ក្រចេះ ÷ មានរថយន្តសាំយ៉ុងជាច្រើនគ្រឿង បានសម្រុកដឹកជញ្ជូនផលអនុផលព្រៃឈើ ពីស្រុកកែវសីមា ខេត្តមណ្ឌលគិរី តាមបណ្ដោយផ្លូវជាតិលេខ ៧A ឆ្លងកាត់ ស្រុកស្នួល ខេត្តក្រចេះ បន្តទៅដោយរលូនទៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងព្រៃវែង។
សកម្មភាពនោះ ត្រូវគេលើកឡើងថា សមត្ថកិច្ចពាក់ព័ន្ធរួមទាំងមន្ត្រីជំនាញ តាំងពីថ្នាក់ក្រោមដល់លើ នៅតាមដងផ្លូវ អាចនឹងទទួលផលប្រយោជន៍ ពីបទល្មើសជាថ្នូរ នឹងការមិនបង្ក្រាប។

ប្រភពរាយការណ៍បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានរថយន្តដឹកឈើទាំងយប់ទាំងថ្ងៃ ហាក់បីដូចជាមិនខ្លាចសមត្ថកិច្ច ដែលមានស្នាក់ការ នៅតាមដងផ្លូវទាល់តែសោះ។
ទីរួមស្រុកស្នួលខេត្តក្រចេះ គឺជាច្រកឆ្លងកាត់បទល្មើស ដឹកជញ្ជូនឈើ ពិសេសនៅពេលយប់ ពីស្រុកកែវសីមា និងពីខេត្តស្ទឹងត្រែង។ រថយន្តដឹកឈើទាំងអស់នោះ ត្រូវបានដឹកជញ្ជូនគ្រប់ប្រភេទមានឈើលេខ២ និងឈើប្រណិត គឺត្រូវឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះទៅព្រំដែនប្រទេសវៀតណាម និងឈើលេខ២ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ។

គណៈកម្មការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ខេត្ត ហាក់បីដូចជាមិនមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើស ដឹកជញ្ជូនផលអនុផលព្រៃឈើ ដែលកំពុងកើតមានទាំងយប់ទាំងថ្ងៃ ឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី










