ភ្នំពេញ៖ ក្នុងខែមករា ឆ្នាំ២០២២ ចំណូលពន្ធដែលអគ្គនាយកដ្ឋានពន្ធដារប្រមូល បានមានចំនួន ២៨៨.២៣លានដុល្លារ បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២១ ឃើញថា កើនឡើងប្រមាណជា ៧១.០៣ លានដុល្លារ ស្មើនឹង៣២.៧០%។ ការបញ្ជាក់របស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ (Zoom Meeting) នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

អគ្គនាយកដ្ឋានពន្ធដារ ក្នុងខែមករា ឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ ៥ ប្រភេទ មានកំណើនឡើងគួរឱ្យកត់សម្គាល់ធៀបនឹងខែមករា ឆ្នាំ២០២១ ក្នុងនោះ ពន្ធលើប្រាក់ចំណូលមានចំនួន ១៨៧.២១ ប៊ីលានរៀល (កើនឡើង ១៣.៥៦ ប៊ីលានរៀល ស្មើនឹង ៧.៨១%), អាករលើតម្លៃបន្ថែមមានចំនួន ២៨៤.៣៧ ប៊ីលានរៀល (កើនឡើង ៥៨.៨២ ប៊ីលានរៀល ស្មើនឹង ២៦.០៨%), អាករពិសេសមានចំនួន ១០៧.៤៨ ប៊ីលានរៀល (កើនឡើង ៣០.៣៨ ប៊ីលានរៀល ស្មើនឹង ៣៩.៤០%), ពន្ធលើប្រាក់បៀវត្សមានចំនួន ១១០.២១ ប៊ីលានរៀល (កើនឡើង ១៩.០២ ប៊ីលានរៀល ស្មើនឹង ២០.៨៦%), និង ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យចំនួន ៩០.០៣ប៊ីលានរៀល (កើនឡើង ៣៦.៤៦ ប៊ីលានរៀល ស្មើនឹង ៦៨,០៧%)។
សម្រាប់ឆ្នាំ២០២២នេះ ដើម្បីធានានូវប្រសិទ្ធភាព ក្នុងការអនុវត្តការគ្រប់គ្រងប្រមូលចំណូលពន្ធ បានគ្រប់តាមផែនការច្បាប់ ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ចំនួន ១១ ៤១៩.១៣ ប៊ីលានរៀល (ប្រមាណ ២ ៨១៩.៥៤ លានដុល្លារ) អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តពង្រឹងការអនុវត្តនូវវិធានការគោលនយោបាយ និងរដ្ឋបាលសារពើពន្ធ ដែលរួមមានវិធានការសំខាន់ៗ ដូចខាងក្រោម៖

-បន្តយកចិត្តទុកដាក់ និងពង្រឹងការអនុវត្តអនុសាសន៍របស់ អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាទិសដៅសម្រាប់អនុវត្តបន្តសម្រាប់ឆ្នាំ ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ កាលពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំឆ្នាំ២០២១ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២
-ពង្រឹងការអនុវត្តការប្រមូលបំណុលពន្ធ និងវិធានការតឹងទារបំណុលពន្ធ ជាពិសេសបំណុលពន្ធធំៗ ដែលមានសក្តានុពល ដោយកំណត់ជាបំណុលអាទិភាព និងសហគ្រាសស្ថិត ក្នុងវិស័យដែលមិនបានរងផលប៉ះពាល់ ដោយសារការរីករាតត្បាតនៃជំងឺកូវីដ-១៩
-ពង្រឹងការងារគ្រប់គ្រងនិងតាមដាន លើការលិខិតប្រកាសពន្ធរបស់សហគ្រាស ដោយមានវិធានកាចំពោះសហគ្រាសដែលមិនដាក់លិខិតប្រកាស
-បន្តពង្រឹងការគ្រប់គ្រងសហគ្រាស ស្នើសុំផ្អាកបណ្តោះអាសន្ន ឬស្នើសុំបើកដំណើរការឡើងវិញ ដោយមានវិធានការចុះពិនិត្យដល់ ទីតាំងសហគ្រាសផ្ទាល់ តាមដានការដាក់លិខិតប្រកាស និងពង្រឹងការធ្វើសវនកម្មលើលិខិតស្នាម
-បន្តពង្រឹងនិងយកចិត្តទុកដាក់ ចំពោះការស្នើសុំបិទសហគ្រាស និងការធ្វើសវនកម្ម សម្រាប់សហគ្រាសស្នើសុំបិទ
-ពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ លើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២១ តាមរយៈការបន្តរៀបចំសិក្ខាសាលា វគ្គបណ្តុះបណ្តាល ស្តីពីពន្ធលើប្រាក់ចំណូល និងការដាក់លិខិតប្រកាសពន្ធ តាមអនឡាញ (E-Filing) ដល់អ្នកជាប់ពន្ធឱ្យបានត្រឹមត្រូវនិងទាន់ពេលវេលា

-បន្តពង្រឹងការងារចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស
-បន្តផ្សព្វផ្សាយនិងពង្រឹង ការអនុវត្តវិធានវិក្កយបត្រ ក្នុងចំណោមអ្នកជាប់ពន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាព និងតម្លាភាព ក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ-អាករនានា
-បន្តការរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីសារពើពន្ធថ្មី ដោយចាប់ផ្ដើមបើកការពិភាក្សា កម្រិតក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យការរៀបចំមានភាពគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា ព្រមទាំងឆ្លើយតបទៅនឹងការរីកចម្រើន នៃសេដ្ឋកិច្ចជាតិ ធានាភាពច្បាស់លាស់ ប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព នីត្យានុកូលភាព និងសង្គតិភាព នៃការគ្រប់គ្រងប្រមូលចំណូលពន្ធ
-បន្តពង្រឹងការអនុវត្តកាតព្វកិច្ចដំឡើង ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិអាល់កុល របស់សហគ្រាសផលិតក្នុងស្រុក (Flowmeter) អនុលោមតាមប្រកាសលេខ ០១០ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីធានាបាននូវតម្លាភាពនិងការប្រកួតប្រជែង ស្មើភាពនៅក្នុង ព្រះរាជាណាចក្រកម្ពុជា
-រៀបចំយន្តការកំណត់ អត្តសញ្ញាណអចលនទ្រព្យ (Property ID) ដើម្បីបញ្ជាក់ថាអចលនទ្រព្យនីមួយៗ បានបង់ពន្ធរួចរាល់ ចៀសវាងការលក់ដូរ អចលនទ្រព្យដោយមិនបានបង់ពន្ធ
-បន្តពង្រឹងការផ្សព្វផ្សាយច្បាប់និងបទប្បញ្ញត្តិ ស្តីពីពន្ធដារ កំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសារពើពន្ធ និងបន្តពង្រឹងការផ្តល់ សេវាជូនអ្នកជាប់ពន្ធ តាមរយៈការរៀបចំកម្មវិធីរៀន អំពីពន្ធដារតាមអនឡាញ (Tax Education) កិច្ចប្រជុំ សិក្ខាសាលា វិបស្សនា គេហទំព័រ ទំព័រទំនាក់ទំនងសង្គម និងការផ្សាយផ្ទាល់តាមអនទ្បាញ ជាពិសេសការរៀបចំកម្មវិធី “ពន្ធដារកម្ពុជា” ដោយមានការជួបជជែកជាមួយ អ្នកជាប់ពន្ធផ្ទាល់តាមប្រព័ន្ធបណ្ដាញសង្គម GDT Facebook Live, សេវាឆ្លើយតបតាមប្រព័ន្ធទូរស័ព្ទ Call Center 1277, កម្មវិធី GDT Live Chat ជាដើម
-បន្តការងារកែទម្រង់ធនធានមនុស្ស និងបន្តពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ក្នុងការផ្តល់សេវា ជូនអ្នកជាប់ពន្ធនិងការគ្រប់គ្រងប្រមូលចំណូលពន្ធ
-បន្តអនុវត្តវិធានការចាំបាច់នានា ដូចមានកំណត់ក្នុងសារាចរណែនាំស្តីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ ២០២២ និងបន្តអនុវត្តដោយការយកចិត្តទុកដាក់ នូវយុទ្ធសាស្រ្តកៀរគរចំណូល ឆ្នាំ២០១៩-២០២៣៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី


