ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១៥ខែកុម្ភៈបានអនុម័តប្រាក់កម្ចីចំនួន ៩៥ លានដុល្លារ ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការ ចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ១៩ ជូន ប្រជា ពលរដ្ឋ ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣ រួមមានការចាក់វ៉ាក់សាំងជំ រុញ ប្រចាំ ឆ្នាំសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួច និង ការចាក់វ៉ាក់សាំងមូលដ្ឋានសម្រាប់ កុមារអាយុ ក្រោម ៥ ឆ្នាំ។
លោក Rikard Elfving អ្នកឯកទេសជាន់ខ្ពស់ផ្នែកសង្គម របស់ ADB មានប្រសាសន៍ថា “គម្រោងនេះនឹងជួយកម្ពុជា ដើម្បីសង្គ្រោះជីវិតដោយកាត់បន្ថយ ចំនួនករណីឆ្លងមេរោគធ្ងន់ធ្ងរ និងបង្កើនល្បឿននៃ ការស្តារសេដ្ឋកិច្ចរបស់ប្រទេសពីជំងឺរាតត្បាត។ ADB ក៏នឹងផ្តល់ជំនួយបច្ចេកទេសចំនួន ១លានដុល្លារផងដែរ ដើម្បីជួយកម្ពុជាបង្កើនប្រសិទ្ធភាព នៃប្រព័ន្ធដឹកជញ្ជូននិងផ្គត់ផ្គង់វ៉ាក់សំាង ព្រមទាំងកាត់បន្ថយបញ្ហា ប្រឈមក្នុងការទទួលបានវ៉ាក់សំាង ក្នុងចំណោមស្ត្រី កុមារី កុមារតូច និង ក្រុមពលរដ្ឋដែលនៅឆ្ងាយ។”

ប្រទេសកម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង ក្នុងការគ្រប់គ្រងការរីករាលដាលនៃកូវីដ១៩ ក្នុង ឆ្នាំ២០២០។ ប៉ុន្តែការផ្ទុះការឆ្លងនៅឆ្នាំ ២០២១ បានបង្កជាសម្ពោធយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធថែទាំសុខភាព ហើយបណ្តាលឱ្យមានការបិទសាលារៀន និងអាជីវកម្មជាច្រើន មួយរយៈពេលធំ ក្នុងឆ្នាំនោះ។
ប្រទេសកម្ពុជាបានផ្តល់ចាក់វ៉ាក់សាំង យ៉ាងពេញលេញដល់ប្រជាពលរដ្ឋប្រមាណ ៨០% នៃប្រជា ពលរដ្ឋ សរុប ១៦,៧ លាននាក់ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងថ្នាក់ជាតិនៅថ្ងៃទី ១0 ខែ កុម្ភៈ ឆ្នាំ២០២១ មក។ ជាមធ្យម ពលរដ្ឋកម្ពុជាច្រើនជាងម្នាក់ ក្នុងចំណោមពលរដ្ឋប្រាំនាក់ ឬ ២១,៨% បានទទួលការចាក់វ៉ាក់សាំងដូសជំរុញ។ ទោះបីជាយ៉ាងនេះក្តី ប្រព័ន្ធសុខាភិបាលរបស់ប្រទេស នៅតែ ងាយរងគ្រោះចំពោះការកើនឡើងនៃការឆ្លងថ្មី នៃមេរោគបំប្លែងខ្លួនដូចជា Delta និង Omicron ជាដើម។
បន្ថែមពីលើប្រាក់កម្ចីដែលបានមកពីមូលនិធិ APVAX (Asia Pacific Vaccine Access Facility) ធនាគារអភិវឌ្ឍន៍អាស៊ី ក៏នឹងជួយសម្របសម្រួលប្រាក់កម្ចីចំនួន ៥0 លានដុល្លារ ពីធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank ឬហៅកាត់ថា AIIB) សម្រាប់កម្ពុជាផងដែរ។ ប្រាក់កម្ចីទាំងនេះនឹងជាថវិកា រួមសម្រាប់ការទិញវ៉ាក់សាំងរហូតដល់ ១៤,៥ លាន ដូស ព្រមទាំងជួយគាំទ្រដល់ការដឹកជញ្ជូនចាំបាច់នានា។

គម្រោង ខាងលើ ជាការគាំទ្របន្ថែមទៅលើ ជំនួយទាក់ទងនឹងកូវីដ១៩ កន្លងទៅរបស់ ADB ដល់ កម្ពុជា។ កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២០ ADB បានផ្តល់ប្រាក់កម្ចីចំនួន ២៥០ លានដុល្លារ ដើម្បីជួយ រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព សង្គម និង សេដ្ឋកិច្ចនៃ ជំងឺរាតត្បាតនេះ។ លើសពីនេះ ADB ក៏បានផ្តល់ឧបករណ៍ការពារខ្លួនប្រមាណ ១,៧ លានគ្រឿងដល់កម្ពុជាក្នុងឆ្នាំ ២០២១ ផងដែរ។
សូមជម្រាបថា៖ចាប់តាំងពីឆ្នាំ ២០០៥ មក ADB បានគាំទ្រគម្រោងគ្រប់គ្រងជំងឺឆ្លងក្នុងតំបន់ របស់ក្រសួងសុខា ភិបាលកម្ពុជា។ នៅខែតុលា ឆ្នាំ ២០២១ ADB បានអនុម័តហិរញ្ញប្បទានបន្ថែមចំនួន ៣0 លានដុល្លារ សម្រាប់គម្រោងសន្តិសុខសុខភាពមហាអនុតំបន់មេគង្គ (Greater Mekong Subregion Health Security Project) ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល របស់ប្រទេសកម្ពុជា ខណៈពេលមានការកើនឡើងនៃ ករណីជំងឺកូវីដ១៩៕ រក្សាសិទ្ធិដោយ ៖ សុភក្ត្រា






