ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ប្រាប់សារព័ត៌មាន CEN ថា លោក ប៊ូយ ថាញ់សឺន (Bui Thanh Son) រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានឆ្លងជំងឺកូវីដ-១៩ នៅពេលមកដល់ប្រទេសកម្ពុជា កាលពីរសៀលថ្ងៃពុក ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញនេះ។
រដ្ឋមន្ត្រីការបរទេសវៀតណាម បានដឹកនាំគណៈប្រតិភូមកកម្ពុជា ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត ថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលកម្ពុជា ធ្វើជាប្រធាននៃកិច្ចប្រជុំនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។ នៅក្នុងឱកាសជួបទទួលទានអាហារនៅ សណ្ឋាគារសូហ្វីតែល កាលពីរាត្រីថ្ងៃទី១៦ ខែកុម្ភៈ ឯកឧត្តមឿបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំសូមជូនពរឲ្យសហការីរបស់ខ្ញុំ (រដ្ឋមន្ត្រីការបរទេសវៀតណាម) ដែលបានឆ្លងកូវីដ-១៩ ពេលមកដល់កម្ពុជា សូមឆាប់ជាសះស្បើយ”។

ចំណែកឯកឧត្តម ជុំសុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ នេះថា “រដ្ឋមន្ត្រីការបរទេសវៀតណាម កំពុងចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ានតាមអនឡាញពីបន្ទប់របស់គាត់។ យើងបានរៀបចំនូវការមើលថែផ្នែកសុខភាព ហើយនិងវេជ្ជសាស្ត្រសម្រាប់គាត់យ៉ាងសមរម្យ”។
គណៈប្រតិភូរដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសជាសមាជិកអាស៊ាន ដែលបានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូល រួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ រួមមាន៖

- រដ្ឋមន្ត្រីការបរទេស នៃប្រទេសប្រ៊ុយណេដារូសាឡឹម។- រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី ។- រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។- រដ្ឋមន្ត្រីការបរទេស នៃសាធារណ រដ្ឋប្រជាមានិតឡាវ។- រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ ។- រដ្ឋមន្ត្រីការបរទេស នៃប្រទេសហ្វីលីពីន ។- គណៈប្រតិភូរដ្ឋមន្ត្រីការបរ ទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
- គណៈប្រតិភូអគ្គលេខាធិការអាស៊ាន។- គណៈ ប្រតិភូម៉ាឡេស៊ី៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ
