Tuesday, December 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តុះបណ្តាល ពីប្រព័ន្ធគ្រប់គ្រងទិន្នន័យពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុលើបណ្ណបើកបរ ដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មកពី ៧ខេត្ត ដើម្បីបង្កើនសមត្ថភាពមន្ត្រីនគរបាលចរាចរណ៍ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មី

កំពត ៖ នាថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពត លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពីធីបើកវគ្គបណ្តុះបណ្តាលលើកទី២ ស្តីពី “ប្រព័ន្ធគ្រប់គ្រងទិន្នន័យពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុលើបណ្ណបើកបរ” និងមានការអញ្ជើញជាអធិបតីភាពដោយ លោកឧត្តមសេនីយ៍ត្រី ងឹម វេត ស្នងការរង ទទួលផែនការងារសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ជាតំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត រួមទាំងមានការចូលរួមពីមន្ត្រីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ និងនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន រួមនឹងមន្ត្រីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ និងមន្ត្រីនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកំពត តាកែវ កែប ព្រះសីហនុ កោះកុង ព្រៃវែង និងស្វាយរៀង និងតំណាងក្រុមហ៊ុនទ្រូម៉ាន់នី (True Money)។

ក្នុងវគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីសិក្ខាកាមសរុបទាំងអស់ចំនួន ៨១នាក់ ក្រោមការបណ្តុះបណ្តាលពីគ្រូឧទេសចំនួន ៣រូប មកពីអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនទ្រូម៉ាន់នី (True Money) ក្នុងគោលបំណងបង្កើនសមត្ថភាពមន្ត្រីនគរបាលចរាចរណ៍អំពីការប្រើប្រាស់កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការគ្រប់គ្រងរក្សាទុកទិន្នន័យនៃការផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីឱ្យសិក្ខាកាមដែលជាមន្ត្រីនគរបាលចរាចរណ៍អាចប្រើប្រាស់ក្នុងការអនុវត្តជាក់ស្តែងបានផងដែរ។

ថ្លែងក្នុងសន្ទរកថាក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាឱកាសនេះ លោកប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញនូវក្តីសង្ឃឹមថាបងប្អូនមន្ត្រីនគរបាលនឹងមានការចូលរួមយ៉ាងយកចិត្តទុកដាក់ រៀនសូត្រ និងចាប់យកចំណេះដឹងអំពីបច្ចេកវិទ្យាថ្មី ដែលជាផ្នែកមួយជួយសម្រួលដល់ការដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក។ ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី ងឹម វេត ស្នងការរង ទទួលផែន បានកោតសរសើរយ៉ាងជ្រាលជ្រៅដល់អង្គភាពពាក់ព័ន្ធទាំងអស់ ដែលមានស្មារតីសហការរួមគ្នាក្នុងការអភិវឌ្ឍកម្មវិធី Mobile App និងប្រព័ន្ធគ្រប់គ្រងបទល្មើសចរាចរណ៍នេះឡើងប្រកបដោយភាពជោគជ័យ ដើម្បីផ្ដល់ភាពងាយស្រួលដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកទាំងអស់ក្នុងការអនុវត្តការងារ និងបានជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវថ្នល់ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។

ជាលទ្ធផលក្រោយពីទទួលបាននូវការបណ្តុះបណ្តាលអស់រយៈពេលពេញ១ថ្ងៃ ឃើញថាមន្ត្រីនគរបាលចរាចរណ៍ដែលជាសិក្ខាកាមអាចប្រើប្រាស់កម្មវិធីដកពិន្ទុ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោកបានជាមួយនឹងឧបករណ៍បច្ចេកវិទ្យា POS បានយ៉ាងរលូន៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×