ខេត្តមណ្ឌលគិរី ៖ កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខេត្តមណ្ឌលគិរី សហការជាមួយ សមត្ថកិច្ចនគរបាលស្រុក កែវ សីមា និង ក្រុងសែនមនោរម្យ កាលពីថ្ងៃទី ១៧ ខែ កុម្ភៈឆ្នាំ ២០២២ បានបង្ក្រាបករណីប្រើប្រាស់ និង ជួញដូរគ្រឿងញៀន ចំនួន ២ ទីតាំង និង ឃាត់ខ្លួន បានជនសង្ស័យសរុបចំនួន ១០ នាក់ ជាប់ពាក់ព័ន្ធ បទល្មើសរក្សាទុក ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចទឹកខួប ក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា និងនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ក្នុងនោះ ករណីទី១ ការចុះបង្រ្កាប និង ឃាត់ខ្លួនបានជនសង្ស័យ៩ នាក់ ស្ថិតនៅចំណុចទឹកខួប ក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងដកហូតបានវត្ថុតាងមួយចំនួនរួមមាន៖ – គ្រឿងញៀន ប្រភេទម៉ាទឹកកក ១៥កញ្ចប់ – សម្រាប់វេចខ្ចប់មួយចំនួន, ម៉ូតូចំនួន ៤គ្រឿង , លោហៈពណ៌លឿងខ្សែកចំនួន ២ខ្សែរ, បន្តោងចំនួន១, លោហៈធាតុពណ៌លឿងដៃចំនួន ១ខ្សែ, លោហៈធាតុពណ៌លឿង ជញ្ជៀនចំនួន ១វង់ ត្បូង១, ទូរស័ព្ទដៃចំនួន ១១គ្រឿង, ប្រាក់រៀលចំនួន ២៤៩០០រៀល, រថយន្តចំនួន ២គ្រឿង, កាំភ្លើងកែច្នៃចំនួន១, ដើមកាំបិតស្នៀតចំនួន ១ដើម, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ២គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ១សន្លឹក, កាបូបដៃយួរពណ៌ខ្មៅចំនួន១។

ករណីទី២ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុចខាងមុខបន្ទប់ជួលរបស់ លោក ស៊ីនឿន ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និង ដកហូតបានវត្ថុតាងរួមមាន ៖ គ្រឿងញៀនចំនួន ១២កញ្ចប់ , ម៉ូតូកង់បី ១គ្រឿង, ប្រអប់ដាក់ថ្នាំញៀនពណ៌សថ្លាចំនួន១, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១សន្លឹក កាបូបដៃពណ៌ខ្មៅចំនួន១, សម្ភារ និងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន។ សរុបគ្រឿងញៀនទាំងអស់ មានចំនួន ២៧កញ្ចប់ (១២កញ្ចប់ធំល្មម ១៥កញ្ចប់តូច) ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅឯ ស្នងការដ្ឋានគរបាលខេត្ត និង កំពុងតែកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនពួកគេ ទៅកាន់សាលាដំបូងខេត្តមណ្ឌលគីរី ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

