បាត់ដំបង៖ សម្ដេចក្រឡាហោម ប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង ក៏បានផ្ដល់អនុសាសន៍ ជំរុញការដោះស្រាយទំនាស់ដីធ្លី ប្រកបដោយតម្លាភាព និងយុត្តធម៌ ។
នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងសន្និបាត បូកសរុបសកម្មភាពការងារប្រចាំឆ្នាំ២០២១ និងលទ្ធផលអនុវត្តផែនការរួមឆ្ពោះទៅ កាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានសម្ដែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំនិងសមាជិក សមាជិការគណបក្សគ្រប់ជាន់ថ្នាក់ និងគ្រប់ផ្នែក ដែលបានខិតខំជំរុញការបំពេញភារកិច្ចបំរើជាតិ និងប្រជាជននៅតាមមូលដ្ឋាន ព្រមទាំងការបំពេញភារកិច្ចសំខាន់ៗ ជាច្រើនទៀតជូនគណបក្ស ក្នុងដំណើរឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ។
សម្ដេចក្រឡាហោម ក៏បានជំរុញឱ្យថ្នាក់ដឹកនាំ និងសមាជិកសមាជិការគណបក្សដែល ស្ថិតក្នុងមុខតំណែងសាធារណៈផ្សេងៗ នៅតាមមូលដ្ឋានខេត្តបាត់ដំបង សូមបន្តខិតខំបំពេញភារកិច្ចបំរើប្រជាពលរដ្ឋឱ្យបានល្អ រួមគ្នាដោះស្រាយភាពអសកម្មទាំងឡាយដែលប៉ះពាល់ ដល់ប្រយោជន៍ជាតិ និងប្រជាជន ក្នុងនោះរាប់ទាំងការដោះស្រាយ បញ្ហារំលោភដីព្រៃលិចទឹកជាប់ បឹងទន្លេសាប ចាប់ពីស្រុកមោងឬស្សី ស្រុកសង្កែរ ស្រុកឯកភ្នំ និងស្រុកថ្មគោល។ សម្ដេចបានណែនាំឱ្យផ្ដល់ព័ត៌មាន ជូនសម្ដេចអំពីបញ្ហានេះ ដើម្បីចូលរួមចំណែកជំរុញ ការដោះស្រាយទៅតាមយន្តការដែលអាចធ្វើទៅបាន។

នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានផ្ដល់ឱកាសជូនអង្គសន្និបាតឡើងថ្លែង បញ្ចេញមតិយោបល់អំពីប្រធានបទផ្សេងៗ ពាក់ព័ន្ធនឹងកិច្ចការបំរើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន រួមទាំងកិច្ចការផ្សេងៗរបស់គណបក្ស។ តាមរយៈការស្ដាប់មតិយោបល់ទាំងនោះ សម្ដេចបានលើកទឹកចិត្តឱ្យតួអង្គគណបក្ស នៅតាមមូលដ្ឋានដែលកាន់មុខតំណែងនានា បន្តការខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ដើម្បីរួមចំណែកប្រមូលកម្លាំង គាំទ្រជូនគណបក្ស។ ភ្ជាប់នឹងការងារនេះ សម្ដេចក្រឡាហោម ក៏បានជំរុញឱ្យខិតខំបំរើសេវាសាធារណៈជូន ប្រជាពលរដ្ឋបានល្អប្រសើរ ពិសេសក្រុមប្រឹក្សាឃុំសង្កាត់ ស្មៀនឃុំសង្កាត់ ប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងមេភូមិ។
ក្នុងកិច្ចពិភាក្សាជាមួយអង្គសន្និបាតនោះដែរ សម្ដេចក្រឡាហោមប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង ក៏បានផ្ដល់អនុសាសន៍ជំរុញការដោះស្រាយទំនាស់ដីធ្លីប្រកបដោយតម្លាភាព និងយុត្តធម៌ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី







