មនុស្សយ៉ាងហោចណាស់ចំនួន ៨នាក់បានស្លាប់ និង ១១នាក់ទៀតរងរបួស នៅក្នុងការវាយប្រហារភេរវកម្មក្នុងទីក្រុងញ៉ូវញ៉ក ក្រោយពេលអ្នកបើកឡានម្នាក់បានបើកកាត់ហ្វូងមនុស្ស ស្ថិតនៅតំបន់ Lower Manhattan។ នេះបើតាមការចេញផ្សាយរបស់ BBC នៅព្រឹកថ្ងៃពុធនេះ។
ក្រោយពេលបើកបុកហ្វូងមនុស្សរួច ជនសង្ស័យបានចេញពីឡានដឹកទំនិញព៌ណសមួយគ្រឿង ប៉ុន្តែត្រូវបានប៉ូលីសបាញ់ឲ្យរបួស និងត្រូវបានចាប់ខ្លួន។ មន្ត្រីអាមេរិច បាននិយាយថាវាគឺជាការវាយប្រហារភេរវកម្ម។
បើតាមប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះថា Sayfullo Saipov អាយុ ២៩ឆ្នាំ។ ជននោះគឺជាជនអន្តោប្រវេសន៍ដែលមករស់នៅអាមេរិចក្នុងឆ្នាំ ២០១០។
ប៉ូលីសបានស្វែងរកឃើញលិខិតមួយនៅក្នុងឡានជនសង្ស័យ ដែលសំដៅទៅដល់ក្រុមរដ្ឋអ៊ីស្លាម។
អភិបាលក្រុងញ៉ូវញ៉ក Bill de Blasio បាននិយាយថាវាគឺជាសកម្មភាពភេរវកម្មដ៍កំសាកបំផុតដែលសំដៅទៅរកជនស៊ីវិលគ្មានកំហុស។
ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បានសម្តែងការរំលែកទុក្ខទៅដល់ជនរងគ្រោះ និងក្រុមគ្រួសាររសប់ពួកគេ ដែលប៉ះពាល់ដោយការវាយប្រហារភេរវកម្មនោះ៕ ដោយ ៖ សុភ័ក្ត្រ