Sunday, March 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ៖ យោធាថៃ បានប្រើសព្វាវុធសព្វបែបយ៉ាងដោយចេតនា មិនសមាមាត្រ និងគ្មានបែងចែកគោលដៅ ហើយយន្តហោះចម្បាំងបានធ្វើប្រតិបត្តិការហោះចូលមកទម្លាក់គ្រាប់យ៉ាងជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា

ភ្នំពេញ ៖ លោក ស៊ាង ចិន្តា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានលើកឡើងពីការវាយប្រហារជាលើកទីពីរ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលអំឡុងពេល២១ថ្ងៃ នោះយោធាថៃ បានប្រើសព្វាវុធសព្វបែបយ៉ាងដោយចេតនា មិនសមាមាត្រ និងគ្មានបែងចែកគោលដៅ ហើយយន្តហោះចម្បាំងបានធ្វើប្រតិបត្តិការហោះចូលមកទម្លាក់គ្រាប់យ៉ាងជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា។

គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានរៀបចំកិច្ចប្រជុំលើកទី៤២ ឆ្នាំ២០២៦ ដែលដឹកនាំដោយឯកឧត្តម Severo S, Catura តំណាងសាធារណរដ្ឋហ្វីលីពីន និងជាប្រធានប្តូរវេន អាយឆា ឆ្នាំ២០២៦ នាថ្ងៃទី២៤-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ តាមការចាត់តាំង ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងជា តំណាងកម្ពុជាប្រចាំអាយឆា ឯកឧត្តម ស៊ាង ចិន្តា សមាជិក គ.ស.ម.ក. បានដឹកនាំក្រុមការងារអោយឆាកម្ពុជា ទៅ ចូលរួមកិច្ចប្រជុំនេះ ជាមួយតំណាងប្រចាំអោយឆានៃប្រទេសសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន។

កិច្ចប្រជុំបានពិភាក្សានិងធ្វើបច្ចុប្បន្នភាពអំពីការអនុវត្តកម្មវិធី និងសកម្មភាពអាទិភាពនានារបស់អាយឆា នាពេលកន្លងមក និងកម្មវិធីដែលគ្រោងនឹងអនុវត្តជាបន្តបន្ទាប់ទៀត ដោយក្នុងនោះបានគ្របដណ្តប់លើវិស័យសិទ្ធិ មនុស្សជាច្រើន រួមមាន សិទ្ធិកុមារ សិទ្ធិជនមានពិការភាព ធុរកិច្ចនិងសិទ្ធិមនុស្ស សិទ្ធិមនុស្សនិងបរិស្ថាន សេរីភាព បញ្ចេញមតិ សិទ្ធិទទួលបានការអភិវឌ្ឍ សិទ្ធិមនុស្សនិងជម្លោះ សិទ្ធិទទួលបានការអប់រំ សិទ្ធិសុខភាព សិទ្ធិសេដ្ឋកិច្ច សង្គមនិងវប្បធម៌ ព្រមទាំងសិទិ្ធបរិស្ថាន ជាដើម។
នៅក្នុងកិច្ចប្រជុំនេះ ក៏មានការចែករំលែកអំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេស សមាជិកអាស៊ាននីមួយៗ ដូចជា ការបង្កើតច្បាប់ ឬលិខិតបទដ្ឋានគតិយុត្ត ការដាក់ចេញនូវកម្មវិធី ឬគោលនយោបាយ និងការផ្តួចផ្ដើមគំនិតផ្សេងៗ រួមទាំងវិធានការនានា ដើម្បីការលើកកម្ពស់និងការការពារសិទិ្ធមនុស្ស ក៏ដូចជាបញ្ហា ប្រឈមនិងកង្វល់ក្នុងវិស័យសិទ្ធិមនុស្ស ផងដែរ។
នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ាង ចិន្តា បានជម្រាបដល់អង្គប្រជុំអំពីការវាយប្រហារជាលើកទីពីរ ចាប់ពី ថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលអំឡុងពេល២១ថ្ងៃនោះ សព្វាវុធសព្វបែបយ៉ាងត្រូវបានប្រើប្រាស់ ដោយចេតនា មិនសមាមាត្រ និងគ្មានបែងចែកគោលដៅ ហើយយន្តហោះចម្បាំងបានធ្វើប្រតិបត្តិការហោះចូលមក ទម្លាក់គ្រាប់យ៉ាងជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា។ ការវាយប្រហារនេះ បានធ្វើឱ្យប្រជាជនស៊ីវិលជាច្រើននាក់ ត្រូវបាត់បង់ជីវិតនិងរងរបួស ព្រមទាំងបង្កឱ្យមានជនភៀសសឹកជាង ៦៤៩ ០០០នាក់ និងបានបំផ្លិចបំផ្លាញយ៉ាង ធ្ងន់ធ្ងរលើទ្រព្យសម្បត្តិឯកជននិងសាធារណៈ រួមទាំងប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ អស់រយៈពេលពីរខែហើយ ក្រោយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានចូលជាធរមាន ដែលក្នុងនោះបាន ធានាយ៉ាងច្បាស់ដល់ការវិលត្រឡប់របស់ជនភៀសសឹកទៅផ្ទះសម្បែងវិញក្នុងពេលឆាប់បំផុត ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ តែផ្ទុយទៅវិញ មានជនភៀសសឹកប្រមាណជាជាង ៥០ ០០០នាក់ ទៀតភាគច្រើនជាស្ត្រីនិងកុមារ នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាននៅឡើយទេ។ ឧបសគ្គដែលរារាំងដល់ ការវិលត្រឡប់នេះ គឺបណ្តាលមកពីផ្ទះសម្បែងរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញ ការបន្តកាន់កាប់ដែនដីកម្ពុជា ដោយខុសច្បាប់ ការដាក់ពង្រាយទូកុងតឺន័រនិងបន្លាលួស ព្រមទាំងហានិភ័យនៃសំណល់គ្រាប់បែកចង្កោម និង យុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗទៀត។ សោកនាដកម្ម បង្កើតឡើងដោយមនុស្សនេះ មិនមានមូលដ្ឋានផ្លូវច្បាប់ណា មួយអាចយកមកសំអាងបានឡើយ ហើយក៏ផ្ទុយទាំងស្រុងនឹងវត្ថុបំណងនៃច្បាប់សិទ្ធិមនុស្សតំបន់និងអន្តរជាតិ ដែលចង់ឱ្យមនុស្សទូទៅសម្រេចបាននូវបំណងប្រាថ្នាដ៏ឧត្តមមួយ គឺការរស់នៅប្រកបដោយសេចក្ដីថ្លៃថ្នូរ រួចចាកផុត ពីការភ័យខ្លាច និងទុគ្គតភាព។ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តរក្សាការប្ដេជ្ញាចិត្តដែលតែងតែស៊ីចង្វាក់គ្នាទាំងស្រុង ជាមួយនឹងសកម្មភាពជាក់ស្ដែងរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើច្បាប់។

ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឯកឧត្តម បានបញ្ជាក់ថា ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា បាន ផ្ញើសារយ៉ាងច្បាស់និងម៉ឹងម៉ាត់បំផុតថា៖ «កម្ពុជា មិនមែនជាឋានសួគ៌សម្រាប់ឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នោះទេ»។ ជាក់ស្ដែង ប្រតិបត្តិការនៃការបង្ក្រាបបាននិងកំពុងធ្វើឡើងយ៉ាងសកម្ម និងសម្រេចបានលទ្ធផលជាច្រើន ករណី ក្នុងនោះមានជនល្មើសចម្រុះជាតិសាសន៍ត្រូវបានចាត់ការតាមនីតិវិធីច្បាប់ជាធរមាន រួមទាំងមានការបណ្តេញ ជនបរទេសដែលពាក់ព័ន្ធនឹងបទល្មើសនេះរាប់ពាន់នាក់ចេញពីប្រទេស។ ទន្ទឹមនេះ កម្ពុជាក៏មានកិច្ចសហការយ៉ាងល្អ ជាមួយបណ្តាប្រទេសនិងអង្គការនានាទាំងក្នុងតំបន់និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ដែលជាកង្វល់និងបញ្ហាប្រឈមរួម។ បន្ថែមលើសកម្មភាពបង្ក្រាបដ៏សកម្មទាំងនេះ កម្ពុជាក៏កំពុង រៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងគោលបំណងពង្រឹងនិរន្តរភាព ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការផ្ដន្ទាទោសឱ្យបានធ្ងន់ធ្ងរ ដើម្បីឈានទៅដល់ការបោសសម្អាតបទល្មើសនេះទាំងស្រុងចេញពីប្រទេស។
ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិភាក្សាអំពីរបៀបរបបការងាររបស់អាយឆា ក៏ដូចជា ទំនាក់ទំនងរវាងអាយឆា និងអង្គការសង្គមស៊ីវិល ស្ថាប័នតាមវិស័យរបស់អាស៊ាន ព្រមទាំងដៃគូខាងក្រៅ។ ជាទីបញ្ចប់ កិច្ចប្រជុំបានសម្តែងនូវ ការកោតសរសើរដល់អាយឆាហ្វីលីពីន និងលេខាធិការដ្ឋានអាស៊ាន ដែលបានរៀបចំ និងសម្របសម្រួលកិច្ចប្រជុំ
បានយ៉ាងល្អ និងសម្រេចបាននូវលទ្ធផលគួរជាទីពេញចិត្ត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×