្សាអំពីស្ថានភាពនយោបាយ នាពេលបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា និងផលប៉ះពាល់ទៅ លើការងារនានា របស់អាស៊ាន

ភ្នំពេញ ៖ នៅរសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម លឹម ចុក ហ៊ុយ (Lim Jock Hoi) អគ្គលេខាធិការអាស៊ាន តាមប្រព័ន្ធវីដេអូ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមអគ្គលេខាធិការ ក៏បានពិភាក្សាគ្នាយ៉ាងទូលំ ទូលាយអំពីស្ថានភាពនយោបាយ នាពេលបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា និងផលប៉ះពាល់ទៅ លើការងារនានារបស់អាស៊ាន។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមអគ្គលេខាធិការបាន សង្កត់ធ្ងន់ទៅលើសារសំខាន់នៃការបញ្ចប់អំពើហិង្សា និងការកសាងទំនុកចិត្ត និងភាពជឿជាក់ ដើម្បីឱ្យភាគីពាក់ព័ន្ធទាំងអស់អាចចូលរួមក្នុងកិច្ចសន្ទនាមួយប្រកបដោយបរិយាបន្ន សំដៅសម្រេច បាននូវសន្តិភាពយូរអង្វែង។

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំតាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម លឹម ចុក ហ៊ុយ (LIM Jock Hoi) អគ្គលេខាធិការអាស៊ាន ដើម្បីពិភាក្សាអំពីការរៀបចំកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) ដែលគ្រោងនឹងរៀបចំពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០២២ នាពេលខាងមុខនេះ។

ក្នុងអំឡុងពេលកិច្ចប្រជុំ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមអគ្គលេខាធិការ លឹម ចុក ហ៊ុយ បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាគន្លឹះមួយចំនួនដែលរដ្ឋមន្ត្រីការបរទេស អាស៊ានចាំបាច់ត្រូវធ្វើការពិភាក្សាគ្នា និងផ្តល់មគ្គទេសក៍។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម អគ្គលេខាធិការ បានសង្កត់ធ្ងន់អំពីតម្រូវការក្នុងការពន្លឿនការអនុវត្តក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុង ជ្រោយរបស់អាស៊ាន (ACRF និងប្រតិបត្តិការក្របខណ្ឌការរៀបចំច្រករបៀងធ្វើដំណើរក្នុងតំបន់ អាស៊ាន (ATCAF) ដើម្បីឱ្យតំបន់អាចកសាងឡើងវិញកាន់តែល្អប្រសើរ និងកាន់តែបៃតងឡើង។ ជាងនេះទៅទៀត ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមអគ្គលេខាធិការបានឯកភាពគ្នាថាការ ជ្រើសរើសប្រទេសជាម្ចាស់ផ្ទះដើម្បីរៀបចំបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាព សាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED) គឺជាអាទិភាពបន្ទាន់សម្រាប់មជ្ឈមណ្ឌល ដើម្បីគាំទ្រដល់ប្រទេសជាសមាជិកអាស៊ានដោះស្រាយបញ្ហាជំងឺរាតត្បាត កូវីដ-១៩ និង ត្រៀមរៀបចំ សម្រាប់វិបត្តិសុខភាពនាពេលអនាគត។

