Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក នៅថ្ងៃទី២២ ខែកុម្ភៈ នៅទីក្រុងប៉ារីស

spot_img

ភ្នំពេញ : តបតាមការអញ្ជើញរួមគ្នារបស់ ឯកឧត្តម Josep BORRELL FONTELLES តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប និងឯកឧត្តម Jean-Yves LE DRIAN រដ្ឋមន្ត្រីកិច្ចការអឺរ៉ុប និងការបរទេសបារាំង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅទីក្រុងប៉ារីស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជានៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២២។

ក្នុងឋានៈជាតំណាងជាន់ខ្ពស់របស់កម្ពុជា ដែលជាប្រទេសប្រធាន អាស៊ាន ឆ្នាំ ២០២២ នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នឹង ថ្លែង សុន្ទរកថា បើក និងចូលរួមវេទិកាតុមូល ស្តីពីសន្តិសុខ និងកិច្ចការពារជាតិ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំរវាងបារាំង និងរដ្ឋ មន្ត្រីការបរទេសអាស៊ាន ផង ដែរ។

ក្រសួងការបរទេសបន្តថា ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៉ារីស ឯកឧត្តម ប្រាក់ សុខុននឹងជួបប្រជុំដាច់ដោយឡែកពីគ្នា ជាមួយឥស្សរជនជាន់ខ្ពស់ផ្សេងៗទៀត ដូចជា លោកជំទាវ Mélanie Joly រដ្ឋមន្ត្រីការបរទេសកាណាដា ឯកឧត្តម Jan Lipavský រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឆេក និងលោក Michel Herbillon ប្រធានក្រុមមិត្តភាពកម្ពុជា-បារាំង នៃរដ្ឋសភាបារាំង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏នឹងឆ្លៀតឱកាសពីការស្នាក់នៅទីក្រុងប៉ារីសជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅទីនោះផងដែរ។

នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសអាល្លឺម៉ង់ តបតាមការអញ្ជើញរបស់លោកជំទាវ ANNALENA BAERBOCK រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ ដំណើរទស្សនកិច្ចនេះ ដែលជាលើកទីមួយរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជាក្នុងរយៈពេល ២៧ ឆ្នាំកន្លងមកនេះ មានគោលបំណងដើម្បីពង្រឹងឡើងវិញ នូវទំនាក់ទំនងមិត្តភាពដ៏ល្អផូរផង់ និងកិច្ចសហប្រតិបត្តិការដ៏ស្និទ្ធស្នាលរវាងប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏នឹងជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៊ែរឡាំង ផងដែរ។

ប្រភពដដែលបន្តថា បន្ទាប់មក ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួកគី នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២។ ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ប្រាក់ សុខុន នឹងជួបពិភាក្សាផ្លូវការជាមួយ ឯកឧត្តម Mevlüt Çavuşoğlu រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋតួកគី ដែលក្នុងពេលនោះ ភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការទប់ស្កាត់ការគេចសារពើពន្ធទាក់ទងនឹងពន្ធលើប្រាក់ចំណូល និងអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពិធីការ។
រដ្ឋមន្ត្រីការបរទេស ទាំងពីរនឹងចូលរួមក្នុងពិធីសម្ពោធស្ថានឯកអគ្គរាជទូត កម្ពុជានៅទីក្រុងអង់ការ៉ា និងធ្វើជាសហប្រធានរៀបចំពិធី ជប់លៀង ជាមួយ ឯកអគ្គរដ្ឋ/រាជទូត អាស៊ាន នៅទីក្រុងអង់ការ៉ា៕ រក្សាសិទ្ធិដោយ : ចេស្តារ

spot_img
×