Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី អញ្ជើញមកបំពេញទស្សនកិច្ច ផ្លូវការនៅកម្ពុជា ពីថ្ងៃទី២៣-២៤ ខែកុម្ភៈ

spot_img

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ដាតុ ស៊្រី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្តម ដាតុ ស៊្រី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នឹងអញ្ជើញចូលថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានិង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ឯកឧត្តម ដាតុ ស៊្រី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នឹងមានជំនួបពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន វិស័យពាណិជ្ជកម្មនិងការវិនិយោគ សេដ្ឋកិច្ច-សង្គម ការពារជាតិនិងសន្តិសុខ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ នាយករដ្ឋមន្រ្តីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ផងដែរ។ នៅចុងបញ្ចប់នៃជំនួប នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើសន្និសីទកាសែតរួមគ្នា។

ឯកឧត្តម ដាតុ ស៊្រី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប ក៏នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

ខណៈឆ្នាំ២០២២ ជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ដាតុ ស៊្រី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នឹងក្លាយជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់រវាងកម្ពុជា និងម៉ាឡេស៊ី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×