ភ្នំពេញ ៖ លោកចៅ វាសនា ជាអតីតចៅសង្កាត់ប៉ោយប៉ែតជាប់ឆ្នោត នៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានដោះលែង ពីពន្ធនាគារត្រពាំងផ្លុង កាលពីថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ បន្ទាប់ពីគាត់ បានអនុវត្តទោសចប់សព្វគ្រប់ កំណត់ចំនួន ៥ ឆ្នាំ នៅក្នុងពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ តាមអំណាច សាលក្រមរបស់តុលាការ។

មន្រ្តីអនុរក្សពន្ធនាគារត្រពាំងផ្លុង បានឲ្យដឹងថា ទណ្ឌិតឈ្មោះ ចៅ វាសនា ភេទប្រុស អាយុ ៥៨ ឆ្នាំ ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីឆ្នាំ ២០១៧ ផ្ដន្ទាទោសដាក់គុកកំណត់ ៥ ឆ្នាំ ពីបទ« ញុះ.ញង់ឲ្យប្រព្រឹត្តបទឧ.ក្រិដ្ឋ, សមគំនិតក្នុងអំពើធ្វើឲ្យខូចខាតដោយចេតនា ស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈរដ្ឋ» ប្រព្រឹត្តនៅចំណុចមុខការិយាល័យគយ និងរដ្ឋាករ ក្រុងប៉ោយប៉ែត ស្ថិតនៅភូមិក្បាលស្ពាន១សង្កាត់, ក្រុងប៉ោយប៉ែត , ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥។

ទណ្ឌិត ចៅ វាសនា ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៦ និង ត្រូវបានបញ្ជូនមកឃុំខ្លួន នៅក្នុងពន្ធនាគារត្រពាំងផ្លុង កាលពីឆ្នាំ ២០២០៕ រក្សាសិទ្ធិដោយ : ចន្ទា ភា

