ភ្នំពេញ ៖ ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយសម្រាប់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបានបន្សល់ទុកសម្រាប់ កូនចៅជំនាន់ក្រោយ។ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំសម្រាប់រៀបចំប្រារព្ធ «ទិវាវប្បធម៌ជាតិ» នៃព្រះរាជាណាចក្រកម្ពុជា ដោយអនុក្រឹត្យលេខ០៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៦ ស្តីពីការបង្កើតទិវាវប្បធម៌ជាតិ។ ទន្ទឹមនឹងនេះ ទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃដើម្បីបំផុសនូវ មនសិការស្នេហាជាតិ ចូលរួមការពារ ថែរក្សា និងលើកស្ទួយមរតកវប្បធម៌ សិល្បៈ ទំនៀមទម្លាប់ ប្រពៃណី និង កេរដំណែលដូនតាជាច្រើនទៀត ដែលជាអត្តសញ្ញាណជាតិរបស់ប្រជាជនខ្មែរគ្រប់រូបនិងជាប្រភពមិន ចេះរីងស្ងួតក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។
ជានិច្ចកាល កិច្ចការការពារ អភិរក្ស និងលើកតម្លៃមរតកវប្បធម៌ជាតិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ និងចាត់ទុកជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដូចបានបញ្ជាក់ច្បាស់ក្នុងគោលនយោបាយ និង យុទ្ធសាស្ត្រនានារបស់ជាតិ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើនទៀត ជាពិសេសការផ្សព្វផ្សាយនិងលើកស្ទួយកិត្តិនាមរបស់កម្ពុជាឱ្យកាន់តែលេចធ្លោខ្ពស់ត្រដែតនៅលើឆាកអន្តរជាតិ ស្របតាមទិសស្លោក «កម្ពុជា: ព្រះរាជាណាចក្រនៃវប្បធម៌ » រួមទាំងការពង្រឹងអំណាចទន់របស់ជាតិ និងការកសាង ប្រព័ន្ធអេកូឡូស៊ីដ៏រស់រវើកនិងបរិយាបន្ន សំដៅរួមចំណែកកសាងកម្ពុជាជាអរិយប្រទេស។
ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ដល់ការការពារ ថែរក្សា និងលើកតម្លៃចំពោះវប្បធម៌អារ្យធម៌ជាតិ ដ៏ឧត្តុង្គឧត្តមនេះ ជាពិសេសស្ថិតក្នុងគ្រាដ៏លំបាកដែលប្រទេសជាតិយើងបានទទួលរងនូវសង្គ្រាមឈ្លានពានមក លើអធិបតេយ្យភាពនិងបូរណភាពទឹកដី ហើយសម្បត្តិបេតិកភណ្ឌវប្បធម៌មួយចំនួននៅតាមបណ្ដោយព្រំដែន កម្ពុជា ថៃ ត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ រាជរដ្ឋាភិបាលសម្រេចរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ដោយនៅតែបន្តរក្សាប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដើម្បីរំលេចអំពីកាតព្វកិច្ចចាំបាច់ របស់យុវជនបន្តវេន ក្នុងការការពារ អភិរក្ស និងអភិវឌ្ឍវប្បធម៌ ប្រកបដោយចីរភាពនិងបរិយាបន្ន ក្នុងគោលបំណង៖ – លើកកម្ពស់មនសិការស្នេហាជាតិ ភាពជាម្ចាស់នៃកេរដំណែលវប្បធម៌ និងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន សំដៅធានាបាននូវសុខដុមរមនា សង្គម សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពជាតិ ដើម្បីចូលរួមកសាងកម្ពុជាជាអរិយប្រទេស ៖
- បំផុសឱ្យប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសយុវជនចូលរួមជាកម្លាំងចលករ ក្នុងកិច្ចការពារ លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ រួមទាំងវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជាឱ្យបាន ស្ថិតស្ថេរគង់វង្សនិងរីកចម្រើន ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរ និង ជាតិពន្ធុ
