ការចុះរឹតបន្តឹងអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសារធាណៈនៅក្នុងរាជធានីភ្នំពេញ របស់កម្លាំងនគរបាលការិយាល័យសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅលើរថយន្តដែលឈប់ចតគ្មានសណ្តាប់ធ្នាប់ ដើម្បីនាំមកនូវសណ្តាប់ធ្នាប់ សុវត្ថិភាព របៀបរៀបរយកាន់តែល្អ ឃើញថាពិតជាមានការសាទរពីប្រជាពលរដ្ឋជាច្រើន។
តែទន្ទឹមនឹងនេះផងដែរ ក៏មានប្រជាពលរដ្ឋសម្តែងការរិះគន់ថា ការអនុវត្តរបស់កម្លាំងនគរបាលការិយាល័យសណ្តាប់ធ្នាប់ខាងលើ គឺពេលខ្លះធ្វើដ៏ជ្រុលហួស ដោយគ្មានការយោគយល់ ស្គាល់ពីកាលៈទេសៈនៃការចតរបស់ប្រជាពលរដ្ឋឡើយ ព្រោះថា ពេលខ្លះប្រជាពលរដ្ឋគ្រាន់តែចតមួយភ្លែតប៉ុណ្ណោះ ដើម្បីចូលទិញរបស់របរតាមហាងនានា ដោយមិនមកចតនៅទីកន្លែងហ្នឹងលក្ខណៈប្រចាំថ្ងៃ ឬពេញមួយថ្ងៃ ឯណា។
ជាក់ស្តែង កាលពីម្សិលមិញនេះ មានកម្លាំងផ្នែកចរាចរណ៍ផ្លូវគោកមួយក្រុម បានចុះអនុវត្តកិច្ចការងារនេះទាំងឥតអៀនខ្មាស ដោយមកឈប់ឡានស្ទួចកាក់មុខក្រោយ គំរាមស្ទួចរថយន្តស្រ្តីជាពលរដ្ឋម្នាក់ ដែលគាត់គ្រាន់តែឈប់ចតរថយន្តតែមួយភ្លែត ចូលទិញខ្សែសាកទូរស័ព្ទ ស្ថិតនៅតាមបណ្តោយផ្លូវម្តុំគិរីរម្យ កាលពីវេលាអំឡុងម៉ោង១១ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។ អ្វីដែលគួរឲ្យហួសចិត្តបំផុតនោះ គឺក្រុមសមត្ថកិច្ចទាំងនោះនិយាយគំរាមបែបនេះថា បើមិនចង់វែងឆ្ងាយ ឲ្យ ១០ ម៉ឺនមក។
ត្រង់ចំណុចនេះ សបញ្ជាក់ឲ្យឃើញថា ក្រុមសមត្ថកិច្ចទាំងនេះបានកំពុងបានដៃឆក់ឱកាសអនុវត្តលក្ខណៈដើរគំរាមយកលុយពីប្រជាពលរដ្ឋ ដែលចតរថយន្តតាមចិញ្ចើមផ្លូវមិនថាចតមួយភ្លែត ឬយូរយ៉ាងណា ព្រោះតែដើម្បីបានលុយដាក់ហោប៉ៅក្រុមខ្លួនប៉ុណ្ណោះ ដោយមិនខ្វល់ពីលុយចូលអង្គភាពឡើយ។ ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្នសម្រាប់ការចត និងក៏សូមឲ្យមេៗថ្នាក់លើបានដឹងថា កូនចៅរបស់ខ្លួនកំពុងដើរគំរាមយកលុយអ្នកចតឡានដាក់ក្នុងហៅប៉ៅពួកគេផង ព្រោះក្រុមសមត្ថកិច្ចទាំងនេះ បានគំរាមថា ប្រសិនទៅដល់មេគឺអស់ច្រើន អុីចឹងសម្រួលត្រឹមនេះ អស់ ១០ ម៉ឺនជាស្រេច។
បន្ថែមលើនេះ បើតាមស្ត្រីជាម្ចាស់រថយន្ត បានប្រាប់ឲ្យដឹងថា ត្រឹមចតរថយន្តប៉ុណ្ណឹងសោះ តែសមត្ថកិច្ចទាំងនេះ បានប្រើប្រាស់ពាក្យសម្តី និងកាយវិការដ៏មិនសមរម្យ សម្លុតគំរាមទៅលើគាត់ជាស្រ្តីទន់ខ្សោយ ហាក់ដូចជាមានទោសធ្ងន់ធ្ងរខ្លាំងណាស់អុីចឹង ព្រោះតែដើម្បីលុយ ខណៈការិយាល័យសណ្តាប់ធ្នាប់ ទូរស័ព្ទទៅពុំមានការឆ្លើយតបនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