អំពីការស្នើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ខណៈដែលមានការទទួលស្គាល់នូវការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមអគ្គលេខាធិការ បានប្តេជ្ញាបញ្ចប់បេសកកម្មស្វែងរកការពិតនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន និង សហគមន៍សង្គម-វប្បធម៌អាស៊ាន នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដូច្នេះប្រទេសសមាជិកអាស៊ាន អាចចាប់ផ្តើមពិភាក្សាលើផែនទីចង្អុលផ្លូវ និងពេលវេលាសម្រាប់ទីម័រឡេស្តេ ដើម្បីចូលជាសមាជិក អាស៊ាន។ បន្ថែមពីនេះទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមអគ្គលេខាធិការ ក៏បានឆ្លៀត ឱកាសពិភាក្សាអំពីចក្ខុវិស័យក្រោយឆ្នាំ២០២៥ របស់សហគមន៍អាស៊ាន និងបានឯកភាពគ្នាឱ្យ ក្រុមការងារកម្រិតខ្ពស់ ដោយមានការគាំទ្រពីលេខាធិការដ្ឋានអាស៊ាន ធ្វើការពិភាក្សាអំពីធាតុស្នូល និងផ្លូវឆ្ពោះទៅមុខ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមអគ្គលេខាធិការ ក៏បានពិភាក្សាគ្នាយ៉ាងទូលំ ទូលាយអំពីស្ថានភាពនយោបាយនាពេលបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា និងផលប៉ះពាល់ទៅ លើការងារនានារបស់អាស៊ាន។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមអគ្គលេខាធិការបាន សង្កត់ធ្ងន់ទៅលើសារសំខាន់នៃការបញ្ចប់អំពើហិង្សា និងការកសាងទំនុកចិត្ត និងភាពជឿជាក់ ដើម្បីឱ្យភាគីពាក់ព័ន្ធទាំងអស់អាចចូលរួមក្នុងកិច្ចសន្ទនាមួយប្រកបដោយបរិយាបន្ន សំដៅសម្រេច បាននូវសន្តិភាពយូរអង្វែង។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងឋានៈជាប្រេសិតពិសេស របស់ប្រធានអាស៊ានឆ្នាំ២០២២ ក៏បានគូសបញ្ជាក់អំពីអាទិភាពនានារបស់ឯកឧត្តម រួមទាំងដំណើរ ទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលខាងមុខ ហើយជាការឆ្លើយតប ឯកឧត្តម អគ្គលេខាធិការអាស៊ាន លឹម ចុក ហ៊ុយ បានសម្ដែងការត្រៀមលក្ខណៈរួចរាល់របស់លេខាធិការដ្ឋាន អាស៊ានដើម្បីគាំទ ជាពិសេសការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលត្រូវការជំនួយជាទីបំផុត។

ជាទីបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមអគ្គលេខាធិការ ក៏បានពិភាក្សាអំពី តួនាទីដ៏សំខាន់នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ក្នុង ដំណើរការកសាងសហគមន៍អាស៊ាន និងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានប្រទេសជាច្រើនកំពុង ស្នើសុំក្លាយជាដៃគូសន្ទនា ដៃគូតាមវិស័យ និងដៃគូអភិវឌ្ឍន៍របស់អាស៊ាន ផងដែរ។ ចំពោះដំណើរ ឆ្ពោះទៅមុខ អាស៊ាននឹងបន្តពង្រឹងសមត្ថភាព និងសមត្ថលទ្ធភាពរបស់ខ្លួន ដើម្បីអាចចូលរួម ចំណែកប្រកបដោយប្រសិទ្ធភាព ចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ដៃគូខ្លួន សម្រាប់ផល ប្រយោជន៍ទៅវិញទៅមក។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការកោតសរសើរចំពោះការ សម្របសម្រួលយ៉ាងជិតស្និទ្ធ និងរាល់ការគាំទ្រនានាដែលផ្ដល់ដោយលេខាធិការដ្ឋានអាស៊ាន ចាប់ តាំងពីការចាប់ផ្តើមនៃអាណត្តិប្រធានអាស៊ានរបស់កម្ពុជា។ ឯកឧត្តមអគ្គលេខាធិការ លឹម ចុក ហ៊ុយ បានអះអាងជាថ្មីនូវការត្រៀមខ្លួន និងការប្ដេជ្ញាចិត្តរបស់លេខាធិការដ្ឋានអាស៊ាន ដើម្បីធ្វើឱ្យភាពជា ប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២ នេះ ទទួលបានជោគជ័យត្រចេះត្រចង់៕រក្សាសិទ្ធិដោយ ៖សុទ្ធ លី

×