- បង្កើនការយល់ដឹងអំពីតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែប ដែលជាប្រភពមិនចេះ រីងស្ងួតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព តាមរយៈការបង្កើតសវានិង ផលិតផល វប្បធម៌ថ្មីៗប្រកបដោយភាពច្នៃប្រតិដ្ឋ ក្នុងគោលដៅពាណិជ្ជកម្មនិងទេសចរណ៍ – លើកកម្ពស់ឧស្សាហកម្មវប្បធម៌និងច្នៃប្រតិដ្ឋនិងសហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងវិស័យសិល្បៈ វប្បធម៌ ដើម្បីរួមចំណែកដល់ការបង្កើតការងារឱ្យកាន់តែច្រើន សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ - បំផុសគំនិតផ្តួចផ្តើមថ្មីៗ ដែលមានលក្ខណៈច្នៃប្រតិដ្ឋនិងនវានុវត្តន៍ រួមទាំងការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល ដើម្បីបង្កើនភាពទាក់ទាញនិងផ្ដល់ភាពងាយស្រួលដល់ការទទួលសេវានិងការចូលរួម ក្នុងសកម្មភាពវប្បធម៌សម្រាប់សាធារណជនទូទៅ ជាពិសេស កុមារ យុវជន ស្ត្រី មនុស្សចាស់ និង ជនមានពិការភាព ក្រោមទិសស្លោក «សិល្បៈវប្បធម៌សម្រាប់យើងទាំងអស់គ្នា»
- លើកស្ទួយកិច្ចសហប្រតិបត្តិការវប្បធម៌ និងទំនាក់ទំនងប្រជាជននិងប្រជាជន សំដៅលើកកម្ពស់ ការយល់ដឹងនិងការគោរពគ្នាទៅវិញទៅមកនៅក្នុងសហគមន៍ និងរវាងប្រជាជាតិមួយនិងប្រជាជាតិ មួយ ដែលនាំមកនូវសាមគ្គីភាព មិត្តភាព សុខដុមរមនា និងសន្តិភាព។
ដើម្បីជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាជនកម្ពុជាបានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យ
នៃទិវាវប្បធម៌ជាតិ ក៏ដូចជាសារៈសំខាន់នៃការថែរក្សា ការពារ និងលើកតម្លៃមរតកវប្បធម៌ជាតិ រាជរដ្ឋាភិបាល សូមដាក់ចេញនូវវិធានការណែនាំសម្រាប់ការប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៨ ឆ្នាំ២០២៦ ដូចខាងក្រោម៖ ១- ពេលវេលាសម្រាប់ប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៨ គឺត្រូវបានកំណត់យកចន្លោះចាប់ពីថ្ងៃទី៣ ខែមីនា រហូតដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងន័យនេះ ក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិអាចរៀបចំកម្មវិធីនិងសកម្មភាពគាំទ្រនានា ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៨ ទាំងនៅទីតាំងផ្ទាល់និង/ឬនៅលើបណ្តាញសង្គម ទៅតាមពេលវេលាសមស្របណាមួយនៅក្នុងរយៈពេលដែលបានកំណត់នេះ និងតាមលទ្ធភាពជាក់ស្ដែង។
២- ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវរៀបចំឯកសារពាក់ព័ន្ធដើម្បីឃោសនាផ្សព្វផ្សាយអំពីទិវាវប្បធម៌ជាតិ ហើយក៏ត្រូវណែនាំដល់អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសំបូរព្រៃគុក គ្រប់មន្ទីរ វប្បធម៌និងវិចិត្រសិល្បៈរាជធានី ខេត្តឱ្យរៀបចំផ្សព្វផ្សាយសមិទ្ធផលការងារសំខាន់ៗពាក់ព័ន្ធនឹង ការអភិរក្ស ការលើកស្ទួយ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក និងរមណីយដ្ឋានវប្បធម៌នានា រួមទាំងកម្មវិធីផ្សេងៗទៀត ដើម្បីអបអរទិវាវប្បធម៌ជាតិ នៅមូលដ្ឋាន របស់ខ្លួន។ ទន្ទឹមគ្នានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវសហការជាមួយបណ្តាក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការ សមាគម សហគមន៍ និងវិស័យឯកជនដែលកំពុង ប្រតិបត្តិការនៅក្នុងវិស័យវប្បធម៌ ដើម្បីរួមគ្នាធ្វើការផ្សព្វផ្សាយវប្បធម៌ជាតិឱ្យបានទូលំទូលាយនៅ ក្នុងរយៈពេលនេះផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី







