ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់នីតិសម្បទាឡើងវិញ ដល់មន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សគណបក្សសង្គ្រោះជាតិ ចំនួន ៣រូប មានដូចជាៈ លោក ចាន់ ចេង លោកកែត ឃី និងលោកស្រី ពត ពៅ។

មនុស្សទាំង ៣រូបនេះ ទទួលបាននីតិសម្បទាឡើងវិញ តាមព្រះរាជក្រឹត្យចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។ នេះបើយោងតាមព្រះរាជក្រឹត្យដែល CEN ទទួលបាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានប្រាប់ CEN ថា គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ មន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន ៣២រូបហើយ ដែលទទួលបាននីតិសម្បទា នយោបាយវិញ ដោយសារត្រូវបានហាមឃាត់ មិនឲ្យធ្វើសកម្មភាពនយោបាយ សម្រាប់រយៈពេល ៥ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ដោយក្នុងចំណោម ៣២រូបនោះ មានអ្នកខ្លះ បានបង្កើតគណបក្សនយោបាយដោយខ្លួនឯង និងខ្លះបានចូលរួមធ្វើនយោបាយ ជាមួយគណបក្សដែលបង្កើតថ្មី។

មន្ត្រីដដែលបានបន្តថា ចំណែកបុគ្គលចំនួន ៤រូប ដែលមិនត្រូវបានអនុញ្ញាត ផ្តល់នីតិសម្បទាឡើងវិញមានដូចជា លោក ញឹម គឹមញ៉ុល លោក ជូង ជូងី លោក ជា ជីវ លោកស្រី អ៊ុង សុវណ្ណា។
មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ទាំង៤រូបនេះ គឺមិនត្រូវបានអនុញ្ញាត ផ្តល់សិទ្ធិនយោបាយឡើងវិញ ដោយសារធ្វើសកម្មភាពបំពាន នឹងសាលដីការបស់តុលាការ។
ដោយសារបុគ្គលទាំងនេះ នាពេលកន្លងមក ស្ថិតនៅក្នុងរយៈពេល នៃការហាមឃាត់ មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ ឆ្នាំ បានប្រព្រឹត្តសកម្មភាពបំពានយ៉ាងធ្ងន់ធ្ងរទៅ នឹងសាលដីការបស់តុលាការកំពូល ដែលនឹងត្រូវផ្តន្ទាទោសនៅពេលខាងមុខ ។

មន្ត្រីជាន់ខ្ពស់អតីត នៃអតីតគណបក្សសង្គ្រោះជាតិ បានប្រាប់ថា នៅមានមន្ត្រីជាន់ខ្ពស់មួយចំនួន នឹងដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើវិញ ទៅក្រសួងមហាផ្ទៃក្នុងពេលឆាប់ៗនេះ ដោយពួកគេមិនរង់ចាំខ្មោចគណបក្សសង្គ្រោះជាតិ រស់ឡើងវិញនោះទេ។ ហើយពួកគេក៏អស់ជំនឿ លែងជឿទុកចិត្តលើទណ្ឌិត សម រង្ស៊ី ទៀតហើយ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ


