ស្ទឹងត្រែង ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានបង្ហាញពីការសោកស្តាយ ចំពោះករណីអ្នកទោសកំពុងជាប់ឃុំ បានធ្វើសកម្មភាពលួចទម្លាយជញ្ជាំងរបស់ពន្ធនាគារខេត្តរត់គេចខ្លួន , នេះ ត្រូវចាត់ទុកជាមេរៀន និងបទពិសោធន៍ដែលប្រធាន អនុប្រធានពន្ធនាគារថ្មីទើបចូលកាន់មុខតំណែងត្រូវ ពង្រឹងការគ្រប់គ្រងពន្ធនាគារឲ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ ច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់ ។

នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសឲ្យចូលកាន់តំណែងជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែង។ លោក ប្រាជ្ញ សុភី ត្រូវចូលកាន់តំណែងជំនួសលោក ឈុន ដារ៉ា ដែលនឹងត្រូវផ្ទេរភារកិច្ចទៅបម្រើការនៅអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ។
ពិធីប្រកាសឲ្យចូលកាន់តំណែងនេះ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ, ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ប្រតិភូអមដំណើរ ព្រមទាំងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ជាច្រើនរូបទៀត។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងពីការដឹកនាំរបស់ប្រធាន អនុប្រធាន និងមន្ត្រីពន្ធនាគារខេត្តកន្លងមក បានយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចការងារ ពង្រឹងការគ្រប់គ្រង អភិវឌ្ឍន៍ហេដ្ឋរចនា សម្ព័ន្ធរូបវន្ត រួមទាំងការលើកកម្ពស់ការអប់រំកែប្រែ ស្តានីតិសម្បទា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបដល់ជនជាប់ឃុំក្នងពន្ធនាគារហូតទទួលបានលទ្ធផលជាបន្តបន្ទាប់។
ជាមួយគ្នានេះ ឯកឧត្តម ស្វាយ សំអ៊ាង បានបង្ហាញពីការសោកស្តាយ ចំពោះករណីអ្នកទោសកំពុងជាប់ឃុំបានធ្វើសកម្មភាពលួចទម្លាយជញ្ជាំង របស់ពន្ធនាគារខេត្តរត់គេចខ្លួនបានមួយរយៈពេលខ្លីកន្លងទៅថ្មី២នេះ ប៉ុន្តែត្រូវស្រាវជ្រាវ រកឃើញនិងចាប់បានមកវិញ ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចក្រឡាហោម ស ខេង ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ករណីនេះ ត្រូវចាត់ទុកជាមេរៀន និងបទពិសោធន៍ដែលប្រធាន អនុប្រធានពន្ធនាគារថ្មីទើបចូលកាន់មុខតំណែងត្រូវ ពង្រឹងការគ្រប់គ្រងពន្ធនាគារឲ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ ច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបានពីករណីឆកល្វែង ឬអសកម្មផ្សេងៗកើតមានឡើងជាថ្មី។

ឯកឧត្តម ប៉ាវ ហមផាន បានលើកឡើងថា មន្ត្រីពន្ធនាគារទាំងអស់ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ មានទំនាក់ទំនងជាមួយអង្គភាពនានា ជាពិសេសស្ថាប័នតុលាការ ត្រូវគោរពតួរនាទីរបស់ខ្លួន មិនត្រូវយកតួនាទីរបស់ខ្លួន ទៅប្រើប្រាស់ប្រាស់ចាកពីតួនាទី និងក្រមសីលធម៍មន្ត្រីពន្ធនាគារនោះឡើយ។
ឯកឧត្តម ប៉ាវ ហមផាន បន្តថាប្រធាន អនុប្រធានពន្ធនាគារ ដែលទើបចូលកាន់មុខតំណែងថ្មីត្រូវបន្តការងារនៅសេសសល់ពីប្រធានអង្គភាពចាស់ ហើយត្រូវដឹកនាំអង្គភាព ឲ្យមានប្រសិទ្ធភាព និងសម្រេចបានជោគជ័យ ដោយអនុវត្តឲ្យបានម៉ត់ចត់ នូវគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ជាធរមាន និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាពខ្ពស់ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមបទវិន័យ ក្រមសីលធម៌ និងតួនាទី ភារកិច្ចនៅក្នុង អង្គភាពដោយធ្វើការពិភាក្សាជាសមូហភាព ឬជាក្រុម ដើម្បីរួមគ្នាដោះស្រាយបញ្ហាដែលកើតមានឡើង។
លោក ប្រាជ្ញ សុភី ដែលទើបចូលកាន់មុខតំណែងថ្មី បានប្តេជ្ញាគោរពរៀនសូត្រតាមគម្រូដឹកនាំរបស់អ្នកចាស់ ដោយខិតខំរិះរកបង្កើតគំនិតឆ្នៃប្រឌិតថ្មី ជួយអភិវឌ្ឍន៍អង្គភាព ឲ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីសម្រេចគោលដៅ យុទ្ធសាស្ត្រ របស់អគ្គនាយកដ្ឋានពន្ធនាគារ និងអនុវត្តតាមក្រមសីលធម៌ របស់មន្ត្រីពន្ធនាគារ ចូលរួមសហការសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធ ដើម្បីធានាសន្តិសុខសុវត្ថិភាពការអប់រំស្ថានីតិសម្បទាជនជាប់ឃុំ។
គួរបញ្ជាក់ថា តាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃលេខ៤៨៨.ប្រ.ក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការប្រគល់ភារកិច្ច និងតែងតាំងមន្រ្តីពន្ធនាគារ បានសម្រេចតែងតាំងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ ប្រាជ្ញ សុភី អត្តលេខ ០៣៨៥ ឱ្យកាន់មុខតំណែងជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែង និងលោកវរអគ្គានុរក្សថ្នាក់លេខ១ រិទ្ធិ ឌីណា ជាអនុប្រធានពន្ធនាគារ ដោយលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ឈុន ដារ៉ា អត្តលេខ ០៣៣៣ អតីតប្រធានពន្ធនាគារខេត្តស្ទឹងត្រែង និងមន្ត្រីពន្ធនាគារចំនួន៤រូបផ្សេងទៀតត្រូវផ្ទេរភារកិច្ចទៅឱ្យទៅបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី







