ករណីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ហួសចិត្តមួយ រវាងរថយន្តលុចសុីស 570 បុកជាមួយរថយន្តឡុចសុិស RX300 បណ្តាលឲ្យរថយន្ត LX 570 ក្រឡាប់ផ្ងារជើងតែម្តង ស្ថិតនៅផ្លូវបំបែកជាបួនមួយកន្លែង ក្នុងតំបន់បឹងកក់ កាលពីវេលាម៉ោង២និង៤៥នាទី រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។
ដោយឡែក បើតាមម្ចាស់រថយន្ត RX300 ដែលត្រូវបានដឹងថា ជាអ្នករត់តាក់សុី ដែលបើកបរលឿនខ្វះការប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវប្រសព្វ បាននិយាយអះអាងថា ខាងរថយន្តឡុចសុីស 570 ជាអ្នកខុស ដោយចោទប្រកាន់បើកឆ្លងបញ្ច្រាស់ទិស ធ្វើឲ្យគាត់ជាន់ហ្វ្រាំងពុំទាន់ បណ្តាលឲ្យបុកចំពាក់កណ្តាលឡានពេញទំហឹងតែម្តង។
តែយ៉ាងណាមិញ បើតាមវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញឲ្យឃើញស្តែងថា រថយន្ត RX300 ជាអ្នកខុសទាំងស្រុងតែម្តង។ ជាក់ស្តែង នៅក្នុងវីដេអូបានបង្ហាញរថយន្តឡុចសុីស 570 បើកបរក្នុងល្បឿនមធ្យម លុះមកដល់ចំណុចផ្លូវបំបែកជាបួន ឆ្លងដល់កណ្តាលផ្លូវ ស្រាប់តែរថយន្ត RX 300 ដែលបើកក្នុងល្បឿនយ៉ាងលឿន បុកពេញទំហឹង បណ្តាលឲ្យរថយន្តឡុចសុី ៥៧០ ក្រឡាប់ផ្ងារជើងតែម្តង។
ក្រោយពីបានឃើញភស្តុតាងវីដេអូស្តែងៗ មហាជនបានព្រលះបុរសអ្នករត់តាក់សុីជាម្ចាស់រថយន្ត RX300 យ៉ាងចាស់ៗដៃថា «មានលុយសងគេអត់ បើផ្លូវបែកជាបួនហើយនៅលឿនទៀត, អត់ទាន់ឃើញកាមេរ៉ានិយាយយកត្រូវ..ដល់ពេលឃើញរូបភាពពិតបានដឹង, ចាស់ហើយខូចយ៉ាងហ្នឹង និយាយបំភ្លៃការពិត, តាឯងជិះបុកគេហើយ ថាគេជិះបុកតាឯងទៀត នេះចេះមានកាមេរ៉ា ចុះបើអត់កាមេរ៉ា មិនគ្រប់គ្នាជឿតាឯងងាប់ហើយហេ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





